អ្នកជំងឺកូវីដ ចំនួន ១៩នាក់ទៀតបានស្លាប់ និងឆ្លងថ្មីជិត ៦រយនាក់
2021.08.05
អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ ១.៥០៧នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ១៩នាក់ទៀតបានស្លាប់។ ចំពោះករណីឆ្លងថ្មីវិញ មានចំនួន ៥៩១នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៨៣នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមព្រឹកថ្ងៃទី៥ សីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៨ម៉ឺននាក់ (៨០.២២៥) ក្នុងនោះ អ្នកជាសះស្បើយមានជាង ៧ម៉ឺននាក់ (៧៣.៤២១)។
ទាក់ទងរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ វ៉ាក់សាំងប្រភេទ អាស្ត្រា ហ្សេណេកា (Astra Zeneca) ជាង ៤សែនដូស (៤១៥.០០០) ដែលជាជំនួយរបស់ចក្រភពអង់គ្លេស (United Kingdom) ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី៥ សីហានេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យចក្រភពអង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងដល់កម្ពុជាបន្តទៀត និងជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង អាស្ត្រា ហ្សេណេកា សម្រាប់បំពេញតម្រូវការនាពេលខាងមុខ។ មកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ២១លានដូស ដោយភាគច្រើនជាវ៉ាក់សាំងទិញពីប្រទេសចិន។
ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី៤ សីហា រដ្ឋាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋបានជាង ៧លាននាក់ ស្មើនឹងជាង ៧៥% ក្នុងចំណោមពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។ ចំណែកកុមារ និងយុវជនអាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា ចាក់បានជាង ១សែន ៦ម៉ឺននាក់ ឬស្មើនឹងជាង ៨% ហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់សរុបជិត ២លាននាក់។
ទាក់ទងនឹងការធ្វើតេស្តរហ័ស (Rapid Test) រកមេរោគកូវីដ-១៩ វិញ ក្រសួងសុខាភិបាលប្រកាសកាលពីថ្ងៃទី៤ សីហាថា ការធ្វើតេស្តរហ័សនេះមិនគិតថ្លៃសេវាទេនៅតាមមូលដ្ឋានសុខភាពសាធារណៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។