ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១៤ ខែមិថុនា ថា មានអ្នកជំងឺកូវីដចំនួន១៣នាក់ បន្ថែមទៀតបានស្លាប់និងរកឃើញករណីឆ្លងថ្មីជាង៥រយ (៥៤២) នាក់ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ រីឯអ្នកជាសះស្បើយវិញ ក្រសួងអះអាថា មានចំនួនជាង១ពាន់ (១.១០៩) នាក់នៅថ្ងៃដដែលនេះ។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ មានជាង ៣ ម៉ឺន ៨ ពាន់ (៣៨.៩៦៩) នាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង ៣ ម៉ឺន២ពាន់ (៣២.៩៦៧) នាក់និង មានអ្នកស្លាប់កើនដល់ ៣៤៨ នាក់។
ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៣ ខែមិថុនា មានចំនួនជាង ២លាន ៩ សែននាក់ ឬស្មើនឹងជាង២៩ភាគរយ ក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០ លាននាក់។
ជុំវិញករណីអ្នកជំងឺកូវីដស្លាប់កើនឡើងនេះលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានរិះគន់របបលោក ហ៊ុន សែនថា ដោយសារតែលោក ហ៊ុន សែន ជាមេដឹកនាំបែបអវិជ្ជា និងពូកែប្រមាថ ដូចជាថា ទាល់តែថ្ងៃ៣១ កុម្ភៈ ទើបមានកូវីដ និងថា កុំខ្លាចអាចម៍ខ្លា ហើយលោក ហ៊ុន សែន ព្រមានមិនឲ្យគេពាក់ម៉ាស់ជាដើម បានធ្វើឲ្យអត្រាអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានកម្រិតខ្ពស់ជាង នៅប្រទេសជិតខាងទាំងអស់ដូចជាថៃ ឡាវ និងវៀតណាមជាដើម។
ការប្រៀបធៀបជាមួយប្រទេសជិតខាងបែបនេះ លោក សម រង្ស៊ី ផ្អែកទៅលើចំនួនប្រជាពលរដ្ឋ ចំនួនករណីឆ្លងជំងឺកូវីដសរុប ព្រមទាំងកត្តាពន្ធុវិទ្យាពីកំណើត (Genetic factors) និងកត្តាភាពស៊ាំ (Immunological factors) ប្រហាក់ប្រហែលគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។