ដំបូន្មាន​របស់​អ្នក​ជំនាញ​ខាង​បង្ការ​ជំងឺឆ្លង​ជុំវិញ​ការយល់​ខុស​មួយ​ចំនួន​អំពី​ជំងឺ​កូវីដ-១៩

ចាប់​តាំង​ពី​មាន​ការ​ផ្ទុះឡើង​ការ​រាតត្បាត​ជា​សាកល​នៃ​មេរោគ SARS-CoV-2 ដែល​បង្ក​ឱ្យ​កើត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ-១៩ មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ឬ​ព័ត៌មាន​បំពុល​ជាច្រើន​តាម​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ​។ ភាគច្រើន​នៃ​ព័ត៌មាន​ទាំងនោះ ផ្សព្វផ្សាយ​ថា មាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​នេះ មនុស្ស​ជា​អ្នកបង្កើត​ជំងឺ​នេះ​ឡើង​ដោយ​ចេតនា ការ​ពាក់​ម៉ាស់​អាច​ជួយ​ការពារ​ពី​ការ​ឆ្លង​ជំងឺ នេះ​បាន ឬក៏​ថា​ការទិញ​ផលិតផល​ដឹក​មកពី​ប្រទេស​ចិន​អាច​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​នេះ​បាន​ជាដើម។

តើ​វេជ្ជបណ្ឌិត និង​ជា​អ្នក​ជំនាញ​ផ្នែក​បង្ការ​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ Johns Hopkins University របស់​សហរដ្ឋអាមេរិក បកស្រាយ​យ៉ាង​ដូចម្តេច​ដែរ​ចំពោះ​រឿងរ៉ាវ​អស់ទាំង​នេះ?

នាយិកា​ជាន់ខ្ពស់​ផ្នែក​បង្ការ​ជំងឺឆ្លង និង​ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ Johns Hopkins University របស់​សហរដ្ឋអាមេរិក អ្នកស្រី​វេជ្ជបណ្ឌិត លីសា ម៉ារ៉ាហ្គាគីស (Lisa Maragakis) ពន្យល់​តាមរយៈ​អត្ថបទ​មួយ​របស់​អ្នកស្រី​ចុះផ្សាយ​នៅ​លើ​គេហទំព័រ Hopkinsmedicine របស់​សាកលវិទ្យាល័យ​នេះ​ថា ព័ត៌មាន​ទាំងអស់​នេះ ជា​ព័ត៌មាន​មិន​ពិត នោះ​ទេ។

អ្នកស្រី​បញ្ជាក់​ថា គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ព្យាបាល​ជំងឺ​កូវីដ-១៩​នេះ​នៅ​ឡើយ​ទេ​។ អ្នកស្រី​ពន្យល់​ថា ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ចាប់ផ្ដើម បង្កើត​វ៉ាក់សាំង​មួយ​ប្រភេទ ក៏ប៉ុន្តែ​ការ​បង្កើត​វ៉ាក់សាំង​ដែល​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​យក​ទៅ ព្យាបាល​មនុស្ស ត្រូវការ​ពេលវេលា​ដល់​ទៅ​រាប់​សិប​ខែ។

វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ការ​ប្រើ​វិធីសាស្ត្រ​ដូចជា ការ​លេប ឬ​ខ្ពល់​មាត់ ដោយ​ប្រើ​សារធាតុ bleach សារធាតុ​អាស៊ីត​អាសេទិច សារធាតុ steroids ទឹក​អំបិល អេតាណុល ឬ​សារធាតុ​ដទៃ​ទៀត​នោះ មិន​អាច​ជួយ​បង្ការ ឬ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ នេះ​បាន​ឡើយ​។ អ្នកស្រី​ពន្យល់​ថា ការ​ធ្វើ​ដូច្នេះ ក៏​អាច​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ផង​ដែរ​។ វេជ្ជបណ្ឌិត​រូប​នេះ ណែនាំ​ថា ដើម្បី​ការពារ​ពី​ការ​ឆ្លង​មេរោគ គេ​ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​ក្ដៅ​ឱ្យ​បាន​ស្អាត ជា​ញឹកញ៉ក់ ហើយ​ត្រូវ​ជៀសវាង​ប៉ះពាល់​មនុស្ស​ដែល​មាន​ជំងឺ មនុស្ស​ដែល​ក្អក ឬ​កណ្ដាស់ ជាដើម​។ អ្នកស្រី​ណែនាំ​បន្ត​ថា លើស​ពី​នេះ​ទៀត មនុស្ស​ទូទៅ អាច​ជៀសវាង​ការ​ចម្លង មេរោគ​ពី​ខ្លួនឯង​ទៅ​អ្នកដទៃ ដោយ​យក​កែងដៃ​ខ្ទប់​មាត់​ពេល​ក្អក ហើយ​ស្នាក់នៅ​ក្នុង​ផ្ទះ ពេល​មាន​ជំងឺ។

ដោយឡែក ជុំវិញ​ការ​លើកឡើង​ដែល​ថា មនុស្ស​ជា​អ្នកបង្កើត​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ដោយ​ចេតនា វេជ្ជបណ្ឌិត​ប្រចាំ​សាកលវិទ្យាល័យ Johns Hopkins University រូប​នេះ បញ្ជាក់ថា នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ​។ អ្នកស្រី​ពន្យល់​ថា មេរោគ​អាច​ប្រែប្រួល និង​វិវឌ្ឍ​ទៅតាម​ពេលវេលា​។ ហើយ​ជារឿយៗ ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ តែង​កើតមានឡើង នៅ​ពេល​ដែល​មេរោគ​កើតមាន​ទូទៅ​នៅ​លើ​សត្វ ដូចជា​សត្វ​ជ្រូក សត្វ​ប្រជៀវ ជាដើម​នោះ បាន​ប្រែប្រួល ហើយ​ចម្លង​បន្ត​ដល់​មនុស្ស​។ អ្នកស្រី​ថា មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ទំនងជា​អាច​ឆ្លង​ពី​ប្រភព​ចេញពី​សត្វ។

ចំពោះ​សំណួរ​ថា តើ​ការ​ពាក់​ម៉ាស់​អាច​ជួយ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​-១៩​ដែរ​ឬទេ​នោះ អ្នកស្រី​វេជ្ជបណ្ឌិត លីសា ម៉ារ៉ាហ្គាគីស ពន្យល់​ថា ប្រភេទ​ម៉ាស់​ជាក់លាក់​មួយចំនួន មាន​ដូចជា​ម៉ាស់​វេជ្ជសាស្ត្រ​បិទ​តឹង​ជិត​ដែល​មាន​សន្ទះ​ការពារ​ធាតុ​ល្អិត ម៉ាក N95 អាច​ជួយ​ការពារ​បុគ្គលិក​សុខាភិបាល នៅ​ពេល​ពួកគេ​មើល​ថែទាំ​អ្នកជំងឺ ដែល​ឆ្លង​ជំងឺ​នេះ​។ ក៏ប៉ុន្តែ អ្នកស្រី​ពន្យល់​ថា សម្រាប់​មនុស្ស​ទូទៅ​ដែល​ពុំ​កើត​ជំងឺ​ផ្លូវ​ដង្ហើម គ្មាន​ការណែនាំ​ណាមួយ ឱ្យ​ពួកគេ​ពាក់​ម៉ាស់​សម្រាប់​ពេទ្យវះកាត់ ឬ​ម៉ាស់​ស្តើងៗ ដែល​គេ​ប្រើ​ម្តង​រួចហើយ​បោះចោល​នោះ​ឡើយ​។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា ដោយសារតែ​ម៉ាស់​ប្រភេទ​នេះ មិនបាន​បិទ​ជិត​តឹង​ណែន​ល្អ ដូច្នេះ​ហើយ​វា​អាច​ឱ្យ​ដំណក់​ទឹកតូចៗ ដែល​ខ្ទាត​ចេញពី​ប្រភព ផ្សេងៗ​ពី​ខាងក្រៅ ជ្រៀតចូល​ទៅ​ក្នុង​ច្រមុះ មាត់ និង​ភ្នែក​បាន​។ ម្យ៉ាងវិញទៀត អ្នកស្រី​បន្ត​ថា មនុស្ស​ដែល​មាន​ដៃ​ប្រឡាក់​មេរោគ ហើយ​យកដៃ​ប្រឡាក់​នោះ ទៅ​ប៉ះ​ផ្ទាល់​នៅ​លើ​មុខ​របស់​ពួកគេ​ដែល​មាន​ពាក់​ម៉ាស់​ស្តើងៗ ក៏​អាច​ឆ្លង​មេរោគ​នោះ បាន​ដែរ​។ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា មនុស្ស​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម អាច​ពាក់​ម៉ាស់ ទាំងនេះ​បាន ដើម្បី​កាត់​បន្ថយ​ឱកាស​នៃ​ការ​ចម្លង​មេរោគ​ទៅ​ឱ្យ​មនុស្ស​ដទៃ​ទៀត​។ អ្នកស្រី​ស្នើ​ឱ្យ​មនុស្ស​ទូទៅ​ដែល​មិន​មាន​ជំងឺ មិន​គួរ​នាំគ្នា​ពាក់​ម៉ាស់ ឬ​ស្តុក​ម៉ាស់​ទុក​នោះ​ទេ ព្រោះ​ការ​ធ្វើ​ដូច្នេះ នឹង​ធ្វើ​ឱ្យ​ខ្វះ​ម៉ាស់ សម្រាប់​អ្នកជំងឺ និង​បុគ្គលិក​សុខាភិបាល ដែល​ពួកគេ​ត្រូវការ​ប្រើប្រាស់​វា​ជា​ចាំបាច់​នោះ។

ជា​ចុងក្រោយ ជុំវិញ​ការ​លើកឡើង​ថា ការ​បញ្ជាទិញ​ផលិតផល​ដឹក​មកពី​ប្រទេស​ចិន អាច​បណ្ដាល​ឱ្យ​ឆ្លង​ជំងឺ​កូវីដ-១៩​នេះ វេជ្ជបណ្ឌិត​រូប​នេះ​ពន្យល់​ថា នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ​។ អ្នកស្រី​ថា ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បច្ចុប្បន្ន​កំពុង​សិក្សា​ស្រាវជ្រាវ អំពី​មេរោគ​កូរ៉ូណា ប្រភេទ​ថ្មី​នេះ ដើម្បី​ស្វែងយល់​បន្ថែម ថា​តើ​មេរោគ​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន ដោយ​របៀប​ណា​។ អ្នកស្រី​ពន្យល់​ថា គិត​ត្រឹម​ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ត្រ កត់សម្គាល់​ថា មេរោគ​ភាគច្រើន​ដូចជា​មេរោគ​នេះ មិន​អាច​សម្ងំ​រស់នៅ​បាន​យូរ​នៅ​ខាងក្រៅ​នៅ​លើ​ផ្ទៃ​នានា បាន​ឡើយ​។ ដូច្នេះ​ហើយ អ្នកស្រី​ថា ជំងឺ​នេះ​ទំនងជា​មិន​អាច​ឆ្លង​ពី​កញ្ចប់​បញ្ញើ ដែល​ផ្ញើ​មកពី​ប្រទេស​ចិន​បានទេ ព្រោះ​វា​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​ថ្ងៃ ឬ​ច្រើន​សប្ដាហ៍​ទម្រាំ​ទំនិញ នោះ​ផ្ញើ​មកដល់​។ ជំងឺ​នេះ ភាគច្រើន​ទំនងជា​អាច​ឆ្លង តាម​ដំណក់​ទឹក​តូចៗ​ខ្ទាត​ចេញ ពី​មនុស្ស​ឈឺ ដែល​បាន​ក្អក ឬ​កណ្ដាស់​។ យ៉ាងណាក៏ដោយ អ្នកស្រី​ថា ព័ត៌មាន​អំពី​របកគំហើញ​ថ្មីៗ​ចុងក្រោយ​ជុំវិញ​ជំងឺ​នេះ នឹង​ត្រូវ​គេ​រក​ឃើញ​នា​ពេល​អនាគត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។