ក្រសួង​សុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​​​អូមីក្រុង ១៧នាក់​ថ្មី​ទៀត ខណៈឥណ្ឌា​ផ្ដល់​វ៉ាក់សាំង ២សែន​ដូស

ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ ចំនួន ១៧ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​អូមីក្រុង (Omicron) ឆ្លង​ក្នុង​សហគមន៍​ទាំង​អស់។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ជាង ១សែន ៣ម៉ឺន ៥ពាន់​នាក់ (១៣៥.៩៨០) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ១៣ម៉ឺន​នាក់ ២ពាន់​នាក់ (១៣២.៦៦៦) និង​អ្នក​ស្លាប់​មាន​ចំនួន ៣ពាន់ ៥៥នាក់ (៣.០៥៥)។

ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី១១ មេសា រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ ដែល​មាន​អាយុ​ចាប់​ពី ៣ឆ្នាំ​ឡើង​បាន​ជាង ១៤លាន ៨សែន​នាក់ សម្រាប់​ដូស​ទី១ រីឯ​ដូស​ទី២ ចាក់​បាន​ជាង ១៤លាន​នាក់ ហើយ​ដូស​ទី៣ និង​ដូស​ទី៤ រដ្ឋាភិបាល​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង ៩លាន ២សែន​នាក់។

ជា​មួយ​គ្នា​នេះ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ចំនួន ២សែន​ដូស (២០០.០០០) ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ឥណ្ឌា ត្រូវ​បាន​ដឹក​មក​ដល់​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី១១ និង​បាន​ប្រគល់​ជូន​កម្ពុជា ព្រឹក​ថ្ងៃ​ទី១២ មេសា។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​ទី១២ មេសា​ថា វ៉ាក់សាំង​ជាង ១២ម៉ឺន​ដូន (១២៤.០០០) បន្ថែម​ទៀត នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី១៤ មេសា។ ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​ទាំង​នេះ ជា​ជំនួយ​សប្បុរសធម៌​របស់​រដ្ឋាភិបាល​ឥណ្ឌា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។