អាជីវករ​ផ្សារ​សាមគ្គី​ខេត្ត​សៀមរាប​ត្អូញត្អែរ​ពី​ក្លិន​ស្អុយ​នៃ​គំនរ​សំរាម

ខេត្ត​សៀមរាប គឺ​ជា​បេះដូង​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ ក៏ប៉ុន្តែ នៅ​តាម​ទី​សាធារណៈ​ខ្លះ ជា​ពិសេស​នៅ​តាម​ទីផ្សារ​មួយ​ចំនួន​នៅ​មាន​បញ្ហា​សំរាម​កខ្វក់ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​ខេត្ត​នេះ និង​ជះ​ក្លិន​ស្អុយ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​អ្នក​ទេសចរ​នៅ​ឡើយ។ បញ្ហា​នេះ នៅ​តែ​ជា​កង្វល់​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ដើម្បី​បរិស្ថាន និង​សោភ័ណភាព​ទីក្រុង​កាន់​តែ​ប្រសើរ​ឡើង។
ដោយ ហង្ស សាវយុត
2013.09.28
សំរាម សៀមរាប ៦១០ ២៦-កញ្ញា-២០១៣៖ គំនរ​សំរាម​ជាច្រើន​តោន​ដែល​ចាក់​ចោល​នៅ​ជាប់​របង​ផ្សារ​សាមគ្គី ប៉ែក​ខាង​ជើង នា​ទីក្រុង​សៀមរាប ខេត្ត​សៀមរាប។
RFA/Hang Savyouth

ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​សាមគ្គី និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់​នៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្លិន​ស្អុយ​ខ្លាំង ដែល​ភាយ​ចេញ​ពី​គំនរ​សំរាម​ជា​រៀង​រាល់​ថ្ងៃ។

ក្រុម​អ្នក​លក់​ដូរ និង​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​ទីតាំង​ដាក់​សំរាម បាន​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ថ្ងៃ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម រហូត​ដល់​ល្ងាច គឺ​គំនរ​សំរាម​ដែល​មាន​កាក​បន្លែ និង​ផ្លែ​ឈើ​រលួយ បាន​ជះ​ក្លិន​ស្អុយ​ឆួល​ពិបាក​ទ្រាំ។

ស្ត្រី​ម្នាក់​ដែល​មាន​កូន​តូច​ពរ​នៅ​ក្នុង​ដៃ ជា​អាជីវករ​ផ្សារ​សាមគ្គី មាន​តូប​លក់​ដូរ​នៅ​ទល់​មុខ​គ្នា​នឹង​គំនរ​សំរាម​នោះ។ គាត់​បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ គាត់​មាន​កង្វល់​ជា​ខ្លាំង ដោយសារ​គំនរ​សំរាម​ដែល​មាន​ក្លិន​ស្អុយ​នេះ។ ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា គាត់​មាន​អារម្មណ៍​ធុញ​ថប់​នឹង​ក្លិន​ស្អុយ ហើយ​នៅ​ពេល​ខ្លះ សំរាម​ជះ​ក្លិន​ស្អុយ​ខ្លាំង គឺ​គាត់​បាន​នាំ​កូន​តូច​ដើរ​ចេញ​ពី​តូប​លក់​ដូរ ឬ​ក៏​បង្ខំ​ចិត្ត​បិទ​តូប​ផ្អាក​លក់​សិន​ក៏​មាន៖ «ឡាន​ជួន​កាល​វា​ខូច សំរាម​នៅ​ទី​នោះ​ទៅ​ថ្ងៃ​ណា​វា​រហ័ស​ទៅ យើង​បាន​ធូរ​ទៅ។ ស្អុយ​គរ​គំនរ ថ្ងៃ​ណា​អត់​សូវ​ស្អុយ យើង​នៅ ថ្ងៃ​ណា​ស្អុយ​ខ្លាំង យើង​ខាន​លក់​ទៅ។ ដើរ​គេច​ខ្លះ​ដែរ​ណា ចង់​ឱ្យ​ជួយ​សម្រួល​ឱ្យ​បាន​ស្អាត​ជាង​នេះ​ទៅ បើ​បាន​អាច​ផុត​ពី​កន្លែង​នេះ​ល្អ»

ចំណែក​បុរស​ឈ្មោះ ថោង ច័ន្ទសោភឹម ជា​ម្ចាស់​កន្លែង​កីឡា​កម្សាន្ត​មួយ​នៅ​ជាប់​គ្នា​នឹង​គំនរ​សំរាម​នោះ​ដែរ បាន​មាន​ប្រសាសន៍​ថា គំនរ​សំរាម​នៅ​ផ្សារ​សាមគ្គី គឺ​មាន​ក្លិន​ស្អុយ​ខ្លាំង នៅ​ពេល​ដែល​គេ​ប្រើ​គ្រឿងចក្រ​កើប​ដាក់​ឡាន​ម្ដងៗ។ លោក សោភឹម បាន​បញ្ជាក់​ទៀត​ថា ពេល​ខ្លះ​ជន​បរទេស និង​ជនជាតិ​ខ្មែរ​ដែល​ចូល​ទៅ​លេង​កីឡា​នៅ​កន្លែង​លោក គឺ​រត់​រក​ម៉ាស់​មក​ពាក់​បិទ​ច្រមុះ ដោយសារ​តែ​ក្លិន​ស្អុយ​ខ្លាំង៖ «ខ្ញុំ​នៅ​រាល់​ថ្ងៃ គឺ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​តែ​ម្ដង។ ពេល​ម៉ោង​ខ្ញុំ​រក​ស៊ី ជា​ពិសេស​ពេល​ដែល​គេ​កើប​ហ្នឹង គឺ​ក្លិន​ខ្លាំង​មែន​ទែន ទ្រាំ​អត់​បាន​ហ្មង ឡើង​ចង់​ក្អួត។ ខ្ញុំ​សូម​គេ​ថា​ឥឡូវ​ម៉ោង​ខ្ញុំ​រក​ស៊ី​ហ្នឹង ពេល​កើប​ហ្នឹង ធ្វើ​អត់​កើត​ទេ ជួន​កាល​គេ​ព្រងើយ​ជាមួយ​យើង។ ដូច​កន្លែង​ខ្ញុំ​កន្លែង​កីឡា​អីចឹង ហើយ​អ្នក​ខ្លះ​គេ​មក​ដើម្បី​សុខភាព ហើយ​ស្រាប់​មក​គេ​ធុំ​តែ​ក្លិន​សំរាម ហើយ​មិន​មែន​តែ​ខ្ញុំ​ដែល​ធុំ​រឿង​ហ្នឹង​ទេ ទៅ​ក្រោយៗ​ក្លិន​ស្អុយ​ទៅ​ដល់​ខាង​ណោះ​ទៀត។ ពេល​ភ្លៀង​មក ទឹក​ស្អុយ​ហូរ​ខ្មៅ​វិក​ចូល​ក្នុង​របង​ដី​ខ្ញុំ។ ហៅ​មក​មើល គេ​មិន​ដែល​មក​ទេ»

មិន​ត្រឹម​តែ​អាជីវករ និង​ប្រជាពលរដ្ឋ​ខ្លះ​ដែល​មាន​លំនៅឋាន​នៅ​ប៉ែក​ខាង​ជើង​នៃ​បរិវេណ​ផ្សារ​សាមគ្គី ប៉ុណ្ណោះ​ទេ ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ក្លិន​ស្អុយ​ពី​គំនរ​សំរាម​នេះ សូម្បី​តែ​ម្ចាស់​សណ្ឋាគារ ២-៣​កន្លែង​ក្បែរៗ​នោះ ក៏​រអ៊ូរទាំ​ដែរ។ ម្ចាស់​សណ្ឋាគារ​ខ្លះ​បាន​ឱ្យ​ដឹង​ថា ក្លិន​ស្អុយ​សំរាម​ចេញ​ពី​ផ្សារ​សាមគ្គី គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ខ្លះ ដែល​ក្រោក​ពី​ព្រលឹម​ទៅ​មើល​ថ្ងៃ​រះ​នៅ​អង្គរវត្ត។

អ្នក​ភូមិ​បាន​និយាយ​ថា គេ​ធ្លាប់​បាន​ប្ដឹង​បញ្ហា​នេះ​ទៅ​អាជ្ញាធរ​សង្កាត់​ស្លក្រាម ឱ្យ​ជួយ​ដោះស្រាយ ក៏ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មាន​លទ្ធផល​អ្វី​ទេ។

ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​ខ្លះ ចង់​ឱ្យ​អ្នក​គ្រប់គ្រង​ទីផ្សារ និង​អាជ្ញាធរ​មូលដ្ឋាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សំរាម​ទាំង​នោះ ដើម្បី​ជួយ​ដល់​សុខភាព​សាធារណៈ។

នាយក​ក្រុមហ៊ុន ហ្កា អ៊ីយ៉ា (Ga ea) សម្អាត​ទីក្រុង លោក ផូ ផល្គុណ បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក គឺ​ជា​អ្នក​ទទួល​ដឹក​យក​សំរាម​ចេញ​ពី​ផ្សារ​សាមគ្គី នោះ។ លោក ផូ ផល្គុណ បាន​បញ្ជាក់​ថា នៅ​ផ្សារ​សាមគ្គី គឺ​ឡាន​របស់​ក្រុមហ៊ុន​តែង​ទៅ​ដឹក​សំរាម​យក​ចេញ​ក្នុង​១​ថ្ងៃ​ម្ដង ហើយ​ជា​ធម្មតា សំរាម​ទាំង​នោះ គឺ​ក្រុមហ៊ុន​បាន​យក​កុងតឺន័រ​ធំ​មួយ​ទៅ​ដាក់ ប៉ុន្តែ​ទាល់​តែ​ដល់​ម៉ោង​កំណត់ ទើប​ឡាន​ទៅ​ដឹក​ចេញ។ ទោះ​យ៉ាង​ណា នាយក​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​បញ្ជាក់​ថា លោក​គ្មាន​មធ្យោបាយ​ណា​ដើម្បី​បញ្ចៀស​បញ្ហា​ក្លិន​ស្អុយ​នៅ​មុន​ពេល​ដែល​សំរាម​ដឹក​ចេញ​នោះ​ទេ។

លោក ផូ ផល្គុណ៖ «សម្រាប់​ឥឡូវ​នេះ ខ្ញុំ​អត់​ដឹង​ថា​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច​ទេ? អីចឹង​អា​ក្លិន​ស្អុយ​ក្លិន​ឆ្អេះ​ក្លិន​ឆ្អាប​ចេញ​ពី​សំរាម​នេះ មិន​មែន​តែ​នៅ​ផ្សារ​សាមគ្គី ទេ ប៉ុន្តែ​ប្រហែល​ជា​នៅ​ទីតាំង​ផ្សេងៗ​ទៀត វា​មាន​ក្លិន​ដូច​គ្នា ពីព្រោះ​យើង​អត់​មាន​កាល​វិភាគ​ទៅ​យក​កន្លែង​ណា ១​ថ្ងៃ ២ ឬ ៣​ដង​ទេ។ តាម​ការ​ជជែក​គ្នា គឺ​យើង គឺ ១​ថ្ងៃ​ទៅ​យក​ម្ដង។ ឥឡូវ​នេះ វា​អត់​មាន​ការ​ចាំបាច់​ណា​មួយ​ពី​ខាង​ផ្សារ ដែល​គាត់​ទំនាក់​ទំនង​ឱ្យ​យើង​ត្រូវ​ទៅ​យក ១​ថ្ងៃ ២​ដង ឬ​ក៏ ៣​ដង​ឯណា»

ក្រុមហ៊ុន​សម្អាត​ទីក្រុង បាន​ឱ្យ​ដឹង​ថា សំរាម​នៅ​ផ្សារ​សាមគ្គី មាន​ចំនួន​ប្រហែល ៣​តោន​ក្នុង​១​ថ្ងៃៗ។ ចំណែក​ភាគី​ម្ចាស់​ផ្សារ​វិញ​បាន​អះអាង​ថា ខ្លួន​បាន​បង់​លុយ​ប្រមាណ​ជាង ៧០០​ដុល្លារ​សហរដ្ឋ​អាមេរិក ក្នុង​១​ខែៗ ឱ្យ​ទៅ​ក្រុមហ៊ុន ដឹក​សំរាម​យក​ចេញ ក៏ប៉ុន្តែ​បញ្ហា​នេះ ក្រុមហ៊ុន​មិន​បាន​ទទួល​ខុស​ត្រូវ​ខ្ជាប់ខ្ជួន​ឡើយ ទើប​បណ្ដាល​ឱ្យ​មាន​គំនរ​សំរាម និង​ក្លិន​ស្អុយ។

ប្រធាន​ផ្សារ​សាមគ្គី លោក តាន់ សាវី បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន លោក​បាន​ទិញ​ត្រាក់ទ័រ និង​រ៉ឺម៉ក​សម្រាប់​ដឹក​ជញ្ជូន​សំរាម​ទាំង​នេះ​ចេញ​ពី​ទីផ្សារ​ដោយ​ខ្លួន​ឯង មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ក៏ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​សំរាម​បាន​សុំ​ដេញ​ថ្លៃ​ដឹក​ជញ្ជូន​សំរាម​ទាំង​នេះ។ លោក តាន់ សាវី បាន​បញ្ជាក់​ថា ការ​មាន​គំនរ​សំរាម​ជះ​ក្លិន​ស្អុយ មិន​មែន​ជា​កំហុស​របស់​លោក​ទេ គឺ​ជា​កំហុស​របស់​ក្រុមហ៊ុន​ដឹក​សំរាម ដែល​មក​ដឹក​ជញ្ជូន​មិន​ទៀង​ទាត់ ដោយ​ពេល​ខ្លះ​ទុក​សំរាម​ចោល ២-៣​ថ្ងៃ​ក៏​មាន៖ «សំរាម​នេះ​ធម្មតា​បើ​ដឹក​រៀង​រាល់​ថ្ងៃ គឺ​វា​មិន​ដែល គឺ​វា​មិន​ដែល​ស្ទះ​ទេ ប៉ុន្តែ ២​ថ្ងៃ​មុន​នេះ គេ​ថា​ឡាន​គេ​ហ្នឹង​វា​ខូច។ អា​រឿង​ហ្នឹង បើ​យើង​និយាយ​អំពី​កំហុស សំរាម​អត់​មាន​មក​ទាក់ទង​នឹង​ខាង​ផ្សារ​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​បញ្ចេញ​ទៅ​ក្រៅ​ឱ្យ​គេ​យក​ដាក់​ធុង​ដឹក​ចេញ​ឱ្យ​អស់ តែ​គេ​អត់​មក​ដឹក។ ជា​រៀង​រាល់​លើក​ដែល​វា​ធ្វើ​ឱ្យ​មាន​បញ្ហា​ធ្វើ​ឱ្យ​ស្អុយ​បន្តិច​បន្តួច​នៅ​កន្លែង​នោះ វា​ច្រើន​តែ​គេ​អត់​ដឹក​ឱ្យ​អស់ ព្រោះ​សំរាម​នេះ​វា​មាន​កិច្ច​សន្យា​រវាង​គេ ហើយ​និង​ខ្ញុំ។ គេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដឹក​ចេញ​ឱ្យ​អស់ អត់​មាន​និយាយ​ពី​រឿង​ដឹក​មាន​កំណត់​ទេ»

ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ​រស់​នៅ​ជិត​ផ្សារ​សាមគ្គី បាន​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​រង​ការ​ប៉ះពាល់​ពី​ក្លិន​ស្អុយ​របស់​សំរាម​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ។

អភិបាល​ស្ដីទី​ក្រុង​សៀមរាប លោក សូ ប្លាតុង បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​អំពី​បញ្ហា​ក្លិន​ស្អុយ​របស់​សំរាម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អាជីវករ ប្រជាពលរដ្ឋ និង​អ្នក​ទេសចរ​មួយ​ចំនួន ដែល​រស់​នៅ និង​ស្នាក់​នៅ​តាម​សណ្ឋាគារ​ជិតៗ​នោះ។ លោក សូ ប្លាតុង បាន​បញ្ជាក់​ថា លោក​មិន​អាច​សម្ងំ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​បាន​ទេ គឺ​សាលា​ក្រុង​សៀមរាប មាន​គម្រោង​នឹង​ជួប​ជជែក​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម នៅ​ពេល​ឆាប់ៗ ដើម្បី​ជំរុញ​ឱ្យ​មាន​វិធាន​ការ​ជា​បន្ទាន់​ក្នុង​ការ​បំបាត់​បញ្ហា​ទាំង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។