កម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ជាបណ្ដោះអាសន្ន រយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១៨ ខែកក្កដាតទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។ ការផ្អាកការធ្វើដំណើរចេញ-ចូលនេះ ផ្ដោតជាពិសេសលើការនាំចូលក្រុមកម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិកក្រុមហ៊ុននានា របស់វៀតណាម ដែលចូលមកធ្វើការងារនៅកម្ពុជា។
លិខិតរបស់ក្រសួងការបរទេសផ្ញើជូនឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម កាលពីថ្ងៃទី១៣ ខែកក្កដា បញ្ជាក់ថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម ដែលបានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលបានធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។ ដោយឡែក ចំពោះការដឹកជញ្ជូនទំនិញនាំចេញនាំចូលវិញ នឹងនៅតែដំណើរការជាប្រក្រតីដោយត្រូវអនុលោមតាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ។
ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ថ្មីៗ នេះ ក៏បានប្រាប់ទៅតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចរបស់វៀតណាម ឱ្យផ្អាកនាំកម្មករវៀតណាមចូលមកប្រទេសកម្ពុជាដែរ។
ក្រសួងកសិកម្មបានចេញលិខិតមួយច្បាប់ កាលពីថ្ងៃទី១២ កក្កដា ដោយយោងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិយាយកាលពីថ្ងៃទី១១ កក្កដា ស្នើសុំឱ្យបណ្តាក្រុមហ៊ុនវៀតណាមដែលកំពុងវិនិយោគនៅកម្ពុជា ផ្អាកការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញជាបណ្ដោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជំងឺកូវីដ១៩។
លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដា ធ្លាប់បានណែនាំម្ដងរួចមកហើយ ក្នុងការទប់ស្កាត់កុំឱ្យជនជាតិវៀតណាមឆ្លងដែន ចេញ-ចូល។ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែកក្កដា លោកបានបញ្ជាក់ថា តាមរបាយការណ៍ គឺនៅតែមានជនជាតិវៀតណាមឆ្លងដែនចេញ-ចូលប្រទេសកម្ពុជា។ លោកពុំបានបញ្ជាក់ពីតួលេខជាក់លាក់នៃចំនួនជនជាតិវៀតណាម ឆ្លងដែនចេញ-ចូលកម្ពុជាក្នុងអំឡុងពេលវិបត្តិកូវីដ១៩ នេះទេ។
លោក ហ៊ុន សែន ក៏បានណែនាំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ឱ្យត្រួតពិនិត្យបន្ថែមនៅតាមខេត្ត ជាប់ព្រំដែនវៀតណាម បញ្ឈប់ឱ្យមានការឆ្លងចេញចូលរបស់ជនជាតិវៀតណាមឲ្យមានប្រសិទ្ធភាព។ លោក បញ្ជាក់ទៀតថា ការឆ្លងចេញចូលរបស់ជនជាតិវៀតណាម ជាបញ្ហាគ្រោះថ្នាក់មួយ នាំដល់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមខេត្តជាប់ព្រំដែនដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។