អាជ្ញាធរ​​ខេត្ត​កណ្ដាល​ហាម​នាំ​ចូល​បន្លែ​ពី​វៀតណាម ៦មុខ ក្រោយ​រក​ឃើញ​ផ្ទុក​សារធាតុ​គីមី

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កណ្ដាល​ហាម​​នាំ​ចូល​បន្លែ​ចំនួន​៦មុខ​ ពី​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ជ្រៃធំ​បន្ទាប់​ពី​រក​ឃើញ​បន្លែ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​គីមី​ ដែល​អាច​បំផ្លាញ​សុខភាព​​អ្នក​បរិភោគ។ អ្នក​ជំនាញ​កសិកម្ម​ថា ករណី​បន្លែ​គីមី​នាំ​ចូល​ពី​ប្រទេស​វៀតណាម កើត​យូរយារ​​មក​ហើយ ​ទោះ​យ៉ាង​ណា​ក្តី សង្គម​ស៊ីវិល​ស្វាគមន៍​ចំណាត់​ការ​​នេះ និង​ជំរុញ​ឲ្យ​អនុវត្ត​ជា​ប្រចាំ។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​អាស៊ី​សេរី​ថា បន្លែ​ទាំង​ ៦​មុខ​នោះ ត្រូវ​បាន​​មន្ត្រី​ជំនាញ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ ដក​ហូត យក​ទៅ​កម្ទេច​ចោល​ភ្លាមៗ និង​ចេញ​បម្រាម​ហាម​ឃាត់​ការ​នាំ​ចូល​បន្ត​ទៀត។ លោក​ថា អាជ្ញាធរ​នៅ​ច្រក​ព្រំដែន បាន​ប្រាប់​ទៅ​អាជ្ញាធរ​វៀតណាម​រួច​ហើយ និង​គ្មាន​ការ​អន់​ចិត្ត​នោះ​ទេ។ ទោះ​យ៉ាង​ណា លោក​មិន​ទាន់​ដឹង​ថា មន្ត្រី​ជំនាញ​នឹង​បើក​ឲ្យ​មាន​ការ​នាំ​ចូល​បន្លែ​ទាំង ​៦​មុខ​នេះ ឡើងវិញ​នៅ​ពេល​ណា​ទេ៖ « ប្រធាន​ច្រក​ទ្វារ​ ( ព្រំដែន )​ យើង​គេ គេ​ដឹង​លឺ​ទៅ​វិញ​ទៅ​មក។ អា​នេះ ទំនិញ​ចេញ​ចូល គឺ​អនុញ្ញាត​ និង​មិន​អនុញ្ញាត គឺ​យើង​អត់​មាន​បញ្ហា​អ្វី អន់​ចិត្ត​ស្រពន់​គ្នា អ្វី​ទេ។ បើ​កាល​ណា ខុស​គុណភាព គឺ​អត់​ទទួល​​យក​បាន​។ គេ​ក៏​ទទួល​ស្គាល់ ហើយ​យើង បើ​​កាលណា នាំ​របស់​ ( ទំនិញ )​ ទៅ​អត់​គុណភាព ក៏​គេ​អត់​ទទួល​យក​បាន យើង​ក៏​អត់​អាច​ប្រឆាំង​អ្វី​បាន​ទេ ព្រោះ​អា​ហ្នឹង គេ​សុទ្ធ​តែ​មាន​ឧបករណ៍​ពិនិត្យ​មើល»

រយៈ​ពេល ៣ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី១២ ដល់​ថ្ងៃ​ទី១៤ ខែ​មិថុនា សាខា​គយ និង​រដ្ឋាករ​ចល័ត​ប្រចាំ​ច្រក​អន្តរជាតិ​ជ្រៃធំ បាន​រក​ឃើញ​បន្លែ ៦មុខ នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ផ្ទុក​សារធាតុ​គីមី​ពុល​ និង​អះអាង​ថា អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​អ្នក​បរិភោគ។ បន្លែ​ទាំង ៦មុខ​នោះ មាន ស្ពៃ​បូកគោ ផ្កា​ខាត់ណា ពោត​បារាំង ​ក្រូចឆ្មារ​​ប្រភេទ​​តូច ដែល​គេ​សម្រាប់​ធ្វើ​តែ​ជ្រក់​ផ្លែ​ល្ពៅ​ និង ​ផ្កា​គូឆាយ។

ប្រធាន​ក្រុមការងារ​គយ​ចល័ត​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ជ្រៃធំ លោក ម៉ួង ដារ៉ា ​ប្រាប់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​ថា សារធាតុ​ពុល ដែល​រក​ឃើញ​លើ​បន្លែ​ទាំង​៦​មុខ​នោះ​ គឺ​ជា​ប្រភេទ​ថ្នាំ​សម្លាប់​សត្វល្អិត។ លោក​ថា ក្រោយ​ពេល​សមត្ថកិច្ច​រឹបអូស​មក​បំផ្លាញ​ចោល​ហើយ សមត្ថកិច្ច បាន​ណែនាំ​​អាជីវករ​ខ្មែរ​​​​ឲ្យ​បញ្ឈប់​ការ​នាំ​ចូល​បន្លែ​ទាំង ៦មុខ​នោះ ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​​ទីផ្សារ​ក្នុង​ស្រុក​​ទៀត។

នាយិកា​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ហៅ​កាត់​ថា អង្គការ​សេដាក (CDAC) អ្នកស្រី តុង ច័ន្ទធាង សង្កេត​ឃើញ​ថា ករណី​បន្លែ​ ផ្លែឈើ នាំ​ចូល​ពី​ប្រទេស​វៀតណាម មាន​ផ្ទុក​​គីមី ឬ​សារធាតុ​ពុល កើត​មាន​ជា​យូរ​មក​ហើយ និង​ថា វិធានការ​ទប់​ស្កាត់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ មិន​សូវ​ម៉ត់ចត់​នោះ​ទេ។ តែ​យ៉ាង​ណា លោកស្រី យល់​ឃើញ​ ជា​រឿង​ល្អ​ក្នុង​ការ​​​ហាម​ឃាត់​ការ​នាំ​ចូល​បន្លែ​មាន​សារធាតុ​ពុល​ទាំង​នោះ​ចូល​ស្រុក​ទៀត។

លោកស្រី បន្ត​ថា បន្លែ​ទាំង ៦មុខ ដែល​អាជ្ញាធរ​ហាម​​នាំ​ចូល សុទ្ធ​សឹង​តែ​បន្លែ​ដែល​កសិករ​ខ្មែរ អាច​ដាំ​ដុះ​បាន​ ប៉ុន្តែ​កន្លង​ទៅ ដោយសារ​ការ​នាំ​ចូល​មាន​តម្លៃ​​ថោក ហើយ​វៀតណាម មាន​ផលិត​ផល​​ជា​ប្រចាំ ទើប​​ធ្វើ​ឲ្យ​អ្នក​ទិញ នាំ​គ្នា​ទិញ​បន្លែ​នាំ​ចូល។ លោកស្រី តុង ច័ន្ទធាង យល់​ថា រដ្ឋាភិបាល គួរ​ផ្អាក​ការ​នាំ​ចូល​​បន្លែ​ទាំង​នេះ មួយ​រយៈ​សិន ​ដើម្បី​​ទុក​ឲ្យ​​កសិករ​ខ្មែរ​ ដាំដុះ​ផ្គត់ផ្គង់​ទីផ្សារ ​ជំនួស​ការ​នាំ​ចូល ព្រោះ​​កម្ពុជា កំពុង​សំបូរ​កម្លាំង​ពលកម្ម​ច្រើន ក្នុងអំឡុងពេលមាន​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19)៖ « បើ​សិន​ជា​រដ្ឋាភិបាល​ បិទ​ការ​នាំ​ចូល​ ឬ​ក៏​ផ្អាក​ការ​នាំ​ចូល​មួយ​រយៈ ទៅ​លើ​ផលិត​ផល​អស់​ហ្នឹង សម្រាប់​កសិកម្ម​យើង បើ​សិន​ជា​គាត់​ដាំដុះ ​ដើម្បី​ផ្គត់​ផ្គង់​មក​ទីផ្សារ ​គឺ​ជា​ការ​ល្អ ព្រោះ​ឥឡូវ​ហ្នឹង ​យើង​មាន​ការ​ហូរ​ចូល​ពលករ​ចំណាក​ស្រុក​ ដោយ​សារ​តែ​បញ្ហា​វីរុស​កូវីដ​១៩ ហ្នឹង ​គឺ​កម្លាំង​ពលកម្ម​មក​នៅ​ក្នុង​ស្រុក​ហ្នឹង​ច្រើន»

របាយការណ៍​អង្គការ​ស្បៀងអាហារ និង​កសិកម្ម នៃ​អង្គការ​សហប្រជាជាតិ ចេញ​ផ្សាយ​ឆ្នាំ២០១៧ បង្ហាញ​ថា កម្ពុជា​ត្រូវ​ការ​បន្លែ​ជិត​មួយ (០ .៩ ) លាន​តោន ក្នុង ១ឆ្នាំ ដែល​ភាគ​ច្រើន (៥៦ %) នាំចូល​​​ពី​ប្រទេស​ជិត​ខាង គឺ​ថៃ និង​វៀតណាម។ រីឯ​កម្ពុជា​ ផលិត​បាន​បន្លែ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក ចំនួន ៤៤ភាគ​រយ នៃ​តម្រូវ​ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។