មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) កំពុងពិចារណា ណែនាំឲ្យពលរដ្ឋពាក់ម៉ាស់ នៅទីសាធារណៈ ដើម្បីជួយទប់ស្កាត់ការឆ្លង មេរោគសារស៍ស៊ីអូវី២ (SARS-CoV2) នៃជំងឺកូវិដ-១៩ (Covid-19) ដែលកំពុងរាតត្បាតយ៉ាងខ្លាំងជាសកល។
ការផ្លាស់ប្ដូរជំហររបស់ CDC នេះ បន្ទាប់ពីស្ថិតិស្រាវជ្រាវ រកឃើញថា អត្រាឆ្លងជំងឺ Covid-19 ក្នុងប្រទេសមួយចំនួន ដែលប្រើប្រាស់ម៉ាស់ មានកម្រិតអ្នកឆ្លងទាប និងអាចទប់ស្កាត់ការ រាលដាលជំងឺនេះមានប្រសិទ្ធភាព។
មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) ធ្លាប់បានប្រកាសថា អ្នកដែលចាំបាច់ត្រូវពាក់ម៉ាស់ គឺជាអ្នកជំងឺខ្លួនឯងផ្ទាល់ ក្រុមវេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ព្រមទាំងអ្នកដែលប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺ ដូចជា ក្រុមអ្នកធ្វើការផ្នែកសង្គ្រោះបន្ទាន់ នៅពេលដឹកអ្នកជំងឺពីផ្ទះ ទៅមន្ទីរពេទ្យជាដើម។
ក៏ប៉ុន្តែថ្មីៗ នេះ នាយកនៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) លោក រ៉ូបឺត រេដហ្វៀល (Robert Redfield) បានឲ្យដឹងថា CDC កំពុងពិចារណាឡើងវិញ នូវការណែនាំរបស់ខ្លួន អំពីការប្រើម៉ាស់នៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិត-១៩ (Covid-19។ ចំណែកនាយកវិទ្យាស្ថានជាតិ ផ្នែកជំងឺឆ្លងនៅសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អិនថូនី ហ្វូស៊ី (Anthony Fauci) មានប្រសាសន៍នៅថ្ងៃទី១ ខែមេសាថា ការណែនាំឲ្យប្រើម៉ាស់ សម្រាប់ពលរដ្ឋអាមេរិកាំងគ្រប់ៗ គ្នានេះ គឺកំពុងពិភាក្សាដោយយកចិត្តទុកដាក់ ប៉ុន្តែមិនមែនម៉ាស់ម៉ាក N-95 ទេ ពីព្រោះម៉ាស់ប្រភេទនេះ គឺប្រើចាំបាច់ សម្រាប់ក្រុមវេជ្ជបណ្ឌិត និងអ្នកបម្រើសេវាសុខភាព។
លោក គ្រូពេទ្យ ឆាន់ ទូច គ្រូពេទ្យប្រចាំគ្រួសារ គ្លីនីកនៅទីក្រុង លីន (Lynn) រដ្ឋម៉ាស្សាឈូសេត មានប្រសាសន៍ប្រាប់អាស៊ីសេរីតាមទូរស័ព្ទថា ការប្រើម៉ាស់តែមួយមុខ ក៏មិនអាចជួយ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិត-១៩នោះទេ។ លោកបន្តថា សំខាន់បំផុត ក្នុងស្ថានភាពឆ្លងរាលដាលខ្លាំងបែបនេះ ពលរដ្ឋគ្រប់ៗ គួរតែនៅផ្ទះ កុំចេញទៅក្រៅ ឬជួបជុំគ្នាឲ្យសោះ៖ «ជាដំបូង CDC ថា ការឲ្យពាក់ម៉ាស់ហ្នឹង គឺសម្រាប់អ្នកជំងឺ ព្រោះពេលក្អកឬកណ្ដាស់ មេរោគហ្នឹងមិនចូលក្នុងលំហអាកាស អ្នកដែលមិនឈឺ មិនបាច់ពាក់ទេ។ ប៉ុន្តែយើងអត់ដឹងថា នរណាឈឺ ឬមិនឈឺ។ ប៉ុន្តែប៉ុន្មានថ្ងៃមុននេះ គឺថា គេយល់ព្រមគួរតែពាក់ដែរ ប៉ុន្តែមិនធានាថា មិនឆ្លងជំងឺទេ លុះណាតែម៉ាស់ N-95 ទើបអាចការពារបាន។ ជាទូទៅ ខ្លះយកក្រណាត់ដេរ ក៏មិនអាចការពារបានទាំងអស់ដែរ »។
ការប្តូរជំហររបស់មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក ដែលតម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះ ក្រោយដែលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសទី១ ហើយ ដែលមានចំនួន អ្នកឆ្លងច្រើនជាងគេបំផុត រហូតដល់ទៅចំនួនជាង ២សែននាក់ និងមានអ្នកស្លាប់ជាង ៤ពាន់នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួនជាង ៩សែននាក់ នៅទូទាំងសកលលោក។
ទាំងមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) អះអាងដូចគ្នាថា អ្នកដែលត្រូវពាក់ម៉ាស់ គឺក្រុមអ្នកផ្ដល់សេវាព្យាបាល និងអ្នកធ្វើការដោយផ្ទាល់ និងអ្នកឈឺខ្លួនឯងតែម្ដង។ ក៏ប៉ុន្តែ ផ្ទុយពីការលើកឡើងនេះ អគ្គនាយកនៃមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅប្រទេសចិន លោកហ្យក ហ្គាវ (George Gao) បានប្រាប់ទស្សនាវដ្ដី វិទ្យាសាស្ត្រ (Science) ថា នេះជាកំហុសដ៏ធំមួយនៃការណែនាំរបស់ស្ថាប័នសុខាភិបាលនៅសហរដ្ឋអាមេរិក និងនៅសហភាពអឺរ៉ុប (EU) ដែលមិនតម្រូវឲ្យពាក់ម៉ាស់នៅទីសាធារណៈ។ លោកបន្តថា ការណ៍ ដែលមិនតម្រូវឲ្យពាក់ម៉ាស់នៅទីសាធារណៈនេះហើយ គឺជាមូលហេតុនាំ ឲ្យមានការឆ្លងរាលដាលយ៉ាងខ្លាំងនៃមេរោគសារ្យកូវី២ (SARS-CoV2) នៃជំងឺកូវិត-១៩ (Covid-19) ពីព្រោះអ្នកផ្ទុកជំងឺភាគច្រើន ដែលមានប្រព័ន្ធការពារខ្លួនខ្លាំង (Immune Systems) ពុំមានចេញរោគសញ្ញានោះទេ ហើយអាចឆ្លងទៅអ្នកដទៃបាន ដោយមិនដឹងខ្លួន។
អ្នកជំនាញផ្នែកអតិសុខុមជីវសាស្ត្រ (Microbiology) នៃសកលវិទ្យាល័យ បឺកឃឺលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ា លោក អេឌ្រៀន បឺជ (Adrien Burch) អះអាងថា គេគ្មានភស្តុតាងណា ដែលបញ្ជាក់ថា ការពាក់ម៉ាស់មិនមានប្រយោជន៍នោះទេ។ ក៏ប៉ុន្តែតាមពិត លោកថា ការពាក់ម៉ាស់ គឺជួយការពារការឆ្លងនៃមេរោគផ្សេងៗ រួមមានមេរោគសារ្យកូវី២ (SARS-CoV2) នៃជំងឺកូវិដ-១៩ (Covid-19) ដែលកំពុងរាតត្បាតជាសកលនេះ។ លោក Adrien Burch បន្តថា តាមការស្រាវជ្រាវបង្ហាញយ៉ាងច្បាស់ថា ការពាក់ម៉ាស់របស់ពលរដ្ឋ នៅក្រុងប៉េកាំង (Beijing) ក្នុងអំឡុងពេល ផ្ទុះការរីករាលដាលជំងឺសារស៍ (SARS) កាលពីឆ្នាំ២០០៣ គឺបានកាត់បន្ថយអត្រាឆ្លងដល់ទៅ ៧០%។ លោកថា មេរោគសារស៍ ក៏ដូចជា ជំងឺកូវិដ-១៩ (Covid-19) ដែរ គឺជាប្រភេទមេរោគ កូរ៉ូណាតែមួយដូចគ្នា ដែលបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវដង្ហើមរបស់អ្នកឆ្លង។
ក្រុមវេជ្ជបណ្ឌិតជំនាញជាច្រើន នៅប្រទេសមួយចំនួន រួមមាន នៅតៃវ៉ាន់ កូរ៉េខាងត្បូងនិងប្រទេសចិន អះអាងស្របគ្នាថា ប្រជាពលរដ្ឋរបស់ខ្លួន ដែលនាំគ្នាពាក់ម៉ាស់នៅទីសាធារណៈ គឺ អត្រាឆ្លងមានកម្រិតទាប និងអាចមានលទ្ធភាពទប់ស្កាត់មានប្រសិទ្ធភាពនៃការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។
វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺឆ្លងនៃសកលវិទ្យាល័យវេជ្ជសាស្ត្រហុងកុងលោក អ៊ីវ៉ាន ហុង (Ivan Hong) ប្រាប់ទូរទស្សន៍ ស៊ីអិនអិន (CNN) ថា បើពិនិត្យអត្រាអ្នកឆ្លងនៅហុងកុង ការពាក់ម៉ាស់ គឺមាន សារសំខាន់ណាស់ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវិដ-១៩ នេះ។ កាលពីដើមខែមីនា ហុងកុង មានអ្នកឆ្លងប្រមាណ ១៥០នាក់ ប៉ុន្តែដល់ថ្ងៃទី១ ខែមេសា អត្រាអ្នកឆ្លងនៅហុងកុង គឺកើនឡើងដល់ចំនួន ៧៦៥នាក់ ក្នុងនោះមានអ្នកស្លាប់តែ ៤នាក់ប៉ុណ្ណោះ។
មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺឆ្លងនៅសហរដ្ឋអាមេរិក (CDC) និងអង្គការសុខភាពពិភពលោក (WHO) អះអាងផងដែរថា វិធីដ៏ល្អជាទីបំផុត ដើម្បីការពារការឆ្លង និងរីករាលដាលនៃជំងឺនេះ គឺមាន ៥ចំណុចសំខាន់ៗ ទី១ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ទី២ ប្រសិនបើក្អក ឬក្រដាស ត្រូវប្រើក្រដាសខ្ទប់មាត់ច្រមុះ រួចបោះចោលភ្លាម ឬប្រើកែងដៃខ្ទប់មាត់ច្រមុះ។ ទី៣ ក្នុងលក្ខណៈដែលពុំទាន់បានលាងដៃ សូមកុំប៉ះភ្នែកច្រមុះ និងមាត់ឲ្យសោះ ដើម្បីទប់ស្កាត់ កុំឱ្យមេរោគឆ្លងចូលទៅក្នុងខ្លួន។ ទី៤ ផ្អាកការប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃ ប្រសិនបើចេញទៅក្រៅផ្ទះ ត្រូវនៅឆ្ងាយពីគ្នា ប្រមាណជាង១ម៉ែត្រ ព្រោះអ្នកផ្ទុកមេរោគខ្លះ ពុំមានរោគសញ្ញានោះទេ។ ចំណែកទី៥ វិញ ប្រសិនបើមិនស្រួលខ្លួន ត្រូវនៅផ្ទះ ហើយបើមានរោគសញ្ញាណាមួយ ដូចជា គ្រុនក្ដៅលើសពី ៣៨អង្សាសេ ក្អក និងមានបញ្ហាផ្លូវដង្ហើម គឺត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីទទួលការព្យាបាល។
ចំណែកគ្រូពេទ្យប្រចាំគ្រួសារនៅសហរដ្ឋអាមេរិក លោក គ្រូពេទ្យ ឆាន់ ទូច មានប្រសាសន៍បន្ថែមថា ការនៅក្នុងផ្ទះ មិនចេញក្រៅក្នុងអំឡុងពេល ៣ ឬ ៤សប្តាហ៍ គឺជួយកាត់បន្ថយច្រើន នៃអត្រាឆ្លងនៃមេរោគ ដ៏កាចសាហាវមួយនេះ៖ «ទី១ នៅពេលយើងនៅផ្ទះរយៈពេល ៣ ឬ ៤អាទិត្យ អ្នកដែលមានជំងឺ គឺចេញរោគសញ្ញាអស់ហើយ ដូចនេះយើងដឹងពិតប្រាកដ យើងអាចយកអ្នកជំងឺនោះ ទៅព្យាបាល ឬដាក់នៅដាច់ដោយឡែក។ ទី២ អ្នកដែលឈឺ ពេលកណ្ដាស់ ឬក្អកទៅ មានតំណក់ទឹកមាត់ លើបង្កាន់ដៃ ឬកន្លែងអង្គុយ គឺប្រសិនបើអត់មានអ្នកចម្លងតទេ គឺមេរោគនោះ គឺវាងាប់ហើយ ព្រោះមេរោគនោះអាចរស់បាន ពី៣ឬ៤ម៉ោង ទៅ ១អាទិត្យគឹងាប់អស់ហើយ។ សូមអំពាវនាវឲ្យបងប្អូន នៅផ្ទះទាំងអស់គ្នា »។
ក្រុមអ្នកជំនាញសុខភាពជាច្រើនបង្ហាញថា ដើម្បីឲ្យការប្រើម៉ាស់មានប្រសិទ្ធភាពខ្ពស់ គឺត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬប្រើអាកុលជូតសំអាតដៃ។ អ្នកពាក់ម៉ាស់ គឺជាក្រុមអ្នក ផ្ដល់សេវាព្យាបាល អ្នកធ្វើការដោយផ្ទាល់ជាមួយអ្នកជំងឺ និងអ្នកឈឺខ្លួនឯងតែម្ដង។ ការពាក់ម៉ាស់នេះ គឺដើម្បីកុំឲ្យឆ្លងដល់អ្នកដទៃ នៅពេលក្អក ឬក្រដាស។ ការយល់ដឹងពីវិធីប្រើម៉ាស់ ក៏មានសារសំខាន់ផងដែរ គឺថា មុនពាក់ម៉ាស់ ត្រូវលាងដៃជាមួយទឹក និងសាប៊ូឲ្យស្អាត ឬប្រើអាកុលជូតដៃ។ ម៉ាស់នោះត្រូវគ្របពីលើមាត់ច្រមុះ និងត្រូវទាញឲ្យតឹងគ្របមុខ កុំឲ្យមានចន្លោះប្រហោង។ កុំយកដៃប៉ះម៉ាស់ឲ្យសោះនៅពេលប្រើ ប៉ុន្តែបើប៉ះវា ត្រូវលាងដៃនឹងសាប៊ូភ្លាម ឬប្រើអាកុលសំអាតដៃ។ បន្ថែមពីនេះ ត្រូវផ្លាស់ប្ដូរម៉ាស់ថ្មី នៅពេលវាទទឹក ឬ សូមកុំប្រើម៉ាសដដែល ២ដង។ នៅពេលដោះម៉ាស់ចេញពីមុខ គឺទាញដោះវាចេញពីក្រោយ កុំប៉ះមុខម៉ាស់ឲ្យសោះ រួចហើយបោះវាចោលក្នុងធុងសំរាម និងលាងដៃចេញជាប្រញាប់ជាមួយទឹក និងសាប៊ូ។
គិតមកត្រឹមថ្ងៃ១ខែមេសានេះ អ្នកស្លាប់ដោយសារជំងឺកូវិដ-១៩ (Covid-19) មានចំនួនជាង ៤ម៉ឺន ៥ពាន់នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ជាង៩សែននាក់។ ក្រៅពីសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេរហូតដល់ជាង ២សែននាក់ នៅសហភាពអឺរ៉ុបអ្នកឆ្លងច្រើនជាងគេ គឺនៅប្រទេសអ៊ីតាលី មានចំនួន ជាង១សែននាក់ និងស្លាប់ជាង ១ម៉ឺន ៣ពាន់នាក់។ ចំណែកនៅប្រទេសអេស្ប៉ាញវិញ ក៏មានចំនួនអ្នកស្លាប់រហូតដល់ទៅជាង ៩ពាន់នាក់ ក្នុងចំណោមអ្នកឆ្លងជាង ១សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។