វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិនចំនួន ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃអាទិត្យនេះ។
ការដឹកមកដល់វ៉ាក់សាំង ១លានដូសបន្ថែមនេះ គឺជាវ៉ាក់សាំងលើកទី៥ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។
កម្ពុជាបានទទួលវ៉ាក់សាំងចំនួនជាង ៥លានដូសរួចហើយ ក្នុងនោះវ៉ាក់សាំងស៊ីណូហ្វាម (SinoPharm) ជំនួយរបស់ចិន ១លាន ៧សែន ដូស (១.៧លាន) វ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra Zeneca ) ជំនួយរបស់យន្តការកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក ចំនួន ជាង៣សែនដូស (៣២៤.០០០ដូស) និងវ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន៣លានដូស។
គិតត្រឹមយប់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួនជាង ២លាន ២សែននាក់ (២,២៥៣,០៤៤)។ ចំណែកអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានកើនឡើងដល់ ១៦៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺ២នាក់ទៀត បានស្លាប់។ រីឯអ្នកកើតជំងឺកូវីដ-១៩ សរុបមានចំនួនជាង ២ម៉ឺន ៤ពាន់នាក់ (២៤.៦៤៥) ក្នុងនោះ អ្នកជាសះស្បើយមានជាង ១ម៉ឺន ៧ពាន់នាក់ (១៧.១៦៤)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។