រដ្ឋាភិបាលប្រកាសថា វ៉ាក់សាំងផ្លូវការរបស់អង្គការសុខភាពពិភពលោក ឈ្មោះ អាស្ត្រា ហ្សេណេកា (Astra zeneca) នឹងត្រូវដឹកមកដល់កម្ពុជា នៅព្រលប់ថ្ងៃទី២ មីនា ខាងមុខ តាមរយៈមូលនិធិសប្បុរសធម៌ (COVAX Facility)។
ស្របពេលគ្នានេះ រដ្ឋាភិបាលសម្រេចឲ្យកម្មករប្រមូលសំរាម និងអ្នកប្រកបរបរក្រៅប្រព័ន្ធ អាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (covid-19) បាន ដូចមន្ត្រីរាជការដែរ តែមិនបញ្ជាក់ថា ជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស ឬវ៉ាក់សាំងរបស់ចិន (Shinopham) ទេ។
វ៉ាក់សាំងអាស្ត្រា ហ្សេណេកា (Astra zeneca) ជើងទី១ ជាងបីសែន (៣២៤.០០០)ដូស នឹងដឹកមកដល់ព្រះលានយន្តហោះ កម្ពុជា នៅថ្ងៃទី២ មីនា ខាងមុខនេះ ដែលជាជំនួសពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ អង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ (unicef) និងក្រសួងសុខាភិបាល បានជូនដំណឹងរួមគ្នានៅថ្ងៃទី២៨ កុម្ភៈថា នៅពេលខាងមុខ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) នឹងបន្តជួយកម្ពុជាទៀត ជាដំណាក់ៗ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី ក៏ប្រកាសឲ្យក្រសួងសុខាភិបាល ត្រៀមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ី អ្នកបើកម៉ូតូរ៉ឺម៉កកង់បី និងអ្នករត់ម៉ូតូឌុប។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថា នឹងចាក់វ៉ាក់សាំងស៊ីណូហ្វាម របស់ចិន ឬ វ៉ាក់សាំង អាស្ត្រាហ្សេណេកា ដែលនឹងត្រូវដឹកមកដល់លើកដំបូង ឲ្យកម្មករក្រៅប្រព័ន្ធទេ។ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បានទេ នៅថ្ងៃទី២៨ កុម្ភៈ។
ប្រធានសហជីពវិស័យទេសចរនៃក្រុមហ៊ុនស៊ីនទ្រី លោក កៅ សាវ៉ាត ឲ្យដឹងថា កម្មករប្រមូលសំរាមភាគច្រើន មានកាយសម្បទាមាំមួន តែមិនសូវមានចំណេះដឹងទូលាយ អំពីវ៉ាក់សាំងទេ។ លោករំពឹងថា កម្មករប្រមូលសំរាម នឹងទទួលបានការចាក់វ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៖ «ខ្លះគាត់និយាយ ចចាមអារ៉ាមដែរថា វ៉ាក់សាំង (Shinopham) ហ្នឹង វាមិនសូវមានគុណភាព ដូចវ៉ាក់សាំងមកពីអាមេរិក មកពីអឺរ៉ុប ឬប៉ែកខាងលិច។ រឿងហ្នឹងខ្ញុំវាអត់បានដឹងច្បាស់ទេ ព្រោះខ្ញុំវាមិនមែនជាអ្នកជំនាញ ហើយខាងពួកខ្ញុំនេះ ម្នាក់ៗ ដូចថា ចំណេះដឹងវាមានកម្រិតទាប។ ឯការភ័យព្រួយបារម្ភហ្នឹង វាតែងតែមានហើយ។ តែវាមិនដឹងធ្វើម្ដេច អាជំងឺហ្នឹង ក៏ខ្លាច អា ( គុណភាពវ៉ាក់សាំង ) ហ្នឹង ក៏ខ្លាច តែមិនដឹងធ្វើម្ដេច វាត្រូវតែការពារហើយបង»។
ចំណែកក្រុមកម្មករក្រៅប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក៏សង្ឃឹមថា ពួកគាត់អាចទទួលបានវ៉ាក់សាំង ដែលមានគុណភាពល្អ និងមានការទទួលស្គាល់ ដូចគ្នាដែរ។ ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) លោក សុខ ឈុនអឿង សង្ឃឹមថា រដ្ឋាភិបាល នឹងផ្ដល់វ៉ាក់សាំង ដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ ឲ្យកម្មករក្រៅប្រព័ន្ធ។ លោកបញ្ជាក់ថា កម្មករក្រៅប្រព័ន្ធនឹងស្ទាក់ស្ទើរ បើសិនរដ្ឋាភិបាល តម្រូវឲ្យចាក់តែវ៉ាក់សាំង ដែលមិនទាន់ទទួលស្គាល់គុណភាពត្រឹមត្រូវ៖ «សម្រាប់រដ្ឋាភិបាល គឺមានការខ្វាយខ្វល់។ ប៉ុន្តែការខ្វាយខ្វល់ គួរតែមានការដូចខ្ញុំជម្រាបពីខាងដើមអ៊ីចឹង គឺថា វ៉ាក់សាំងហ្នឹង មានការឆ្លងកាត់អង្គការសុខភាពពិភពលោកសិនទៅ ព្រោះថាបច្ចុប្បន្នហ្នឹង ខ្ញុំមើលឃើញថា ប្រជាពលរដ្ឋមកដល់សម័យនេះ គាត់មានចំណេះដឹងខ្ពស់ ដូចជា មានការតាមដាននូវព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងកូវីដនេះ។ ជាពិសេស គឺថ្នាំការពារកូវីដនេះតែម្ដង ខ្ញុំមើលឃើញថា គាត់យល់ដឹងច្រើនពីវ៉ាក់សាំងកូវីដនេះ»។
យោងតាមក្រសួងសុខាភិបាល តួលេខចុងក្រោយ គិតត្រឹមថ្ងៃទី២៦ កុម្ភៈ អ្នកចាក់វ៉ាក់សាំងស៊ីណូហ្វា មានចំនួន ជិតពីរម៉ឺន (១៦.៣៩០) នាក់ហើយ ។ ដោយឡែក ខាងកងទ័ពវិញ ចាក់បានជិតប្រាំម៉ឺន (៤៨.០០០)នាក់។ ចំនួននេះ នៅទាបនៅឡើង បើធៀបនឹងវ៉ាក់សាំង ដែលកងទ័ពចិន បានផ្ដល់ឲ្យចំនួន ៦សែន (៦០០.០០០) ដូស។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានអំពាវនាវឲ្យអ្នកដែលបានចាក់វ៉ាក់សាំងស៊ីណហ្វាម លើកទី១ រួច សូមបន្តទៅចាក់លើកទី២ ឲ្យបានគ្រប់ចំនួន ២ដូស។
ជាមួយនេះ ក្រសួងសុខាភិបាល ប្រកាសថា នឹងពង្រីកទីតាំងចាក់វ៉ាក់សាំងបន្ថែមទៀត ឲ្យគ្រប់ ២៥រាជធានីខេត្ត និងចាក់ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់សម្រាកបុណ្យជាតិបន្ថែមទៀត។ បច្ចុប្បន្ន កម្ពុជាមានមន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរពេទ្យបង្អែករាជធានី ខេត្ត ស្រុក ៣៨ នៃ ១០រាជធានី ខេត្ត កំពុងធ្វើសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
នៅថ្ងៃទី២៨ កុម្ភៈដដែល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៩នាក់បន្ថែមទៀត។ ក្នុងនោះ មាន ៣៥ករណី បានឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០ កុម្ភៈ។ ឯ ៤នាក់ទៀត គឺជានាយទាហាន បម្រើការនៅអង្គការសហប្រជាជាតិ ដែលទើបធ្វើដំណើរវិលចូលមកប្រទេសកម្ពុជា។
ជនជាតិចិន នៅតែបន្តឆ្លងច្រើនជាងគេដដែល ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺមាន ២៤នាក់ ជនជាតិវៀតណាម ៦នាក់ និងជនជាតិខ្មែរ ៥នាក់។ ពួកគេទាំងអស់គ្នា បច្ចុប្បន្នកំពុងដាក់ឲ្យសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
ដោយឡែក ករណីជាសះស្បើយពីជំងឺកូវីដ១៩ មិនមានទេ នៅក្នុងថ្ងៃ២៨ កុម្ភៈនេះ ។ បច្ចុប្បន្ន កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៨០២នាក់។ ជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ៣២៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។