អ្នកមានជំងឺកូវីដ-១៩ ចំនួន ៩នាក់ទៀតបានស្លាប់ ដែលធ្វើឱ្យករណីស្លាប់ដោយសារជំងឺនេះកើនឡើងដល់ ២.០៨៥នាក់ហើយនៅថ្ងៃទី១៤ កញ្ញា។
ចំពោះករណីឆ្លងថ្មីវិញ មាន ៦៥៧នាក់ នៅថ្ងៃដដែលនេះ ក្នុងនោះ ១៥៣នាក់ ជាករណីនាំចូលពីក្រៅប្រទេស។ មួយរយៈនេះ នៅខេត្តបន្ទាយមានជ័យ នៅតែមានអ្នកឆ្លងជំងឺកូវីដ១៩ ខ្ពស់ដដែល ដោយអ្នកឆ្លងថ្មីជាង ១០០នាក់ក្នុងមួយថ្ងៃ ក្នុងនោះភាគច្រើនជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
គិតត្រឹមព្រឹកថ្ងៃទី១៤ កញ្ញា កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ ជាង ១សែននាក់ (១០០.៧៩០) ក្នុងនោះអ្នកជាសះស្បើយមានជិត ៩ម៉ឺន ៥ពាន់នាក់ (៩៤.៩០៤)។
ចំពោះការចាក់វ៉ាក់សាំងវិញក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមថ្ងៃទី១៣ កញ្ញា រដ្ឋាភិបាលចាក់ជូនពលរដ្ឋជិតសម្រេចផែនការណ៍ ១០០ភាគរយហើយ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងសរុបជិត ១២លាននាក់។ ទោះបីជារដ្ឋាភិបាលចាក់វ៉ាក់សាំងជិតសម្រេចផែនការយ៉ាងនេះក្ដី ក៏ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ និងអ្នកឆ្លងថ្មីនៅតែមានចំនួនគួរឱ្យព្រួយបារម្ភដដែល។ រយៈពេល ១សប្ដាហ៍ចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺនេះចន្លោះពី ៩ទៅជាង ២០នាក់ក្នុងមួយថ្ងៃ និងអ្នកឆ្លងថ្មីប្រមាណពី ៥៥០នាក់ទៅជិត ៧០០នាក់ក្នុងមួយថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។