តួលេខនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា បន្តកើនឡើងជាលំដាប់ បន្ទាប់ពីផ្ទុះព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា។ នៅថ្ងៃទី៤ ធ្នូនេះ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី ចំនួន ១០នាក់ទៀត ធ្វើឱ្យករណីឆ្លងក្នុងសហគមន៍កើនដល់ ២៩នាក់ មន្ត្រីសង្គមស៊ីវិល ស្នើដល់ក្រសួងសុខាភិបាល ផ្តល់ព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយអំពីការវិវឌ្ឍនៃការឆ្លងក្នុងសហគមន៍នេះដល់ប្រជាពលរដ្ឋ។
ក្រសួងសុខាភិបាលឱ្យដឹង នៅថ្ងៃទី៤ ធ្នូថា អ្នកជំងឺ ១០នាក់នោះ មាន ៧នាក់ គឺជាបុគ្គលិកបម្រើការនៅក្នុងហាងលក់សំលៀកបំពាក់ និងស្បែកជើងមួយកន្លែងក្នុងរាជធានីភ្នំពេញ ចំណែក ៣នាក់ទៀត គឺជាសមាជិកក្រុមគ្រួសារ ១គ្រួសារ ដែលជាសាច់ញាតិបុគ្គលិកធនាគារ ២រូប ដែលត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣ ធ្នូ។ បច្ចុប្បន្ន អ្នកទាំងនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។
ក្រោយរកឃើញករណីថ្មីជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាលសម្រេចយកទីតាំងក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក និងក្រសួងមហាផ្ទៃ ដើម្បីប្រមូលសំណាកធ្វើតេស្តជំងឺកូវីដ-១៩ សម្រាប់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងអ្នកដែលត្រូវធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ធ្នូ។
ចាប់តាំងពីថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃទី៣ ធ្នូ ក្រសួងសុខាភិបាលបានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨ វិច្ឆិកា បាន ៩.៧៩៣នាក់ ក្នុងនោះអ្នកឆ្លងកូវីដ-១៩ មានចំនួន ២៩នាក់។
មន្ត្រីជាន់ខ្ពស់មួយចំនួននៃរបបក្រុងភ្នំពេញដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២៨ វិច្ឆិកា កំពុងបន្តធ្វើចត្តាឡឺស័ក ក្នុងនោះមានជាអាទិ៍ រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ រដ្ឋមន្ត្រីយុត្តិធម៌លោក កើត រិទ្ធ រដ្ឋមន្ត្រីសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន និងប្រធានរដ្ឋសភា លោក ហេង សំរិន។
ប្រធានអង្គភាពនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា លោកមិនដឹងចំនួនពិតប្រាកដនៃជួរថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវធ្វើចត្តាឡីស័កនោះទេ ដោយលោកបង្វែរឱ្យទៅសួរក្រសួងសុខាភិបាលវិញ។ លោក ផៃ ស៊ីផាន អះអាងថា ទោះជាមានការឆ្លងរាលដាលក្នុងសហគមន៍ ហើយថ្នាក់ដឹកនាំតាមស្ថាប័នមួយចំនួនត្រូវធ្វើចត្តាឡីស័កយ៉ាងណាក្ដី ក៏បញ្ហានេះមិនប៉ះពាល់ដល់ដំណើរជាប្រក្រតីរបស់រដ្ឋាភិបាលដែរ៖ « ការងាររបស់រាជរដ្ឋាភិបាលនៅតែប្រក្រតីភាព ពីព្រោះទីមួយ យោងទៅតាមការចាត់ចែងដែលយន្តការបន្តបន្ទាប់មក ដើម្បីធានានូវប្រក្រតីភាព ហើយនឹងសុពលភាពការងាររបស់រាជរដ្ឋាភិបាល ហ្នឹងចំណុចទី១។ ទី២ ទោះបីបុគ្គលណាដែលស្ថិតនៅក្នុងចត្តាឡីស័ក ក៏ប៉ុន្តែគាត់អាចប្រើប្រាស់តាមទូរស័ព្ទ គាត់អាចប្រើប្រាស់អីតាមមធ្យោបាយដទៃទៀតដែលមិនចាំបាច់ជួបមុខគ្នានោះទេ » ។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន ដើម្បីសាកសួរបន្ថែមអំពីរឿងនេះ ប៉ុន្តែទូរស័ព្ទចូលពុំមានអ្នកទទួលនៅថ្ងៃទី៤ ធ្នូ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ មានប្រសាសន៍ថា ព័ត៌មានអំពីអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងរាលដាលក្នុងសហគមន៍នេះ នៅមានចន្លោះប្រហោងច្រើននៅឡើយ ហើយវាបណ្ដាលមកពីការធ្វេសប្រហែលរបស់ក្រសួងសុខាភិបាល ដូចជា ករណីមនុស្សក្ដៅខ្លួនរយៈពេលជាង ១០ថ្ងៃទើបរកឃើញជំងឺនេះជាដើម៖ « រឿងនេះវាបណ្ដាលមកពីដើមចមមួយ គឺគេហៅថា ការធ្វេសប្រហែសតាំងពីដើមទីមុនមកដែរ។ ពីដើមទៅហ្នឹងគឺដោយសារអ្នកខ្លះគាត់ក្តៅខ្លួនរហូតដល់ ១០ថ្ងៃហើយបានត្រូវបានគេរកឃើញ យកទៅពិនិត្យទៅបានគេរកឃើញ។ អ៊ីចឹងរឿងដែលបន្តទៀតនេះគឺគ្រប់គ្នា បើសិនជាមានការសង្ស័យហើយមានការមិនទុកចិត្តពីស្ថានភាពនៃអាការៈរបស់ខ្លួន គឺត្រូវតែរកការផ្តល់ជំនួយពីគ្រូពេទ្យ ហើយគ្រូពេទ្យក៏ត្រូវតែមានការឆ្លើយតបឲ្យបានទាន់ពេលវេលាដែរ » ។
គិតត្រឹមល្ងាចថ្ងៃទី៤ ខែធ្នូ កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៣៤៤នាក់ ក្នុងនោះអ្នកបានជាសះស្បើយមានចំនួន ៣០៤នាក់ និងអ្នកកំពុងនៅសម្រាកព្យាបាលមានចំនួន ៤០នាក់។
ទាក់ទងនឹងវិបត្តិជំងឺកូវីដ-១៩ នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសម័យប្រជុំពិសេសលើកទី៣១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ធ្នូថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មិនគួរត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្តជារបៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននោះឡើយ ក្នុងពេលដែលជំងឺនេះកំពុងរីករាលដាលនៅទូទាំងប្រទេសក្នុងសកលលោក និងសម្លាប់មនុស្សរាប់លាននាក់ផងដែរ។ លោកបន្តថា ការសាមគ្គីភាព ឯកភាពក្នុងតំបន់ និងជាសកល គឺជាធាតុសំខាន់ដែលមិនអាចខ្វះបាន។
លោក ហ៊ុន សែន លើកឡើងទៀតថា វ៉ាក់សាំងដែលត្រូវបានរកឃើញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ត្រូវតែជាទំនិញសាធារណៈ និងមានចរិតសកល ហើយត្រូវផ្គត់ផ្គង់ និងចែកចាយក្នុងស្មារតីមនុស្សធម៌ទៅគ្រប់ប្រទេសទាំងអស់ដែលងាយរងគ្រោះ ក្នុងនោះក៏រួមមានទាំងកម្ពុជាផងដែរ៖ « ខណៈពេលដែលជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកកំពុងស្ថិតនៅក្នុងហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេលើសមត្ថភាពគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងគឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះឡើយ » ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ពិនិត្យឃើញថា របបលោក ហ៊ុន សែន បានប្រើប្រាស់វិបត្តិកូវីដ-១៩ ដើម្បីចាប់ចង និងគាបសង្កត់លើសិទ្ធិសេរីភាពពលរដ្ឋ។ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋ ១៥នាក់ដាក់ពន្ធនាគារ ដោយឡែកមនុស្សជាង ៣០នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីពួកគេបានបញ្ចេញមតិពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ-១៩ នៅកម្ពុជា។ ក្រុមអ្នកការពារសិទ្ធិមនុស្សទទូចដល់របបក្រុងភ្នំពេញឱ្យបញ្ឈប់ការយកលេសរឿងជំងឺឆ្លងកូវីដ-១៩ ដើម្បីបង្ក្រាបសកម្មជននយោបាយបក្សប្រឆាំង និងប្រជាពលរដ្ឋតទៅទៀត ព្រោះនេះជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។