អ្នកជំងឺ​កូវីដ ចំនួន ១៩នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជិត ៦រយ​នាក់

អ្នក​ស្លាប់​ដោយ​សារ​ជំងឺកូវីដ-១៩ កើន​ឡើង​ដល់ ១.៥០៧នាក់​ហើយ បន្ទាប់​ពី​អ្នក​ជំងឺ ១៩នាក់​ទៀត​បាន​ស្លាប់។ ចំពោះ​ករណី​ឆ្លង​ថ្មីវិញ មាន​ចំនួន ៥៩១នាក់នៅ​ថ្ងៃ​ដដែល​នេះក្នុង​នោះ១៨៣នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

គិត​ត្រឹម​ព្រឹក​​​ថ្ងៃ​ទី៥ សីហា កម្ពុជា​មាន​អ្នក​កើត​ជំងឺកូវីដ-១៩ ជាង ៨ម៉ឺននាក់ (៨០.២២៥) ក្នុង​នោះ អ្នក​ជា​សះ​ស្បើយ​មានជាង ៧ម៉ឺន​នាក់ (៧៣.៤២១)។

ទាក់ទង​រឿង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ វិញ វ៉ាក់សាំង​ប្រភេទ អាស្ត្រា ហ្សេណេកា (Astra Zeneca) ជាង ៤សែន​ដូស (៤១៥.០០០) ដែល​ជា​ជំនួយ​របស់​ចក្រភព​អង់គ្លេស (United Kingdom) ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ នៅ​រសៀល​ថ្ងៃ​ទី៥ សីហា​នេះ។លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើ​ឱ្យ​ចក្រភព​អង់គ្លេស​ផ្តល់​ជំនួយ​វ៉ាក់សាំង​ដល់​កម្ពុជា​បន្ត​ទៀត និង​ជួយ​សម្រប​សម្រួល​ដល់​កម្ពុជា​ក្នុង​ការ​បញ្ជា​ទិញ​វ៉ាក់សាំង​ អាស្ត្រា ហ្សេណេកា សម្រាប់​បំពេ​ញ​តម្រូវ​ការ​នា​ពេល​ខាង​មុខ។ មក​ដល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំង​ក្នុង​ដៃ​ជាង ២១លាន​ដូស​ ដោយ​ភាគ​ច្រើន​ជា​វ៉ាក់សាំង​ទិញ​ពី​ប្រទេស​ចិន។

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៤ សីហា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៧លាន​នាក់ ស្មើ​នឹង​ជាង ៧៥% ក្នុង​ចំណោម​ពលរដ្ឋ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ១០លាន​នាក់។ ចំណែក​កុមារ និង​យុវជន​អាយុពី ១២ឆ្នាំដល់ ១៧ឆ្នាំ​វិញក្រសួង​បញ្ជាក់​ថា ចាក់​បាន​ជាង ១សែន ៦ម៉ឺន​នាក់ឬ​ស្មើ​នឹង​ជាង ៨% ហើយ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត២លាន​នាក់។

ទាក់ទង​នឹង​ការ​ធ្វើ​តេស្តរហ័ស (Rapid Test) រក​មេរោគ​កូវីដ-១៩ វិញ ក្រសួង​សុខាភិបាល​ប្រកាស​កាល​ពី​ថ្ងៃ​ទី៤ សីហា​ថា ការ​ធ្វើ​តេស្ត​រហ័ស​នេះ​មិន​គិត​ថ្លៃ​សេវា​ទេ​នៅ​តាម​មូលដ្ឋាន​សុខភាព​សាធារណៈ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។