អាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបងសន្និដ្ឋានថា ពលករខ្មែរម្នាក់ ដែលស្លាប់ក្នុងពេលធ្វើចត្តាឡីស័ក កាលពីថ្ងៃទី៤ ខែមេសា នោះ គឺស្លាប់ដោយចងកសម្លាប់ខ្លួន ព្រោះវិបត្តិគ្រួសារ។ ទោះជាយ៉ាងណាក្ដី គេនៅមិនទាន់ឃើញអាជ្ញាធរធ្វើការស្រាវជ្រាវអំពីស្ថានភាព និងលក្ខខណ្ឌរស់នៅក្នុងមណ្ឌលចត្តាឡីស័ក ដែលអាចជាដើមចម នាំឱ្យអ្នកធ្វើចត្តាឡីស័ក ទ្រាំមិនបានរហូតដល់គិតខ្លីនោះទេ។
តាមរយៈលិខិតរបស់អភិបាលស្រុកបរវេល ខេត្តបាត់ដំបងលោក នូ ប៊ុនយ៉ាង រាយការណ៍ជូនទៅអភិបាលខេត្តបាត់ដំបងលោក ងួន រតនៈ កាលពីថ្ងៃទី៤ ខែ មេសា អះអាងថា ករណីស្លាប់របស់បុរសពលករខ្មែរឈ្មោះលោក នី ម៉ាប់ អាយុ ៤៧ឆ្នាំ ក្នុងពេលកំពុងធ្វើចត្តាឡីស័ក នៅអនុវិទ្យាល័យបរវេល-សាមគ្គី អភិបាលស្រុកនោះ គឺសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង និងអ្នកជំនាញនៃអធិការដ្ឋាននគរបាលស្រុកបរវេល និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកបរវេល សន្និដ្ឋានតាមជំនាញរៀងៗ ខ្លួនថា លោក នី ម៉ាប់ ស្លាប់ដោយចងកមកពីវិបត្តិផ្លូវចិត្ត។
ចំពោះវិបត្តិផ្លូវចិត្តនេះ អភិបាលស្រុកបរវេលថា អ្នកជំនាញសន្និដ្ឋាន ដោយសម្អាងលើការសាកសួរបងស្រីបង្កើត និងក្មួយប្រុសបង្កើតរបស់អ្នកស្លាប់ ថាមុនស្លាប់លោក នី ម៉ាប់ ធ្លាប់មានភាពរកាំរកូសជាញឹកញាប់ជាមួយប្រពន្ធ។
ទោះជាយ៉ាងនេះក្ដី នៅក្នុងរបាយការណ៍ទៅអភិបាលខេត្តបាត់ដំបង អភិបាលស្រុកបរវេល មិនបាននិយាយអំពីការស្រាវជ្រាវជុំវិញលក្ខខណ្ឌរស់នៅ និងការហូបចុកនៅក្នុងមណ្ឌលចត្តាឡីស័កនោះ ដែលអាចជាកត្តាធ្វើឲ្យអ្នកជាប់ចត្តាឡីស័កធុញថប់ និងមានបញ្ហាផ្លូវចិត្តដែរនោះទេ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺជុំវិញរឿងនេះ ពីអភិបាលស្រុកបរវេលលោក នូ ប៊ុនយ៉ាង បាននៅឡើយទេ។ ចំណែកប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងលោក សួស សុភ័ក្ត្រ លោកមិនអាចបំភ្លឺរឿងនេះបាននោះដែរ ដោយលោកអះអាងប្រាប់អាស៊ីសេរី ថា លោកត្រូវការពេលវេលាបន្ថែមទៀត៖ «ខ្ញុំអត់បានដឹងច្បាស់ទេ។ ប៉ុន្តែខ្ញុំគ្រាន់តែបានមើលនៅក្នុងសេចក្តីរាយការណ៍របស់អភិបាលស្រុកនោះណា។ ខ្ញុំអត់ទាន់ស្រាវជ្រាវច្បាស់ទាក់ទងការងារហ្នឹង។ ចាំមើលខ្ញុំស្រាវជ្រាវច្បាស់សិនទាក់ទងការងារហ្នឹង។ សូមអធ្យាស្រ័យ»។
កន្លងមកមានករណីជាច្រើន ដែលអ្នកធ្វើចត្តាឡីស័ករអ៊ូរទាំ អំពីស្ថានភាពលំបាក និងគ្មានផាសុកភាពនៅតាមមណ្ឌលចត្តាឡីស័ក។ អ្នកខ្លះបានរត់ចេញ។ អ្នកខ្លះប៉ុនប៉ងរត់ចេញ ដោយសារមិនអាចស៊ូទ្រាំបាន។
មិនថាតែអ្នកដែលធ្វើចត្តាឡីស័កទេ ដែលត្អូញត្អែរអំពីបញ្ហាលំបាកនេះ សូម្បីតែគ្រូពេទ្យជួរមុខ ក៏ត្អូញត្អែរអំពីបន្ទុកការងារច្រើនពេកសម្រាប់គ្រូពេទ្យ។ កាលពីខែមីនា លោកគ្រូពេទ្យជួរមុខម្នាក់ឈ្មោះលោក ខឹម មុនីកុសល នៅខេត្តប៉ៃលិន បានសរសេរសារតាមបណ្ដាញសង្គមហ្វេសប៊ុកប្រាប់ពិភពលោក ឲ្យដឹងអំពីស្ថានភាពលំបាកនៅក្នុងមណ្ឌលចត្តាឡីស័ក គឺលោកថា «មន្ត្រីពេទ្យជាបុគ្គលិកស្រីត្រូវបានអ្នកដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ ដោយសារតែបាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ។ លោកថា មិនមែនពេទ្យគួរទទួលខុសត្រូវផ្តាច់មុខអ៊ីចឹងនោះទេ»។
ក្រោយលោកសរសេរសារនេះភ្លាម អភិបាលខេត្តប៉ៃលិនអ្នកស្រី បាន ស្រីមុំ បានបណ្តេញលោកចេញពីក្របខ័ណ្ឌរាជការភ្លាម ដោយចោទពីបទ «ប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ»។ ការបណ្ដេញនេះ រងការរិះគន់ជុំទិសពីមជ្ឈដ្ឋានទូទៅ។ លោក ខឹម មុនីកុសល ក៏មិនសុខចិត្តនឹងចំណាត់ការរបស់អភិបាលខេត្តប៉ៃលិននេះដែរ។ លោកបានប្តឹងជំទាស់។ ឥឡូវរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ព្រំ សុខា បានបង្វែរសំណុំរឿងនេះ ឲ្យទៅរដ្ឋបាលខេត្តប៉ៃលិនដោះស្រាយវិញ។
ថ្មីៗ នេះ ក៏មានភាពមិនប្រក្រតីនៅមណ្ឌលចត្តាឡីស័កព្រែកព្នៅនៅភ្នំពេញ ក្រោយមានជនជាតិចិនម្នាក់ ដែលផ្ទុកជំងឺកូវីដ-១៩ បានស្លាប់ពេលកំពុងសម្រាកព្យាបាលជំងឺនៅទីនោះ។ មណ្ឌលព្រែកព្នៅជាមណ្ឌលចត្តាឡីស័ក មិនមែនសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នោះទេ។ ប៉ុន្តែអ្នកជំងឺកូវីដ-១៩ ត្រូវគេដាក់ឲ្យសម្រាកនៅទីនោះ។
ក្រោយការស្លាប់នេះភ្លាម លោកនាយករដ្ឋមន្ត្រី ស្តីបន្ទោសមន្ត្រីក្រោមឱវាទយ៉ាងចាស់ដៃ ប៉ុន្តែមិនបញ្ចេញឈ្មោះថា ជាមន្ត្រីណានោះឡើយ «ឱ្យអាចុងក្រោយហ្នឹង ឃើញសភាពការណ៍វាមិនស្រួល ឲ្យដើររើសកន្លែង។ រើសចុះរើសឡើងទៅរើសអាកន្លែង ដែលមិនស័ក្ដិសមជាកន្លែងមន្ទីរពេទ្យ។ ខ្ញុំមានការឃ្នើសចិត្ត។ និយាយដោយត្រង់គឺឃ្នើសចិត្តតែម្ដង»។
ភ្លាមៗ នោះ លោកបានឱកាស និងហេតុផលចាត់ចែងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលមានមុខតំណែងស្អេកស្កះរួចស្រេចទៅហើយនោះ ឲ្យចាត់ចែងរឿងកូវីដ-១៩ នេះដែរ ដោយឲ្យជម្លៀសអ្នកនៅមណ្ឌលព្រែកព្នៅទាំងអស់ ទៅសណ្ឋាគារគ្រេតដ្យូក (the Great Duke Hotel) អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ ភ្លាមៗ ដើម្បីយកទៅសម្រាកព្យាបាលនៅទីនោះ។
កន្លែងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានកើនឡើងបន្ថែម រួមទាំងមន្ទីរពេទ្យស្ត្រីនគរទេព នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ទើបទិញរួចដាក់ឈ្មោះថ្មីថា មន្ទីរពេទ្យ ហ្លួងម៉ែ។
ក្នុងពេលជាមួយគ្នានេះ ករណីអ្នកឆ្លងជំងឺកូវីដ-១៩ បន្តកើតមានរាល់ថ្ងៃ។ អ្នកស្លាប់ក៏បន្តកើតមានរាល់ថ្ងៃដែរ។ កាលពីថ្ងៃទី៤ ខែមេសា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងថ្មី នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ៤៣នាក់ថែមទៀត និងនាំចូលម្នាក់ពីក្រៅប្រទេស។ ស្ត្រីខ្មែរម្នាក់ទៀតអាយុ ៧២ឆ្នាំ នៅពោធិ៍ចិនតុង បានស្លាប់ដោយសារជំងឺកូវីដ-១៩។ ការស្លាប់នេះ ធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺនេះ កើនដល់ ២០នាក់។ នេះនៅមិនទាន់រាប់បញ្ជូនមនុស្ស ៥នាក់ទៀត ដែលកើតជំងឺនេះ និងបានស្លាប់ដែរ ប៉ុន្តែក្រសួងសុខាភិបាលថា ស្លាប់ដោយសារអាការជំងឺផ្សេង។
កាលពីថ្ងៃទី៤ ខែមេសានោះដែរ ករណីចម្លងសហគមន៍នេះ បានរីករាលដាលដល់ខេត្តដាច់ស្រយាលនៃតំបន់ភាគឦសាន ក្រោយរដ្ឋបាលខេត្តរតនគិរី ប្រកាសថា អ្នកស្រុកតាវែងម្នាក់ នៅខេត្តនេះ បានផ្ទុកជំងឺកូវីដ-១៩ នេះដែរ។
ករណីផ្ទុកជំងឺកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែមេសា បានវ៉ាលើសករណីនៅប្រទេសវៀតណាម ដោយកម្ពុជាមានសរុប ២.៦៨៩ករណី រីឯវៀតណាមមាន ២.៦៣១ករណី។ ប៉ុន្តែ វៀតណាមមានអ្នកស្លាប់ ៣៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។