ស្ត្រីខ្មែរបារម្ភគ្រោះថ្នាក់ពេលអត់លុយសម្រាលកូន និងនៅតែមិនទុកចិត្ត សេវាមន្ទីរពេទ្យរដ្ឋ។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលជួយជ្រោមជ្រែង ទាំងសេវាសម្រាលកូន និងជីវភាពម្ដាយនិងទារកឱ្យបានសមរម្យ។
ពលរដ្ឋរស់នៅសហគមន៍ដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ លោកស្រី អាន សុខឃីម ដែលមានកូនប្រុសស្រី ៣ នាក់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៦ មីនា ថា ក្រោយរៀបការ មិនមានគម្រោងយកកូនភ្លាមៗទេ ព្រោះខ្វះខាតខ្លាំងណាស់។ លោកស្រីថា ព្រោះតែមិនបានការពារ ក៏មានកូនទាំងមិនបានត្រៀមខ្លួនធ្វើជាម្ដាយ តែលោកស្រីនៅតែសម្រេចចិត្តទុកកូន មិនយកចេញទេ។
ស្ត្រីអាយុ ៣៨ឆ្នាំរូបនេះ ដែលលក់ដូរកំប៉ិកកំប៉ុកនៅផ្ទះ ត្អូញត្អែរអំពីកំណើតកូនទី១ ថា នៅពេលសម្រាលកូន ក្នុងគ្រួសារមិនមានថវិកាឡើយ និងក៏ចំពេលប្ដីរបស់ លោកស្រី ដែលធ្វើការឱ្យក្រុមហ៊ុនឯកជន មានប្រាក់តិចតួច ហើយឈឺទៀត។ លោកស្រីថា ក្រោយមកយកកូន២នាក់ទៀត មិនមែនដោយសារ ជីវភាពប្រសើរឡើងទេ ប៉ុន្តែព្រោះចង់បានកូន។
លោកស្រី អាន សុខឃីម៖ «ពេលជំនាន់នោះ ពេលខ្ញុំអត់ក៏អត់មានលុយឆ្លុះអេកូដែរ ដឹងថា គ្រប់ខែហើយ ប៉ុន្តែមិនដឹងថា ថ្ងៃណាអ៊ីចឹង លុយដែលយើងត្រៀមទុកចាយអស់ តែបានអង្គការជួយអ៊ីចឹង។ អ៊ីចឹងមានលុយតិចមែនទែន នៅពេលខ្ញុំសម្រាលអត់លុយហ្នឹង គឺខ្ញុំហូបមី ព្រលឹមឡើងហូបមី ថ្ងៃឡើងហូបមី ល្ងាចឡើងក៏ហូបមីដែរ ជីវភាពលំបាកគឺលំបាកមែនទែន»។
លោកស្រី អាន សុខឃីម រៀបរាប់ថា ពេលសម្រាលកូនម្ដងៗ លោកស្រីបារម្ភខ្លាំង ពីព្រោះ ជីវភាពលំបាកពេក ហើយបើត្រូវវះកាត់វិញ មិនដឹងដោះស្រាយយ៉ាងណា នោះទេ។ លោកស្រី ចង់ឱ្យមានការជួយជ្រោមជ្រែង ទាំងសេវាសម្រាលកូន និង ជីវភាពម្ដាយនិងទារក ឱ្យបានសមរម្យពីរដ្ឋាភិបាល។ លោកស្រីថា បញ្ហាជីវភាព ក្រីក្រ គឺជារឿងស្មុគស្មាញសម្រាប់ស្ត្រីខ្មែរ ក្នុងការសម្រេចយកកូន។
រីឯពលរដ្ឋម្នាក់ទៀតរស់នៅរាជធានីភ្នំពេញ លោកស្រី យេន សុភាព ដែលធ្វើការ នៅអង្គការសង្គមស៊ីវិល លើកឡើងថា ដំបូងឡើយលោកស្រីនិងប្ដី ពិភាក្សាគ្នា សម្រេចចិត្តមិនយកកូនភ្លាមៗទេ ដោយរង់ចាំឱ្យមានជីវភាពធូរធារសិន ប៉ុន្តែដល់ ពេលដឹងថា មានកូនក៏ទុកតែម្ដង គ្មានជម្រើសល្អជាងនេះទេ ព្រោះអាណិតកូន។
លោកស្រីថា ពេលដឹងមានផ្ទៃពោះ លោកស្រីបារម្ភពីសុខភាពរបស់កូននៅក្នុងផ្ទៃ ព្រោះលោកស្រីនិងប្ដីមិនបានពិនិត្យសុខភាពត្រៀមជាមុនឡើយ។ យ៉ាងណា លោកស្រីក៏បានទៅពិគ្រោះជាមួយគ្រូពេទ្យ តាមកំណត់ ២ដង ក្នុងមួយខែនៅមន្ទីរពេទ្យឯកជនផង និងរដ្ឋផង រួមទាំងទទួលវ៉ាក់សាំង និងថ្នាំវីតាមីន។
លោកស្រីយល់ថា ស្ត្រីឬម្ដាយ ដែលមានបញ្ហានៅពេលសម្រាលកូន អាចបណ្ដាលមកពីកត្តាសុខភាពរបស់ម្ដាយខ្លះ ដូចជា គ្រួសារក្រីក្រ របបអាហារមិនគ្រប់គ្រាន់ សម្រាប់បំប៉នសុខភាព និងក៏មានបញ្ហានៅខាងមន្ទីរពេទ្យខ្លះ។
លោកស្រី យេន សុភាព បានសម្រេចចិត្តសម្រាលកូននៅមន្ទីរពេទ្យឯកជន ដោយលោកស្រីថា ទុកចិត្តសេវានៅមន្ទីរពេទ្យឯកជន ជាងនៅមន្ទីរពេទ្យរដ្ឋ តែក៏ត្រូវចំណាយច្រើនជាងដែរ ហើយគ្រួសារខ្មែរភាគច្រើនលើសលប់ មិនមានលទ្ធភាព ទៅរកសេវាឯកជនទេ។ លោកស្រីរៀបរាប់ថា មន្ទីរពេទ្យឯកជន មានឧបករណ៍ល្អ យកចិត្តទុកដាក់ ហើយមានបញ្ហាអ្វីអាចសង្គ្រោះបានលឿន ខុសពីនៅមន្ទីរពេទ្យរដ្ឋ។ លោកស្រីមិនជ្រើសរើសមន្ទីរពេទ្យរដ្ឋ ព្រោះលោកស្រីធ្លាប់មានបទពិសោធន៍ធ្លាប់ឃើញស្ត្រីជាមិត្តភក្ដិស្លាប់ពេលសម្រាលកូននៅមន្ទីរពេទ្យរដ្ឋ។
លោកស្រី យេន សុភាព៖ «កាលនោះគេណែនាំដែរថា សម្រាលនៅមណ្ឌលសុខភាពទៅ យើងសម្រាលធម្មជាតិ វាមិនអីណាអីណីអ៊ីចឹង ប៉ុន្តែខ្ញុំថា ខ្ញុំអត់សម្រាលទេ ដោយសារខ្ញុំបារម្ភ ពីព្រោះនៅពេទ្យមណ្ឌលគេអត់មានវះកាត់អីទេ ប៉ុន្តែយើងទៅពេទ្យឯកជនគេមើលថា បើសិនយើងពិបាកកើត ឬមួយនៅពេលយើងមានបញ្ហាជិតសម្រាលដូចថា យើងឡើងឈាមឡើងអីអ៊ីចឹង គេអាចវះកាត់ភ្លាមបានអ៊ីចឹង»។
ស្ត្រីខ្មែរ ៥រូបនៅខេត្តផ្សេងៗទៀត ប្រាប់វិទ្យុអាស៊ីសេរីថា កត្តាសំខាន់ ដែលធ្វើឱ្យពួកគាត់ មិនចង់យកកូនច្រើន ដោយមូលហេតុជីវភាពក្រីក្រពេកហើយនិងគ្មានការងារធ្វើជាប់លាប់ទៀត ដូច្នេះ គ្មានលុយចិញ្ចឹមកូនឱ្យល្អ និងមិនមានលទ្ធភាពឱ្យកូនរៀនសូត្រខ្ពង់ខ្ពស់។ ក្នុងចំណោមពួកគាត់ មានគ្រួសារខ្លះ ប្រកបរបររើសអេតចាយចិញ្ចឹមជីវិត និងខ្លះ ធ្វើចំណាកស្រុកចាញ់បោកគេ រីឯកូនៗបោះបង់ការសិក្សា ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
ពួកគាត់ថា ក្នុងស្ថានភាពវេទនាបែបនេះ ទោះចៃដន្យមានកូន ក៏យកចេញដែរ។ ពួកគាត់បង្ហាញភាពអស់សំណើចថា បើក្រីក្រវេទនាដូចសព្វថ្ងៃ តើឱ្យទៅសម្រាល កូននៅទីណា ព្រោះនៅកម្ពុជា កាលណាអត់លុយហើយ ពេទ្យមិនស្វាគមន៍ឡើយ ទោះបីជាមន្ទីរពេទ្យរដ្ឋក៏ដោយ?
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៦ មីនា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាពយកកូនឱ្យបានច្រើន ដោយសារតែ នៅពេលនេះ ប្រជាជនកម្ពុជាមានត្រឹម ១៧លាននាក់ប៉ុណ្ណោះ ស្របពេលដែលអត្រាកំណើតបច្ចុប្បន្ន នៅតាមតំបន់ទីប្រជុំជនក៏នៅមានទាបនៅឡើយ។
ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី មិនបានថ្លែងធានាថា មន្ទីរពេទ្យ និងមណ្ឌលសុខភាពរបស់រដ្ឋផ្នែកសម្រាលទារកនេះ មានសេវាល្អ និងអនុវត្តដោយសមធម៌ សម្រាប់ស្ដ្រីខ្មែរទូទៅនោះទេ។
របាយការណ៍សូចនាករស្នូលខែមិថុនា ឆ្នាំ២០២២ របស់ការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជារបស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (The National Center for Health Promotion) បានបង្ហាញថា អត្រាមរណភាពមាតា បានថយចុះតិចតួចប៉ុណ្ណោះ គឺថយពីមរណភាពមាតា ១៧០នាក់ ធ្លាក់មក ១៥៤នាក់ ក្នុងឆ្នាំអង្កេត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។