ករណី​​អ្ន​ក​​ឆ្លង​​ជំងឺកូវីដ-១៩ ប្រចាំថ្ងៃ​មាន​​ច្រើន​​ជាង​​តួលេខ​ដែល​​ក្រសួង​​សុខាភិបាល​​ផ្សព្វផ្សាយ​

0:00 / 0:00

ករណី​អ្នក​ឆ្លងជំងឺកូវីដ-១៩​ ប្រចាំថ្ងៃ​នៅ​ទូទាំង​ប្រទេស​ មាន​ច្រើន​ជាង​តួលេខ​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ ជាក់​ស្ដែង កាលពី​ថ្ងៃទី ១៨ ខែសីហា ក្រសួង​សុខាភិបាល​ប្រកាស​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួនតែ​ ៥៣៣ នាក់​ប៉ុណ្ណោះ​ ដែល​ក្នុងនោះ​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស​មាន ១៤៥ នាក់។ ប៉ុន្តែ​នៅ​ក្នុង​ថ្ងៃ​នោះ គ្រាន់​តែ​តួលេខ​អ្នក​ឆ្លងថ្មី​នៅ​ខេត្តបន្ទាយមានជ័យ មាន​រហូត​ដល់​ទៅ ៦៨៩ នាក់​ទៅ​ហើយ។ ក្នុង​នោះ​មនុស្ស​ជាង ៦០០ នាក់ ( ៦០១ នាក់) ឯណោះ ដែល​ស្នាក់​នៅ​មណ្ឌល​ជីវិតថ្មីភ្នំបាក់​ កន្លែង​បន្សាប​គ្រឿង​ញៀន នៅ​ក្នុង​ខេត្តនេះ​ មាន​ផ្ទុក​ជំងឺកូវីដ-១៩ ក្នុង​មួយ​ថ្ងៃទី១៨ ខែសីហា នោះ។

ចាប់តាំង​ពី​ថ្ងៃទី២ ខែសីហា ក្រសួង​សុខាភិបាល ប្រកាស​តួលេខ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ​នៅ​ទូទាំង​ប្រទេស ទាំង​ឆ្លង​ក្នុង​សហគមន៍ និង​ករណីនាំចូល​នៅ​ក្រោម ៦០០ នាក់​ជា​រៀង​រាល់​ថ្ងៃ។ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ គ្រាន់​តែ​តួលេខ​អ្នក​ឆ្លង​នៅខេត្តបន្ទាយជ័យ មាន​ថ្ងៃខ្លះ រដ្ឋបាលខេត្តនេះ ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួនថា មាន​រហូត​ដល់​ជិត​ ៧០០​នាក់។

វិទ្យុ​អាស៊ីសេរីមិន​អាច​សុំការ​បំភ្លឺ​ជុំវិញ​រឿង​ពី​អ្នកនាំ​ពាក្យក្រសួង​សុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន បាន​ទេដោយ​សារ​អ្នកស្រី​មិន​ឆ្លើយ​ទូរស័ព្ទ។

ទោះជា​យ៉ាង​នេះ​ក្ដីក្រសួង​សុខាភិបាល​តាំងពី​ដើមខែឧសភា លែង​ផ្សាយ​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះ​ទៅ​តាម​ខេត្តក្រុង​នីមួយៗ​ដូច​មុនដោយ​ផ្សាយ​តែ​តួលេខ​សរុប និង​សង្ខេប​នៅ​ទូទាំង​ប្រទេស​តែ​ប៉ុណ្ណោះ។ប៉ុន្តែក្នុង​ពេលជា​មួយ​គ្នា​នេះ រដ្ឋបាលខេត្ត​ក្រុង​នីមួយៗផ្សា​យ​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ប្រចាំ​ខេត្តនៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។ប៉ុន្តែខេត្តក្រុង​មួយ​ចំនួនដូចជា​រដ្ឋបាល​ក្រុង​ភ្នំពេញ​ដែល​មាន​តួលេខ​អ្នក​ឆ្លង​ច្រើន​ប្រចាំថ្ងៃ​ដែរ​នោះបាន​ផ្អាក​ផ្សាយ​ទៅ​វិញ។

រដ្ឋបាល​កុ្រង​ភ្នំពេញដែល​ធ្លាប់​ផ្សាយ​តួលេខ​អ្នក​ឆ្លង​ជំងឺ​នេះប្រចាំថ្ងៃ​ដោយ​ផ្សាយ​ទាំង​អត្តសញ្ញាណ​របស់​អ្នក​ជំងឺដែល​ផ្ទុយ​ក្រម​សីលធម៌​ក្នុងការ​ផ្សព្វផ្សាយនិង​បំពាន​សិទ្ធ​ឯកជន​របស់​អ្នក​ជំងឺ​ផង​នោះតាំង​ពី​ចុង​ខែមិថុនា លែង​ផ្សាយ​ចំនួន​អ្នក​ឆ្លង​ថ្មីតទៅ​ទៀត ដោយ​មិន​បញ្ជាក់​មូលហេតុ។

គិត​មក​ត្រឹម​ថ្ងៃទី​២២ ខែសីហា​ ម្សិលមិញ អ្នក​​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩ កើន​ឡើង​ដល់​ជិត ១ពាន់៨រយនាក់ (១.៧៩២) ​ហើយ ​បន្ទាប់​ពី​អ្នកជំងឺ​១៤នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញមាន​ជិត ៥រយ​នាក់ (៤៩៦) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជិត ២រយ​នាក់ (១៧៦) ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។​

ជាមួយគ្នានេះ​ ក្រសួងសុខាភិបាល ​ឱ្យ​ដឹង​ថា​ គិត​ចាប់​ពី​ថ្ងៃទី៣១ ​ខែ​មីនា​ រហូត​ដល់ថ្ងៃទី​ ២១សីហា ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ​ប្រភេទឌែល​តា (Delta)​ជិត១ពាន់​នាក់(៩៩៩)​ ដោយ​ក្នុង​នោះ​ មួយ​ចំនួន​ជា​ពលករ​ត្រឡប់​ពី​ប្រទេស​ថៃ ​និង​វៀត​ណាម អ្នក​ដំណើរ​តាម​យន្តហោះ ​មន្ត្រី​រាជការ​ យោធា​ ពិរុទ្ធជន ​អ្នកបកប្រែភាសា ​ជន​ជាតិ​បរទេស ​បុគ្គលិករោង​ចក្រកាត់ដេរ ​បុគ្គលិកធនាគារ ​និង​ពល​រដ្ឋ​ក្នុង​សហគមន៍។ មេរោគ​បំប្លែង​ថ្មីនេះបាន​រាតត្បាត​ចូល​ដល់​ខេត្តក្រុង២៣ លើក​លែង​តែ​ខេត្តកែប និង​ខេត្តក្រចេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។