អ្នកជំនាញវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណារ៉ា ថាសាររបស់លោក សម រង្ស៊ី និងលោក ហ៊ុន សែន និយាយរឿងចាក់វ៉ាក់សាំងជាសញ្ញាមួយបញ្ជាក់ថា អ្នកនយោបាយគូជម្លោះទាំងពីរនេះអាចនិយាយគ្នាបានទោះជាលោក ហ៊ុន សែន ឆ្លើយបែបលក្ខណៈអវិជ្ជមានក្ដី។ ទោះបែបនេះ លោកសង្កេតឃើញថា លោក សម រង្ស៊ី នៅខ្វះមធ្យោបាយក្នុងការសម្របសម្រួលនយោបាយជាមួយលោក ហ៊ុន សែន។ ទោះយ៉ាងណាលោកថា លោក សម រង្ស៊ី អាចធ្វើសកម្មភាពនៅឆាកអន្តរជាតិច្រើនថែមទៀត ដើម្បីទាមទារភាពស្របច្បាប់ដើម្បីឱ្យខ្លួនមានតម្លៃ សម្រាប់ជជែកជាមួយលោក ហ៊ុន សែន៖ «ទស្សនៈខ្ញុំមួយឃើញល្អដែរព្រោះកន្លងមកសម្ដេចនាយករដ្ឋមន្រ្តីប្រកាន់ជំហរដាច់ណាត់តែម្ដង ថាមិននិយាយឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី តែនៅពេលលោក សម រង្ស៊ី គាំទ្រជំរុញពលរដ្ឋអនុវត្តគោលនយោបាយរដ្ឋាភិបាលឱ្យចាក់វ៉ាក់សាំងឃើញអាចនិយាយឆ្លើយឆ្លងទោះចំណុចអវិជ្ជមានក្ដីប៉ុន្តែមនុស្សអាចនិយាយភាសាខ្មែរអាចនិយាយគ្នាបានលែងប្រើភាសារគថ្លង់»។
រីឯអ្នកវិភាគម្នាក់ទៀតលោក គឹម សុខ លើកឡើងដែរថា ដើម្បីប្រយោជន៍ជាតិនិងប្រយោជន៍ពលរដ្ឋ អ្នកនយោបាយត្រូវដាក់ខ្លួនប្រកាសជាចំហរកការចរចាផ្សះផ្សាជាតិ ខណៈប្រទេសជាតិកំពុងជួបបញ្ហាដូចសព្វថ្ងៃនេះ។ ទោះបែបនេះក្ដីលោក គឹម សុខ យល់ថា សារឆ្លងឆ្លើយរបស់លោក ហ៊ុន សែន ទៅលោក សម រង្ស៊ី រឿងចាក់វ់ាក់សាំងមិនមែនជាការឆ្ពោះទៅរកដំណោះស្រាយនយោបាយទេ គឺគ្រាន់តែអ្នកនយោបាយទាំងពីរឆ្លៀតពេលមានវិបត្តិជំងឺកូវីដ១៩ ហើយថ្លែងសារយកចំណេញនយោបាយរៀងៗខ្លួនប៉ុណ្ណោះ៖ «ម៉្លោះហើយលោកនាយករដ្ឋមន្រ្តីទំនងចង់បំផុសព័ត៌មានឱ្យកាន់តែលឺឱ្យពលរដ្ឋផ្ដោតការចាប់អារម្មណ៍លើយុទ្ធវិធីនយោបាយឆ្លើយឆ្លងគាត់ហើយភ្លេចបញ្ហាប្រឈមរបស់គាត់កំពុងដោះស្រាយផ្ទៃក្នុងមិនដឹងដល់ណាជ្រៅប៉ុណ្ណា និងពិបាកប៉ុណ្ណា ?»។

អ្នកវិភាគលើកឡើងបែបនេះ ក្រោយពេល ហ៊ុន សែន ចាប់ផ្ដើមរម្លឹកពីលោក សម រង្ស៊ី ឡើងវិញ និងហៅលោក សម រង្ស៊ី ថាកូនជនក្បត់ជាតិនិងចោទប្រកាន់ថាលោក សម រង្ស៊ី មានបំណងអាក្រក់រុញពលរដ្ឋនាំគ្នាទៅដណ្ដើមគ្នាចាក់វ៉ាក់សាំងក្នុងពេលដែលរដ្ឋាភិបាលមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់៖ «មិនមែនជាបំណងល្អរបស់កូនខ្ញុំនិយាយធ្ងន់បន្តិចចុះកូនអាក្បត់នេះគឺមិនអាចទទួលយកផែនការរបស់វាបានទេ»។
អ្នកសិក្សាការអភិវឌ្ឍន៍សង្គមលោកបណ្ឌិត មាស នី យល់ថា ការឆ្លើយតបរបស់លោក ហ៊ុន សែន ពេលនេះមិនមែនជារឿងថ្មីទេព្រោះលោក ហ៊ុន សែន តែងអះអាងថា មិនឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ជាច្រើនដងមកហើយ ប៉ុន្តែលោក ហ៊ុន សែន នៅឆ្លើយឆ្លងដដែល។
វិបត្តិនយោបាយដែលអូសជាងបីឆ្នាំនេះ ក្រោយគណបក្សសង្រ្គោះជាតិត្រូវរបបលោក ហ៊ុន សែន រំលាយចោលកាលពីចុងឆ្នាំ២០១៧។ លោក ហ៊ុន សែន តែងព្យាយាមផាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយដោយប្រកាសម្ដងហើយម្ដងទៀតថា ឈប់ឆ្លើយឆ្លងនឹងលោក សម រង្ស៊ី។ ក្រុមអ្នកវិភាគនិងពលរដ្ឋចង់ឃើញអ្នកនយោបាយបន្ទន់ឥរិយាបទរៀងៗខ្លួន សម្របសម្រួលរឿងនយោបាយឡើងវិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។