ក្រសួងសុខាភិបាល ក្រុមយុវជន រួមនឹងអង្គការមិនមែនរដ្ឋាភិបាល ប្រារព្ធទិវាពន្យារកំណើតពិភពលោកលើកដំបូងនៅកម្ពុជា ដោយផ្ដោតការផ្សព្វផ្សាយពីមធ្យោបាយពន្យារកំណើតក្នុងចំណោមយុវជន។
តំណាងក្រុមយុវជនដែលរៀបចំកម្មវិធី កញ្ញា លី ច័ន្ទសុពណ៌ លើកឡើងនៅថ្ងៃទី៣០ ខែធ្នូ ថា យុវជន ជាពិសេសនិស្សិតគឺជាអ្នកដែលត្រូវរៀបចំគ្រួសារទៅថ្ងៃមុខ ដែលចាំបាច់ត្រូវយល់ដឹងពីមធ្យោបាយពន្យារកំណើត៖ «ភាគច្រើនគេបង្កើតកម្មវិធីហ្នឹងនៅថ្ងៃទី២៦ ខែកញ្ញា តែនៅកម្ពុជា យើង ដោយសារតែយុវជនជាប់មមាញឹកនឹងការសិក្សា ការប្រឡង អ៊ីចឹងយើងក៏ពន្យារមកដាក់នៅចុងឆ្នាំតែម្តង។ ព្រោះយើងដឹងថា យុវជនគាត់នឹងត្រូវរៀបចំផែនការរបស់គាត់ដែលត្រូវយល់ដឹង»។
សិស្ស និស្សិតជាង ៣០០នាក់ ដែលចូលរួមកម្មវិធីនេះ បានស្វែងយល់ពីមធ្យោបាយពន្យារកំណើត និងផែនការគ្រួសារ តាមរយៈបទបង្ហាញ និងពិភាក្សាដេញដោលដោយក្រុមអ្នកជំនាញផ្នែកពន្យារកំណើតនៅកម្ពុជា។
បទបង្ហាញដោយប្រធានកម្មវិធីជាតិសុខភាពបន្តពូជ អ្នកស្រីវេជ្ជបណ្ឌិត ឡាំ ភីរុណ បញ្ជាក់អោយដឹងថា មធ្យោបាយពន្យារកំណើតដែលមានក្នុងកម្មវិធីជាតិមានទាំងមធ្យោបាយធម្មជាតិ និងមធ្យោបាយដែលមានជាតិអ័រម៉ូន ដោយការប្រើថ្នាំ ដាក់កង និងស្រោមអនាម័យជាដើម។
ជំរឿនប្រជាសាស្ត្រឆ្នាំ២០១៤ រកឃើញថា អត្រានៃអ្នកប្រើប្រាស់មធ្យោបាយពន្យារកំណើតមានចំនួនជាង ៥០ភាគរយ គឺបានកើនឡើងបើគិតពីឆ្នាំ២០០០ ដែលមាន ២៤ភាគរយ។ ក្នុងនោះភាគច្រើនប្រើប្រាស់មធ្យោបាយទំនើប ឬអ័រម៉ូន។
ក្នុងចំណោមតំណាងអង្គការមិនមែនរដ្ឋាភិបាលដែលផ្ដល់សេវាកម្មពន្យារកំណើត នាយកភាពជាដៃគូនៃអង្គការ ម៉ារី ស្តូប (Marie Stopes) លោក ជុំ ធូ មានប្រសាសន៍ថា ការពន្យារកំណើតបានជួយរួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយបានលើកស្ទួយជីវភាពគ្រួសារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។