មន្ត្រី​សង្គម​ស៊ីវិល៖ ការ​ផ្សាយ​អំពី​វ៉ាក់សាំង​ជំនួយ​ពី​បរទេស​ថា ជា​អំណោយ​របស់​លោក ហ៊ុន សែន ជា​ការ​រមិលគុណ​ម្ចាស់​ជំនួយ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការណ៍​ដែល​មន្ត្រី​ជាន់​ខ្ពស់ ទាំង​ផ្នែក​ស៊ីវិល និង​យោធា នាំ​គ្នា​ប្រកាស​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​បាន​ពី​ជំនួយ​របស់​រដ្ឋាភិបាល​បរទេស ប៉ុន្តែ​ថា ជា «អំណោយ​ដ៏​ថ្លៃថ្លា» របស់​លោក ហ៊ុន សែន នោះ គឺ​ជា​ការ​រមិលគុណ​ម្ចាស់​ជំនួយ និង​បង្ខូច​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។

តាំង​ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី៣ ដែល​ជា​វ៉ាក់សាំង​អង់គ្លេស អាស្រ្តាហ្សេណេកា (AstraZeneca) និង​ជា​ដូស​ជំរុញ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​លើ​វ៉ាក់សាំង​ចិន​នោះ មន្ត្រី​ជាន់​ខ្ពស់​ទាំង​ផ្នែក​ស៊ីវិល និង​យោធា​ជា​បន្ត​បន្ទាប់​បាន​លើក​សរសើរ​និង​ដឹង​គុណ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ជាង​ដឹង​គុណ​ម្ចាស់​ជំនួយ។

ដំបូង​ឡើយ គឺ​អភិបាល​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ុំ រាត្រី ដែល​បង្ហោះ​សារ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៧ ខែ​សីហា ដោយ​សរសេរ​ថា វ៉ាក់សាំង​កូវីដ-១៩ ប្រភេទ អាស្រ្តាហ្សេណេកា (AstraZeneca) ដែល​ក្រុម​ការងារ​ខេត្ត​ទទួល​បាន​នៅ​ពេល​នោះ គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន សែន។

បន្ទាប់មក​នៅ​ថ្ងៃ​ទី៩ ខែ​សីហា ពាក្យ «អំណោយ​ដ៏​ថ្លៃថ្លា» របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​ប្រើ​ជា​ប្រព័ន្ធ និង​រត់មាត់​ដោយ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​យោធា​នៃ​បញ្ជាការដ្ឋាន​យោធភូមិ​ភាគ​ទី៥ តាមរយៈ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​បញ្ជាការដ្ឋាន​នេះ ដោយ​សរសេរ​ថា លោក ឧត្ដមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការ​រង​យោធភូមិភាគ​ទី៥ ដឹកនាំ​ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដូស​ទី៣ (ដូស​ជំរុញ) នៅ​មន្ទីរពេទ្យ​សំពៅ​លូន ទិស​យោធភូមិភាគ​ទី៥។ សារ​នោះ​បន្ត​ថា វ៉ាក់សាំង​ដូស​ទី​៣​នេះ គឺ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន សែន។

ការ​ផ្សព្វផ្សាយ​សារ​លើក​សរសើរ​លោក ហ៊ុន សែន ដែល​ប្រាស​ចាក​ពី​ការ​ពិត​បែប​នេះ ធ្វើឲ្យ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​យ៉ាង​ចាស់​ដៃ។ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ ថា មន្រ្តី​ទាំងនោះ​មិនគួរ​ស្រពិចស្រពិល អំពី​ប្រភព​ពិត​នៃ​ម្ចាស់​អំណោយ​វ៉ាក់សាំង​ទាំងនេះ​នោះ​ទេ ព្រោះ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ទាំង​នេះ សុទ្ធតែ​មាន​ប្រភព​ច្បាស់លាស់។ លោក​បន្ថែម​ថា ការ​ផ្សព្វផ្សាយ​ដោយ​ច្រឡំ​ប្រភព​បែប​នេះ គឺ​ធ្វើឲ្យ​មន្ត្រី​ទាំងនោះ​ ​រង​នូវ​ការរិះគន់ និង​ប៉ះពាល់​ដល់​សេចក្តី​ទុក​ចិត្ត​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន៖ « បើសិនជា​វ៉ាក់សាំង​ដែល​យក​ទៅ​ចាក់​ជូន​ប្រជាពលរដ្ឋ​ហ្នឹង ជា​ការ​មួយ ដែល​ប្រើប្រាស់​ថវិកាជាតិ ឬ​ថវិកា​ជំនួយ​សម្បុរ​សជន​ក្នុងស្រុក​យក​ទៅ​ទិញ ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ប្រទេស អ្នក​ដែល​យក​ព័ត៌មាន​ហ្នឹង​ទៅ​និយាយ ក៏​ត្រូវ​ដឹង​ដែរ។ ជំនួយ​មួយ​ទៀត​ឧបមា​ថា ជំនួយ​ពី​ប្រទេស​ផ្សេង​មាន​អាមេរិក មាន​ប្រទេស​មួយ​ចំនួន​ទៀត​ហ្នឹង​គេ​គួរតែ​យល់​ដែរ​ថា នេះ​ជា​ជំនួយ​ឥត​សំណង​ជំនួយ​គ្មាន​លក្ខខណ្ឌ​មកពី​ប្រទេស​ណា។ អា​ហ្នឹង​គឺជា​ការ​ថ្លែង​អំណរគុណ​ទៅដល់​កិច្ច​ខិតខំ​ប្រឹងប្រែង ដែល​បរទេស​គេ​ជួយ​យើង​តាម​ទំនាក់ទំនង​អន្តរជាតិ »

លោក សន ជ័យ ថា កម្ពុជា​គួរតែ​មាន​គោលការណ៍​ច្បាស់លាស់​មួយ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ជំនួយ​វ៉ាក់សាំង​ទាំង​នេះ​ថា បាន​មក​ជា​ជំនួយ​របស់​ប្រទេស​ណា ឬ​កម្ពុជា​យក​លុយ​ខ្លួន​ឯង​ទៅ​ទិញ។លោក​ថា បើ​មាន​គោលការណ៍​ច្បាស់លាស់​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​ព័ត៌មាន​ពិត ដែល​មាន​តុល្យភាព ជា​ពិសេស ជា​ការ​ដឹង​គុណ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ជួយ​កម្ពុជា​ផង៖ « ចៀស​មិន​រួច​ទេ គឺ​គុណសម្បត្តិ​មាន​ទាំងពីរ​ហ្នឹង គឺ​រដ្ឋាភិបាល និង​ម្ចាស់​ជំនួយ ព្រោះ​មុននឹង​ជំនួយ ឬ​អំណោយ​ទាំង​អស់​នោះ​មកដល់​កម្ពុជា ក៏​តួអង្គ​ដែល​បំពេញ​ការងារ​ហ្នឹង សុទ្ធតែ​មាន​ចំណែក​ជា​គុណ​តម្លៃ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្រាប់​ប្រទេសជាតិ​របស់​ខ្លួន។ គេ​ឃើញ​កិច្ច​ខិតខំ​ប្រឹងប្រែង​បែប​នេះ។ គេ​ឃើញ​ការ​ខ្វះខាត និង​ការ​ចង់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​គ្រា​លំបាក​ហ្នឹង គឺ​ប្រទេស​អ្នក​មាន​គេ​នៅ​តែ​ជួយ​ដល់​កម្ពុជា »

ទោះ​ជា​យ៉ាង​នេះ​ក្ដី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ និង​មន្ត្រី​ជាន់ខ្ពស់​យោធា​នៃ​យោធភូមិភាគ​ទី៥ បាន​ទាត់​ចោល​ម្ចាស់​ជំនួយ​ពិត ដោយ​ដាក់​ជំនួស​លោក ហ៊ុន សែន ថា ជា​អ្នក​ផ្តល់​អំណោយ​វ៉ាក់សាំង​ទាំង​នេះ​ទៅ​វិញ។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំមើល​សង្គម​ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ការ​រមិលគុណ និង​ខ្វះ​សីលធម៌។

ថ្មីៗ នេះ កម្ពុជា​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​ជា​ផលិតផល​របស់​អង់គ្លេស ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ពី​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ចំនួន ១លាន​ដូស និង​ពី​រដ្ឋាភិបាល​អង់គ្លេស​ចំនួន​ជិត​កន្លះ​លាន​ដូស (៤១៥.០០០ដូស)។ កាល​ពី​ដើម​ខែ​មីនា​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​នេះ តាម​យន្តការ​កូវ៉ាក់ (COVAX) របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ចំនួន​ជាង ៣សែន​ដូស​ដែរ (៣២៤.០០០ដូស)។

Vaccine_from_UK_080521.jpg
វ៉ាក់សាំង អាស្ត្រាហ្សេណេកា (AstraZeneca) បង្ការ​ជំងឺ​កូវីដ១៩ ដែល​ជា​អំណោយ​ពី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​នៃចក្រភពអង់គ្លេស មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន



ប្រជាជន​អាមេរិក ក៏​បាន​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១លាន​ដូស​ដែរ ដោយ​ផ្តល់​តាម​យន្ត​ការចែក​អំណោយ​វ៉ាក់សាំង​ស្មើភាព​គ្នា​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​វ៉ាក់សាំង ចនសុន​​អែន​ចនសុន (Johnson&Johnson)។

ភាគ​ច្រើន​លើសលប់​នៃ​វ៉ាក់សាំង ដែល​កម្ពុជា​បាន​ចាក់​ឲ្យ​ពលរដ្ឋ គឺ​បាន​ពី​ជំនួយ​វ៉ាក់សាំង​ចិន ដែល​មាន​ជាង ៣លាន​ដូស និង​វ៉ាក់សាំង​ចិន ដែល​លក់​ឲ្យ​កម្ពុជា​ជិត ១៦លាន​ដូស ដែល​ស្មើនឹង​ទឹក​ប្រាក់​ប្រមាណ ១៦០លាន​ដុល្លារ។

ក្រៅ​ពី​នេះ កម្ពុជា​ទទួល​បាន​ជំនួយ​រាប់​សិប​លាន​ដុល្លារ សម្រាប់​ទិញ​វ៉ាក់សាំង​ពី​រដ្ឋាភិបាល​អូស្រ្តាលី​និង​សហភាព​អឺរ៉ុប។ កម្ពុជា​ក៏​បាន​រៃ​អង្គាស​ប្រាក់​ពី​អ្នក​មាន​ស្រុក​ខ្មែរ បាន​រាប់​សិប​លាន​ដុល្លារ​ដែរ​សម្រាប់​ទិញ​វ៉ាក់សាំង។

ជា​រួម​វ៉ាក់សាំង​ទាំងឡាយ​ទាំង​វ៉ាក់សាំង​ចិន និង​វ៉ាក់សាំង​អង់គ្លេស និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​នេះ មិនមែន​ជា​អំណោយ​របស់​លោក ហ៊ុន សែន នោះ​ទេ។ ប៉ុន្តែ មន្ត្រី​ខ្មែរ​នៅ​តែ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​ថា វ៉ាក់សាំង​ទាំង​នោះ ជា​អំណោយ​របស់​លោក ហ៊ុន សែន ទៅ​វិញ។

ប្រការ​នេះ ធ្វើ​ឲ្យ​អ្នក​សិក្សា និង​ឃ្លាំមើល​សង្គម​លោក​បណ្ឌិត សេង សារី ថា កម្ពុជា​មាន​វប្បធម៌​ដុះស្នឹម​ក្នុង​ការ​លើក​ជើង​មេ​ជា​ជាង​ស្ថាប័ន។ លោក​ថា ទម្លាប់​ផ្គាប់ផ្គុន​មេ​នេះ គឺ​ធ្វើ​ដើម្បី​យក​រស់​ខ្លួន​ឯង ព្រោះ​ខ្លាច​គេ​ដកហូត​ដំណែង។ មិន​តែ​ប៉ុណ្ណោះ លោក​ថា ឥរិយា​បទ​បែប​នេះ កើត​ឡើង​ដោយសារ​តែ​របៀប​ដឹកនាំ​តាម​មេ​កន្ទ្រាញ​សម័យ​ទំនើប ដែល​កូនចៅ​ត្រូវ​ប្រឹង​រក​លុយ​ឲ្យ​មេ និង​សរសើរ​ផ្គាប់ផ្គុន​មេ​គ្រប់​ភារកិច្ច​ទោះ​ការ​សរសើរ​នោះ​ប្រាសចាក​ក្រម​សីលធម៌ និង​ការពិត​ក៏​ដោយ។លោក​ថា ប្រព័ន្ធ​គ្រប់គ្រង​បែប​នេះ បាន​រីក​សាយ​ពេញ​ផ្ទៃ​ប្រទេស និង​ធ្វើឲ្យ​មន្រ្តី​ខ្មែរ​លែង​សូវ​មាន​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។