រដ្ឋាភិបាលកម្ពុជា នឹងបរិច្ចាគវ៉ាក់សាំង២សែនដូស (២០០ ០០០) ដែលខ្លួនទិញពីប្រទេសចិនឲ្យទៅប្រទេសឡាវ។ ដំណឹងនៃការបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ ត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែកញ្ញា ម្សិលមិញ។
វ៉ាក់សាំង២សែនដូសនេះ នឹងត្រូវប្រគល់ទៅរដ្ឋាភិបាលឡាវនៅថ្ងៃទី២៨ ខែកញ្ញានេះ ដោយមានរដ្ឋលេខាធិការក្រសួងការបរទេសលោក អ៊ុច បូររិទ្ធ ជាតំណាងកម្ពុជាក្នុងពិធីប្រគល់វ៉ាក់សាំងដែលគ្រោងធ្វើនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលក្នុងខេត្តស្ទឹងត្រែង។
វ៉ាក់សាំង ២សែនដូសនេះ បើគិតជាទឹកប្រាក់គឺប្រមាណ២លានដុល្លារ។ គិតមកត្រឹមថ្ងៃទី២៤ ខែកញ្ញា កម្ពុជាបានទិញវ៉ាក់សាំងពីចិនចំនួនជាង ២៥លានដូស (២៥,៥០០,០០០) ដោយក្នុងមួយដូសតម្លៃ ១០ដុល្លារ ដែលគិតជាទឹកប្រាក់សរុបដែលចំណាយលើការទិញវ៉ាក់សាំងចិននេះមានប្រមាណជាង២៥០លានដុល្លារហើយ។ កន្លងមករដ្ឋាភិបាលក៏បានរៃអង្គាសប្រាក់ពីពលរដ្ឋបានប្រមាណជាង៥០លានដុល្លារដើម្បីទិញវ៉ាក់សាំងទាំងនេះ។
លោក អ៊ុច បូររិទ្ធ ប្រាប់ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ថាការសម្រេចផ្ដល់វ៉ាក់សាំងរបស់កម្ពុជាជូនរដ្ឋាភិបាលឡាវនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់កម្ពុជាចំពោះសុខុមាលភាពប្រជាពលរដ្ឋនៃប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ប្រទេសឡាវមានអ្នកឆ្លងជំងឺកូវីដ-១៩ តិចជាងកម្ពុជា ៥ ដង និងមានអ្នកស្លាប់តិចជាងកម្ពុជា ជាង ១៤០ ដង ដោយអ្នកផ្ទុកជំងឺកូវីដ-១៩ សរុបនៅប្រទេសឡាវគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា មានជាង ២ ម៉ឺន១ពាន់នាក់ (២១,៨១៩) និងអ្នកស្លាប់សរុប១៦នាក់។
កន្លងមកប្រទេសឡាវបានទទួលវ៉ាក់សាំងជិត ៨លានដូស ពីប្រទេសចិន អង់គ្លេស អាមេរិក និងរុស្ស៊ី៕
សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតជូននាយករដ្ឋមន្រ្តីឡាវ អំពីការផ្តល់អំណោយជូនរដ្ឋាភិបាលឡាវនូវវ៉ាក់សាំងកូវីដ-១៩ ចំនួន...
Posted by ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា on Monday, September 27, 2021
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។