អាជ្ញាធរ​សន្និដ្ឋាន​ថា ពលករ​ខ្មែរ​ម្នាក់​​ស្លាប់​ដោយ​ចង​ក​ពេល​ធ្វើ​ចត្តាឡីស័ក ព្រោះ​វិបត្តិ​គ្រួសារ

ដោយ មួង ណារ៉េត
2021-04-05
Share
អាជ្ញាធរ​សន្និដ្ឋាន​ថា ពលករ​ខ្មែរ​ម្នាក់​​ស្លាប់​ដោយ​ចង​ក​ពេល​ធ្វើ​ចត្តាឡីស័ក ព្រោះ​វិបត្តិ​គ្រួសារ ពលករ​ខ្មែរ​ម្នាក់​ស្លាប់​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក ក្នុង​ស្រុក​បវេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​៤ ខែ​មេសា ២០២១ ដែល​សមត្ថកិច្ច​ថា ស្លាប់​ដោយ​សារ​ចង​ក។
Photo Screenshot

អាជ្ញាធរ​ស្រុក​បវេល ខេត្ត​បាត់ដំបង​សន្និដ្ឋាន​ថា ពលករ​ខ្មែរ​ម្នាក់ ដែល​ស្លាប់​ក្នុង​ពេល​ធ្វើ​ចត្តាឡីស័ក កាលពី​ថ្ងៃទី​៤ ខែ​មេសា នោះ គឺ​ស្លាប់​ដោយ​ចងក​សម្លាប់​ខ្លួន ព្រោះ​វិបត្តិ​គ្រួសារ​។ ទោះជា​យ៉ាងណាក្ដី គេ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ធ្វើ​ការ​ស្រាវជ្រាវ​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​រស់នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក ដែល​អាច​ជា​ដើមចម នាំ​ឱ្យ​អ្នកធ្វើ​ចត្តាឡីស័ក ទ្រាំ​មិន​បាន​រហូត​ដល់​គិត​ខ្លី​នោះ​ទេ។

តាមរយៈ​លិខិត​របស់​អភិបាលស្រុក​បរវេល ខេត្ត​បាត់ដំបង​លោក នូ ប៊ុនយ៉ាង រាយការណ៍​ជូន​ទៅ​អភិបាលខេត្ត​បាត់ដំបង​លោក ងួន រតនៈ កាល​ពី​ថ្ងៃទី៤ ខែ មេសា អះអាង​ថា ករណី​ស្លាប់​របស់​បុរស​ពលករ​ខ្មែរ​ឈ្មោះ​លោក នី ម៉ាប់ អាយុ ៤៧​ឆ្នាំ ក្នុង​ពេល​កំពុង​ធ្វើ​ចត្តាឡីស័ក នៅ​អនុវិទ្យាល័យ​បរវេល​-​សាមគ្គី អភិបាល​ស្រុក​នោះ គឺ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​អ្នក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរវេល និង​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​បរវេល សន្និដ្ឋាន​តាម​ជំនាញ​រៀងៗ​ ខ្លួន​ថា ​លោក នី ម៉ាប់ ស្លាប់​ដោយ​ចង​ក​មក​ពី​វិបត្តិ​ផ្លូវចិត្ត។

ចំពោះ​វិបត្តិ​ផ្លូវចិត្ត​នេះ អភិបាលស្រុក​បរវេល​ថា អ្នក​ជំនាញ​សន្និដ្ឋាន ដោយ​សម្អាង​លើ​ការសាកសួរ​បងស្រី​បង្កើត និង​ក្មួយប្រុស​បង្កើត​របស់​អ្នក​ស្លាប់ ថា​មុន​ស្លាប់​លោក នី ម៉ាប់ ធ្លាប់​មាន​ភាព​រកាំរកូស​ជា​ញឹកញាប់​ជាមួយ​ប្រពន្ធ។

ទោះជា​យ៉ាងនេះ​ក្ដី នៅក្នុង​របាយការណ៍​ទៅ​អភិបាល​ខេត្ត​បាត់ដំបង អភិបាល​ស្រុក​បរវេល មិន​បាន​និយាយ​អំពី​ការស្រាវជ្រាវ​ជុំវិញ​លក្ខខណ្ឌ​រស់នៅ និង​ការ​ហូបចុក​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​នោះ ដែល​អាច​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​ជាប់​ចត្តាឡីស័ក​ធុញថប់ និង​មាន​បញ្ហា​ផ្លូវចិត្ត​ដែរ​នោះ​ទេ។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អភិបាល​ស្រុក​បរវេល​លោក នូ ប៊ុនយ៉ាង បាន​នៅ​ឡើយ​ទេ​។ ចំណែក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តបាត់ដំបង​លោក សួស សុភ័ក្ត្រ លោក​មិន​អាច​បំភ្លឺ​រឿង​នេះ​បាន​នោះ​ដែរ ដោយ​លោក​អះអាង​ប្រាប់​អាស៊ីសេរី ថា លោក​ត្រូវការ​ពេលវេលា​បន្ថែម​ទៀត៖ «ខ្ញុំ​អត់​បានដឹង​ច្បាស់​ទេ។ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​បាន​មើល​នៅក្នុង​សេចក្តី​រាយការណ៍​របស់​អភិបាលស្រុក​នោះ​ណា​។ ខ្ញុំ​អត់​ទាន់​ស្រាវជ្រាវ​ច្បាស់​ទាក់ទង​ការងារ​ហ្នឹង​។ ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​ច្បាស់​សិន​ទាក់ទង​ការងារ​ហ្នឹង​។ សូម​អធ្យាស្រ័យ»

កន្លងមក​មាន​ករណី​ជាច្រើន ដែល​អ្នកធ្វើ​ចត្តាឡីស័ក​រអ៊ូរទាំ អំពី​ស្ថាន​ភាព​លំបាក និង​គ្មាន​ផាសុកភាព​នៅ​តាម​មណ្ឌល​ចត្តាឡីស័ក។ អ្នកខ្លះ​បាន​រត់​ចេញ​។ អ្នកខ្លះ​ប៉ុនប៉ង​រត់​ចេញ ដោយសារ​មិន​អាច​ស៊ូទ្រាំ​បាន។

មិន​ថា​តែ​អ្នក​ដែល​ធ្វើ​ចត្តាឡីស័ក​ទេ ដែល​ត្អូញត្អែរ​អំពី​បញ្ហា​លំបាក​នេះ សូម្បីតែ​គ្រូពេទ្យ​ជួរមុខ ក៏​ត្អូញត្អែរ​អំពី​បន្ទុក​ការងារ​ច្រើនពេក​សម្រាប់​គ្រូពេទ្យ​។ កាល​ពី​ខែមីនា លោកគ្រូ​ពេទ្យ​ជួរមុខ​ម្នាក់​ឈ្មោះ​លោក ខឹម មុនីកុសល នៅ​ខេត្ត​ប៉ៃលិន បាន​សរសេរ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប្រាប់​ពិភពលោក ឲ្យ​ដឹង​អំពី​ស្ថាន​ភាព​លំបាក​នៅក្នុង​មណ្ឌល​ចត្តាឡីស័ក គឺ​លោក​ថា «​មន្ត្រី​ពេទ្យ​ជា​បុគ្គលិក​ស្រី​ត្រូវ​បាន​អ្នក​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក យក​កញ្ចប់​បាយ​គប់​ចំ​មុខ ដោយសារតែ​បាយ​មិន​ឆ្ងាញ់ បាយ​ផ្អូម បាយ​ឆៅ។ លោក​ថា មិនមែន​ពេទ្យ​គួរ​ទទួលខុសត្រូវ​ផ្តាច់​មុខ​អ៊ីចឹង​នោះ​ទេ»

ក្រោយ​លោក​សរសេរ​សារ​នេះ​ភ្លាម អភិបាលខេត្ត​ប៉ៃលិន​អ្នកស្រី បាន ស្រីមុំ បាន​បណ្តេញ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​រាជការ​ភ្លាម ដោយ​ចោទ​ពី​បទ «ប្រព្រឹត្ត​កំហុស និង​ការ​ឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​»​។ ការបណ្ដេញ​នេះ រង​ការរិះគន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ទូទៅ​។ លោក ខឹម មុនីកុសល ក៏​មិន​សុខចិត្ត​នឹង​ចំណាត់ការ​របស់​អភិបាលខេត្ត​ប៉ៃលិន​នេះ​ដែរ​។ លោក​បាន​ប្តឹង​ជំទាស់​។ ឥឡូវ​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ព្រំ សុខា បាន​បង្វែរ​សំណុំ​រឿង​នេះ ឲ្យ​ទៅ​រដ្ឋបាល​ខេត្ត​ប៉ៃលិន​ដោះស្រាយ​វិញ។

ថ្មីៗ ​នេះ ក៏​មាន​ភាព​មិន​ប្រក្រតី​នៅ​មណ្ឌល​ចត្តាឡីស័ក​ព្រែក​ព្នៅ​នៅ​ភ្នំពេញ ក្រោយ​មាន​ជនជាតិ​ចិន​ម្នាក់ ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ បាន​ស្លាប់​ពេល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​ទីនោះ​។ មណ្ឌល​ព្រែក​ព្នៅ​ជា​មណ្ឌល​ចត្តាឡីស័ក មិនមែន​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ នោះ​ទេ​។ ប៉ុន្តែ​អ្នកជំងឺ​កូវីដ​-១៩ ត្រូវ​គេ​ដាក់​ឲ្យ​សម្រាក​នៅ​ទីនោះ។

ក្រោយ​ការ​ស្លាប់​នេះ​ភ្លាម លោកនាយក​រដ្ឋមន្ត្រី ស្តី​បន្ទោស​មន្ត្រី​ក្រោម​ឱវាទ​យ៉ាង​ចាស់ដៃ ប៉ុន្តែ​មិន​បញ្ចេញ​ឈ្មោះ​ថា ​ជា​មន្ត្រី​ណា​នោះ​ឡើយ «ឱ្យ​អា​ចុងក្រោយ​ហ្នឹង ឃើញ​សភាពការណ៍​វា​មិន​ស្រួល ឲ្យ​ដើរ​រើស​កន្លែង​។ រើស​ចុះ​រើស​ឡើង​ទៅ​រើស​អា​កន្លែង ដែល​មិន​ស័ក្ដិសម​ជា​កន្លែង​មន្ទីរពេទ្យ​។ ខ្ញុំ​មាន​ការ​ឃ្នើសចិត្ត​។ និយាយ​ដោយ​ត្រង់​គឺ​ឃ្នើសចិត្ត​តែម្ដង»

ភ្លាមៗ​ នោះ​ លោក​បាន​ឱកាស និង​ហេតុផល​ចាត់ចែង​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ដែល​មាន​មុខតំណែង​ស្អេកស្កះ​រួចស្រេច​ទៅ​ហើយ​នោះ ឲ្យ​ចាត់ចែង​រឿង​កូវីដ​-១៩ នេះដែរ ដោយ​ឲ្យ​ជម្លៀស​អ្នក​នៅ​មណ្ឌល​ព្រែក​ព្នៅ​ទាំងអស់ ទៅ​សណ្ឋាគារ​គ្រេតដ្យូក ​(the Great Duke Hotel) អតីត​​​សណ្ឋាគារ​អាំងទែរកុងទីណង់តាល់ ភ្លាមៗ ដើម្បី​យក​ទៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ។

កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ-១៩ បាន​កើនឡើង​បន្ថែម រួម​ទាំង​មន្ទីរពេទ្យ​ស្ត្រី​នគរទេព នៅ​សង្កាត់​ព្រៃស ខណ្ឌ​ដង្កោ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ទើប​ទិញ​រួច​ដាក់ឈ្មោះ​ថ្មី​ថា​ មន្ទីរពេទ្យ ​ហ្លួង​ម៉ែ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩ បន្ត​កើតមាន​រាល់ថ្ងៃ​។ អ្នក​ស្លាប់​ក៏​បន្ត​កើតមាន​រាល់ថ្ងៃ​ដែរ។ កាល​ពី​ថ្ងៃទី៤ ខែមេសា ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ៤៣នាក់​ថែមទៀត និង​នាំចូល​ម្នាក់​ពី​ក្រៅប្រទេស​។ ស្ត្រី​ខ្មែរ​ម្នាក់ទៀត​អាយុ ៧២ឆ្នាំ នៅ​ពោធិ៍ចិនតុង បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​។ ការ​ស្លាប់​នេះ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ កើន​ដល់ ២០​នាក់​។ នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូន​មនុស្ស ៥​នាក់​ទៀត ដែល​កើត​ជំងឺ​នេះ និង​បាន​ស្លាប់​ដែរ ប៉ុន្តែ​ក្រសួងសុខាភិបាល​ថា ​ស្លាប់​ដោយសារ​អាការ​ជំងឺ​ផ្សេង។

កាល​ពី​ថ្ងៃ​ទី៤ ខែ​មេសា​នោះ​ដែរ ករណី​ចម្លង​សហគមន៍​នេះ បាន​រីក​រាលដាល​ដល់​ខេត្ត​ដាច់​ស្រយាល​នៃ​តំបន់​ភាគ​ឦសាន ក្រោយ​រដ្ឋបាល​ខេត្ត​រតនគិរី ប្រកាស​ថា អ្នកស្រុក​តា​វែង​ម្នាក់ នៅ​ខេត្ត​នេះ បាន​ផ្ទុក​ជំងឺ​កូវីដ-១៩ ​នេះ​ដែរ។

ករណី​ផ្ទុក​ជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃទី៤ ខែមេសា បាន​វ៉ា​លើស​ករណី​នៅ​ប្រទេស​វៀតណាម ដោយ​កម្ពុជា​មាន​សរុប ២.៦៨៩​ករណី រីឯ​វៀតណាម​មាន ២.៦៣១​ករណី​។ ប៉ុន្តែ វៀតណាម​មាន​អ្នក​ស្លាប់ ៣៥នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល