ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង អំពាវនាវដល់ពលរដ្ឋខ្មែរបន្តធ្វើការងារ ប្រចាំថ្ងៃជាធម្មតា និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរកូរ៉េអំពីវិធីការពារជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19)។ ការអំពាវនាវនេះ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង កំពុងផ្ទុះការរីករាលដាលវីរុសកូរ៉ូណាថ្មី ឬកូវីដ-១៩ បណ្ដាលឲ្យពលរដ្ឋខ្មែររស់នៅ ធ្វើការ និងសិក្សានៅទីនោះ មានការព្រួយបារម្ភខ្លាំង។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បង្ហោះសារនៅលើគេទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈថា មកដល់ពេលនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានជំងឺកូវីដ-១៩ (Covid-19 )នៅឡើយទេ។ ចំពោះព័ត៌មានមួយចំនួន ដែលសង្ស័យថា មានពលករខ្មែរម្នាក់ដែលធ្វើការនៅតំបន់០៤១ កើតជំងឺផ្លូវដង្ហើម កូវីដ-១៩ (Covid-19) នោះ គឺក្រុមគ្រូពេទ្យជំនាញកូរ៉េ បានពិនិត្យរួចរាល់ ហើយនិងបានបញ្ជាក់ថា ពលកររូបនោះ មិនមានផ្ទុកជំងឺកាចសាហាវនេះទេ។
ស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង ក៏អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ បន្តប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតា និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ និងជាពិសេស កុំជឿព័ត៌មានក្លែងក្លាយតាមបណ្ដាញសង្គមខ្លះ ដែលមានលក្ខណៈបំភិតបំភ័យ ខុសពីការពិត។
អាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ បានទេ ចំណែកមន្ត្រីរដ្ឋបាលនៃស្ថានទូត ក៏បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមដែរ។
ពលករខ្មែរម្នាក់ដែលកំពុងរស់នៅ និងធ្វើការក្នុងទីក្រុងដេវូ (Daegu) លោក ទឹម វណ្ណី បង្ហាញអារម្មណ៍ភិតភ័យអំពីបញ្ហាសុខភាពផ្ទាល់ខ្លួន ក្រោយពីទទួលបានដំណឹងថា តំបន់ដែលលោកកំពុងរស់ នៅមានការឆ្លងរាលដាលខ្លាំងនូវជំងឺ កូវីដ-១៩ ប៉ុន្តែរោងចក្រ ដែលលោកកំពុងធ្វើការនោះ មិនទាន់ផ្អាកដំណើរការនៅឡើយ។ ពលកររូបនេះ បញ្ជាក់ថា អាជ្ញាធរកូរ៉េ មានការយកចិត្តទុកខ្លាំងបំផុត ចំពោះមនុស្សគ្រប់រូបមិនថាជនជាតិកូរ៉េ ឬជនជាតិបរទេសនោះទេ ប៉ុន្តែលោកថា មិនទាន់ឃើញស្ថានទូតកម្ពុជាផ្សព្វផ្សាយអប់រំណែនាំពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងឲ្យបានទូលំទូលាយឡើយ៖ «នៅទីក្រុងដេវូ គឺមានពលករខ្មែរយើងច្រើន។ រាល់ថ្ងៃនេះ យើងខ្ញុំមានវិធានការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលកូរ៉េ ដែលគេផ្ញើសារមកយើង ជានិយាយមួយថ្ងៃទី៤ ទៅ ៥ដង ដើម្បីឲ្យយើងការពារខ្លួន ដូចជា ពេលយើងចេញទៅក្រៅ ត្រូវពាក់ម៉ាស់ ហើយឧស្សាហ៍លាងដៃ ហើយកុំយកមកប៉ះច្រមុះរបស់យើង និងនៅពេលត្រឡប់មកវិញ ត្រូវបោះម៉ាស់ចោល និងមានទឹកអាកុលសម្រាប់លាងដៃផងដែរ » ។
ចំណែកស្ត្រីខ្មែររៀបការជាមួយជនជាតិកូរ៉េម្នាក់ទៀត ដែលកំពុងរស់នៅ និងធ្វើការក្នុងទីក្រុងដេវូដែរ គឺលោកស្រី ពៅ ចន្ថា រៀបរាប់ថា ការឆ្លងរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើង ដោយវីរុសកូរ៉ណា នៅតំបន់ភាគត្បូងប្រទេសកូរ៉េ គឺកំពុងបង្កការភ័យខ្លាចខ្លាំងរហូតដល់មានជនជាតិកូរ៉េមួយចំនួន តវ៉ាឲ្យរដ្ឋាភិបាលកូរ៉េ ចាត់វិធានការបណ្ដេញជនជាតិចិនឲ្យត្រឡប់ ទៅប្រទេសដើមវិញទៀតផង។ លោកស្រី អំពាវនាវឲ្យស្ថានទូតខ្មែរ ពង្រឹងសហការជាមួយអាជ្ញាធរកូរ៉េឲ្យបានដិតដល់ ដើម្បីផ្សព្វផ្សាយអប់រំពីវិធានការការពារខ្លួន និងត្រៀមជួយពលរដ្ឋខ្មែរឲ្យបានទាន់ពេលវេលាក្នុងករណីមានបញ្ហាកើតឡើង៖ « យើងមានការព្រួយបារម្ភខ្លាំង ព្រោះយើងត្រូវទៅធ្វើការទៅវិញទៅមក ហើយជំងឺនេះឆ្លងខ្លាំងដែរ គ្រាន់តែនិយាយទល់មុខគ្នាក៏ឆ្លង ហើយឥឡូវនេះ រីករាលដាលច្រើនពិបាកទប់ស្កាត់ដែរនៅកូរ៉េ » ។
របាយការណ៍ក្រសួងការងារ ឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង មានពលករខ្មែរជិត ៥ម៉ឺននាក់។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yunhap) ចុះផ្សាយថា មកដល់ថ្ងៃទី២៥ កុម្ភៈ ប្រទេសកូរ៉េខាងត្បូង ឈរលេខរៀងទី២ បន្ទាប់ពីប្រទេសចិន គឺមានមនុស្សចំនួន ១០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងមានមនុស្ស ៩៧៧នាក់ បានឆ្លងវីរុសកូវីដ-១៩។ អាជ្ញាធរកូរ៉េ ក៏កំពុងតាមដានសុខភាពមនុស្សជាង ១ម៉ឺន ៣ពាន់នាក់ទៀត។
ចំណែកនៅឯប្រទេសកម្ពុជាវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជែកសញ្ញាប័ត្រ ដល់និស្សិតនៅថ្ងៃទី២៥ ខែកុម្ភៈថា អ្នកទេសចរទាំងអស់នៅលើនាវាវ៉េស្ទើដាម (Westerdam) បាន ចាកចេញពីប្រទេសកម្ពុជាអស់ហើយ និងមិនមានបន្សល់ទុកជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩ នោះទេ៖ «យើងបានធ្វើកិច្ចការដ៏ល្អ ចំពោះនាវា Westerdam ពីកិច្ចការមនុស្សធម៌របស់យើង។ ទេសចរទាំងអស់ បានចេញពីប្រទេសកម្ពុជាប៉ុន្មានថ្ងៃហើយ មិនបន្សល់ទុកជំងឺណាមួយនៅកម្ពុជានេះទេ។ ជំងឺវាមិនឆ្លងមកខ្ញុំឯណា បើខ្ញុំឆ្លងជំងឺ តើនិយាយអ៊ីចឹងបាន ឬអី » ។
ទោះជាយ៉ាងណា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូ អាដហានូម ហ្គេប្រេយ សឹស (Tedros Adhanom Ghebreyesus) ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា ការកើន ឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) ក្នុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ នៅក្នុងផ្នែកខ្លះនៃពិភពលោក ដូចជា នៅប្រទេសអ៊ីរ៉ង់ ប្រទេសអ៊ីតាលី និងកូរ៉េខាងត្បូង គឺជារឿងមួយគួរឱ្យព្រួយបារម្ភ។ លោកអំពាវនាវឲ្យពិភពលោក គួរតែត្រៀមខ្លួនឲ្យហើយ ដើម្បីប្រឈមមុខនឹងជំងឺឆ្លង ដែលអាចក្លាយទៅជាជំងឺរាតត្បាតសកល។
គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ (Covid-19) បានកើនឡើងដល់ជាង ២ពាន់ ៧រយ (២.៧០៤) នាក់ហើយ ខណៈអ្នកឆ្លងកើនដល់ ជាង៨ម៉ឺន (៨០.២៣៩)នាក់។ចំណែកអ្នកព្យាបាលជាសះស្បើយចំនួនជិត ២ម៉ឺន (២៧.៤៧១)នាក់។ អ្នកស្លាប់ និងអ្នកឆ្លងភាគច្រើនបំផុតនៅប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។