អ្នកជំងឺកូវីដ-១៩ ចំនួន ១៧នាក់បន្ថែមទៀតបានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ជាង ១ពាន់ ៦០០នាក់(១.៦០២)ហើយ គិតត្រឹមថ្ងៃទី១០ ខែសីហា។ ចំពោះករណីឆ្លងថ្មីវិញ មាន ៤៩៩នាក់ ក្នុងនោះ ១២៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ រីឯអ្នកជាសះស្បើយមានជាង ៨០០នាក់ នៅថ្ងៃដដែលនេះ។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ ដែលជាខេត្តនៅជាប់ព្រំដែនប្រទេសថៃមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេ ដែលមានអ្នកឆ្លងថ្មីចំនួន១៣១នាក់ នៅថ្ងៃទី១០ ខែសីហា។
គិតត្រឹមព្រឹកថ្ងៃទី១០ ខែសីហា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ចំនួន ៨២.៨៩៨នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន ៧៧.០៣៧នាក់។
ជាមួយគ្នានេះក្រសួងសុខាភិបាលបានប្រកាសថា អ្នកដែលរកឃើញឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា (Delta) នឹងមិនអនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះនោះទេ ដោយតម្រូវឱ្យអ្នកជំងឺទៅទទួលការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬនៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ដែលក្រសួងសុខាភិបាលបានរៀបចំ។
ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី៩ ខែសីហា រដ្ឋាភិបាលបានចាក់វ៉ាក់សាំងជូនពលរដ្ឋបានជិត ៨០% ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០លាននាក់។
ចំណែកកុមារ និងយុវជនអាយុចន្លោះពី ១២ឆ្នាំដល់ ១៧ឆ្នាំវិញ ក្រសួងបញ្ជាក់ថា ចាក់បានជាង ៣សែននាក់ហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់វ៉ាក់សាំងសរុបជិត ២លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។