អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកម្ទេចចោលស្រាស ស្រាថ្នាំ និង មេស្រា ជាង ៥០០ ប៊ីដុង(៥៣២ប៊ីដុង) បន្ទាប់ពីបានរឹបអូសពីកន្លែងលក់ស្រា ជាច្រើនកន្លែង ផ្សេងៗគ្នាកាលពីពាក់កណ្ដាលខែវិច្ឆិកា ដែលបានបណ្តាលអោយមានមនុស្សស្លាប់ចំនួន៨ នាក់ និងជាង១០០ នាក់ផ្សេងទៀតធ្លាក់ខ្លួនឈឺ ដោយសារទទួលទានស្រាខ្វះការត្រួតពិនិត្យ។
អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ច័ន្ទឌឿន ប្រាប់សារព័ត៌មានក្នុងស្រុកថា ចាប់ពីពេលនេះទៅការផលិតស្រា ការបិទស្រា ការលាយស្រាលក់ខុសបច្ចេកទេស គ្មានច្បាប់អនុញ្ញាត ត្រូវផ្អាកមួយរយៈសិន ដរាបណាមានការត្រួតពិនិត្យត្រឹមត្រូវទើបអនុញ្ញាតឱ្យបើកឡើងវិញ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោក លី សុវណ្ណ មិនធ្វើអត្ថាធិប្បាយចំពោះករណីនេះទេ ដោយលោកនិយាយថា កំពុងជាប់រវល់។
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី១៤ ខែធ្នូ បានសម្រេចបិទកន្លែងផលិតស្រា និងកន្លែងស្តុកទុកលក់ ១ពាន់ ៦រយកន្លែង (១.៦០០) ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបិតស្រា និងលក់ស្រាចំនួនជាង ១៣នាក់ និងមនុស្សចំនួន ៦នាក់ផ្សេងទៀតត្រូវបញ្ជូនទៅតុលាការ។
ក្រុមសមត្ថកិច្ចជំនាញបានរកឃើញសារធាតុនៅក្នុងស្រាស ស្រាថ្នាំទាំងនោះ មានជាតិមេតាណុលកម្រិត ១៤.១៥% ដែលជាកម្រិតមួយលើសពីធម្មតា ដែលមានចំនួនតិចជាង០.០៥ ភាគរយ
ប៉ុណ្ណោះ។
ចាប់ពីឆ្នាំ២០១៥ដល់២០២០នេះ មានករណីពុលស្រាស ប្រមាណជិត ៤០០ ករណី(៣៩២ករណី) ដែលបណ្ដាលឲ្យមនុស្ស៥៦នាក់ស្លាប់។ ហេតុការណ៍នេះបានកើតមានឡើងនៅក្នុងខេត្តកំពង់ឆ្នាំង ក្រចេះ ខេត្តមណ្ឌលគិរី និង ត្បូងឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។