សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ដុត​កម្ទេច​ស្ករ​ត្នោត​ផ្ទុក​សារធាតុ​គីមី​ជាង​៤​​តោន

កម្លាំង​សមត្ថកិច្ច​នៃ​ក្រសួង​មហាផ្ទៃ បាន​ដុត​កម្ទេច​ស្ករ​ត្នោត​ជាង ៤​តោន បន្ទាប់​ពី​រក​ឃើញ​ថា ស្ករ​ត្នោត​ទាំង​នោះ​មាន​លាយ​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium hydrosulfite) ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់។

កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង​មហាផ្ទៃ បាន​ដុត​ចោល​ស្ករ​ត្នោត​លាយ​សារធាតុ​គីមី នៅ​ថ្ងៃ​ទី​២៨ មករា នៅ​ជិត​កន្លែង​ចាក់​សំរាម​ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

អនុប្រធាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ជា​បណ្ឌិត​ផ្នែក​គីមី អ្នកស្រី សៀង ហ៊ុយ ពន្យល់​ថា សារធាតុ សូដ្យូម អ៊ីដ្រូសូលហ្វីត ឬ​ម្សៅ​ស​នេះ គេ​ប្រើ​សម្រាប់​រក្សា​ពណ៌​អាហារ ក៏ប៉ុន្តែ​នៅ​ពេល​ប្រើប្រាស់​សារធាតុ​គីមី អ្នក​ប្រើប្រាស់​នឹង​មាន​សម្ពាធ​ឈាម​ធ្លាក់​ចុះ ថប់​ដង្ហើម និង​ឈឺ​ក្រពះ ជាដើម៖ «ជា​រោគ​សញ្ញា អ្នក​ខ្លះ​ឲ្យ​ឡើង​កន្ទួល កន្ទួល​រមាស់​លើ​ស្បែក។ ចំពោះ​អ្នក​មាន​ជំងឺ​ខ្សោយ ដូចជា​ហឺត អាច​សន្លប់ ឬ​ស្លាប់​តែ​ម្ដង។ ជា​សារធាតុ​ដែល​គេ​មិន​ឲ្យ​ប្រើ​ទេ​លើ​ម្ហូប​អាហារ ក៏ប៉ុន្តែ​អ្នក​លក់​គាត់​ចង់​បាន (ផលិតផល) ដាក់​ទៅ​ឲ្យ​វា​ស (រក្សា​ពណ៌) ដូចជា​លើ​សណ្ដែក​បណ្ដុះ លើ​ស្លឹក​គ្រៃ​ហាន់»

សមត្ថកិច្ច​ដុត​ស្ករ​ត្នោត​ជាង ៤​តោន បន្ទាប់​ពី​បាន​ឆ្មក់​ចូល​ត្រួត​ពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ស្ករ​ត្នោត​នៅ​ដី​ឡូត៍​លេខ​៨ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក កាល​ពី​ថ្ងៃ​ទី​២៧ មករា។ សមត្ថកិច្ច​រក​ឃើញ​ថា សិប្បកម្ម​នេះ​ផលិត​ស្ករ​ត្នោត ដោយ​បំប្លែង​ពី​ស្ករ​ស ហើយ​លាយ​សារធាតុ​គីមី សូដ្យូម អ៊ីដ្រូសូលហ្វីត ដើម្បី​រក្សា​ពណ៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។