ពលករ​ខ្មែរ​នៅ​ថៃ​មិន​ទាន់​ទទួល​បាន​អាហារ​និង​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩​សមរម្យ​នៅ​ឡើយ​ទេ

ដោយ សន ចាន់រដ្ឋា
2021-07-03
Share
ពលករ​ខ្មែរ​នៅ​ថៃ​មិន​ទាន់​ទទួល​បាន​អាហារ​និង​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩​សមរម្យ​នៅ​ឡើយ​ទេ តំណាង​ពលករ​ខ្មែរ​​​​​​ប្រមាណ ២០នាក់ នាំ​គ្នា​ដាក់​ញត្តិ និង​ថ្លែង​សារ ​នៅ​មុខ​អគារ​គណៈរដ្ឋមន្ត្រី​ថៃ និង​រដ្ឋសភា​ថៃ នៅ​ទីក្រុង​បាងកក​នៅ​​​ព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ស្នើសុំ​​អាជ្ញាធរ​ប្រទេស​នេះឱ្យ​​ជួយ​ដោះ​ស្រាយ​បញ្ហា​​ពលករ ​​​​ដែល​កំពុង​អត់​​អាហារ និង​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​កូវីដ១៩ (Covid-19) សមរម្យ។
រូប៖ ហ្វេសប៊ុក ចន្ដា ចន្ដា

ពលករ​មួយចំនួន ដែល​កំពុង​រង​ការ​បិទ​ខ្ទប់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ក្នុង​ប្រទេស​ថៃ​មិន​ទាន់​ទទួល​បាន​ការ​ផ្គត់ផ្គង់​អាហារ និង​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩(Covid-19) បាន​សមរម្យ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​ថា ស្ថានភាព និង​អាជ្ញាធរ​ថៃ​កំពុង​ជួយ​ពួកគាត់​ក៏ដោយ។ អ្នកឃ្លាំមើល​សិទ្ធិ​ពលករ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី និង​សកម្មភាព​ជួយ​កម្មករ​ជាបន្ទាន់។

ជិត​មួយ​សប្ដាហ៍​ហើយ​ពលករ​មួយចំនួន​នៅតែ​ប្រឈម​បញ្ហា​ខ្វះខាត​អាហារ និង​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩ បាន​សមរម្យ​នៅ​ឡើយ​ទេ តាម​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ។

ពលករ​ម្នាក់​ធ្វើ​ការ​សំណង់​នៅ​ជាយ​ទីក្រុង​បាងកក​លោក ណុប លីន ឲ្យ​ដឹង​ថា ប៉ូលិស​ថៃ​បាន​ហ៊ុមព័ទ្ធ​បិទ​ខ្ទប់ និង​យាមកាម​នៅ​ការដ្ឋាន​សំណង់​ដែល​លោក​ធ្វើ​ការ​ជិត​មួយ​សប្ដាហ៍​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​ថៃ​បាន​ផ្គត់ផ្គង់​អាហារ​ហូបចុក​ខ្លះ​ដល់​កម្មករ និង​អនុញ្ញាត​ឲ្យ​ពួក​លោក​ដើរ​រើស​ខ្យង​និង​បេះ​ត្រកួន​នៅ​ខាង​ក្រោយ​ការ​ដ្ឋាន​សំណង់​បាន។

ប៉ុន្តែ​លោ​ក​ថា សម្រាប់​ពលករ​ដែល​គ្មាន​ការងារ​ធ្វើ​ហើយ​មិន​រង​ការ​បិទ​ខ្ទប់​វិញ ពួកគាត់​មិន​ទទួល​បាន​ការ​ផ្គត់ផ្គង់​អាហារ​ពី​រដ្ឋាភិបាល​ថៃ​នោះ​ទេ​។ អ្នកខ្លះ​ត្រូវ​ដើរ​រើស​ខ្យង បេះ​ត្រកួន និង​ដើរ​សុំ​បាយ​វត្ត​ហូប​ដោយ​ខ្លួនឯង។ ចំណែក​ស្ថានភាព​ពលករ​ឆ្លង​ជំងឺ​កូវីដ​១៩​វិញ លោក ណុប លីន ឱ្យ​ដឹង​ថា ពួកគាត់​នៅតែ​មិន​ទទួល​បាន​សេវា​ព្យាបាល​ទាន់​ពេល​វេលា​ដដែល ដោយ​ពួកគាត់​ត្រូវ​ដេក​នៅ​បន្ទប់​ជួល​ឬ​នៅ​កន្លែងធ្វើការ​ជិត​មួយ​សប្ដាហ៍​ទើប​មាន​ឡានពេទ្យ​មក​ដឹក​យក​ទៅ​ព្យាបាល​ដោយសារ​បញ្ហា​ខ្វះ​គ្រែ៖ «ខ្ញុំ​ទៅ​ចាប់​ខ្យង​ព្រឹក​មិញ​ហ្នឹង​ទៅ​ជួប​គេ​ដែរ ហើយ​សួរ​គ្នា​ថៅកែ​បង​ឯង​គេ​ឲ្យ​អ្វី​ហូប​អត់​? ជួប​ខ្មែរ​យើង​ដូចគ្នា​ហ្នឹង​សួរ​ថា ថៅកែ​គេ​ឲ្យ​អ្វី​ហូប​អត់​? គាត់​ថា​គ្មាន​បាន​ទេ​បង​អើយ។ អ្នកខ្លះ​ថៅកែ​គេ​រ៉ាប់​ប្រឈម (​ធានារ៉ាប់រង​) អ្នក​ខ្លះ ថៅកែ​គេ​អត់​រ៉ាប់​ប្រឈម»

ពលករ​ខ្មែរ​បាន​ជួប​ការ​លំបាក​ខ្លាំង​ចាប់​តាំងពី​អាជ្ញាធរ​ថៃ​បាន​បិទ​ខ្ទប់​ការដ្ឋាន​សំណង់ និង​ពង្រឹង​វិធានការ​តឹងរ៉ឹង​មួយចំនួន​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង​៥​ដែល​នៅ​ជុំវិញ​នោះ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ១៩។ កាលពី​ថ្ងៃទី​៣០ មិថុនា តំណាង​ពលករ​ប្រមាណ​២០​នាក់​បាន​នាំគ្នា​តវ៉ា​និង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ និង​រដ្ឋសភា​ថៃ​យកចិត្តទុកដាក់​ជួយ​ផ្គត់ផ្គង់​អាហារ និង​ផ្ដល់​សេវា​ព្យាបាល​ដល់​ពលករ​ខ្មែរ​ឲ្យ​បាន​សមរម្យ។

ទាក់ទង​នឹង​ករណី​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​កាលពី​ថ្ងៃទី​១ កក្កដា​ថា​អាជ្ញាធរ​ថៃ​នឹង​មិន​ដាក់​ទោស​ទណ្ឌ​ចំពោះ​ពលករ​មិន​ស្របច្បាប់​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​ការ​ចុះ​ឈ្មោះ​ឲ្យ​ពលករ​ទាំងនោះ​ក្លាយជា​ស្របច្បាប់​វិញ​។ លោក​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ថៃ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលករ​បានដឹង​និង​ពន្យល់​កម្មករ​កុំ​ឲ្យ​ធ្វើដំណើរ​វិល​ត្រលប់​មក​កម្ពុជា​វិញ៖ «អ្នក​ដែល​មាន​ការងារ​ធ្វើ​ស្របច្បាប់​អត់​មានការ​ភ័យខ្លាច​ទេ។ ប៉ុន្តែ​អ្នក​ដែល​អត់​មាន​ការ​ទៅ​មិន​ស្របច្បាប់ ធ្វើ​ការ​មិន​ស្របច្បាប់ ទាំង​ថៅកែ​ទាំង​កម្មករ​សុទ្ធតែ​ភ័យ​។ ប៉ុន្តែ​ខាង​ភាគី​ថៃ​គេ​បាន​បញ្ជាក់​ហើយ​ថា នៅ​ពេល​ដែល​គេ​រក​ឃើញ គេ​មិន​ដាក់ទោស​ទណ្ឌ​ទេ​។ ផ្ទុយ​ទៅ​វិញ គេ​ចុះ​ឈ្មោះ​ឲ្យ​ធ្វើ​ការ​ស្របច្បាប់»

អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ លោក អ៊ូក សោភ័ណ្ឌ និង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក កុយ គួង បាន​ទេ នៅ​ថ្ងៃទី៣ កក្កដា។

ទោះយ៉ាងណា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក (Facebook)​ថា ពលករ​សំណង់​ដែល​រង​ការ​បិទ​ខ្ទប់​នឹង​ទទួល​បាន​ការ​ជួយ​ពី​អាជ្ញាធរ​ថៃ​ដោយ​អ្នក​ធ្វើការ​ក្នុង​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម នឹង​ទទួល​បាន​ប្រាក់​៥០%​នៃ​ប្រាក់​ឈ្នួល​។ ឯ​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​នោះ ពលករ​ត្រូវ​សុំ​ការឧបត្ថម្ភ​ពី​ថៅកែ​ដោយ​ផ្ទាល់។ ស្ថានទូត​បង្ហាញ​ទៀត​ថា ការ​ផ្គត់ផ្គង់​អាហារ​ក៏​ត្រូវ​ស្នើសុំ​និយោជក​ទទួល​បន្ទុក​ផ្គត់ផ្គង់​មួយថ្ងៃ ៣​ពេល​ដែរ។ ឯ​ការពិនិត្យ​ជំងឺ​វិញ​គ្រូពេទ្យ​នឹង​ចុះ​ពិនិត្យ​ដល់​ក្នុង​ការដ្ឋាន​ហើយ​ក្នុង​ករណី​មាន​វិជ្ជមាន​នឹង​នាំទៅ​ព្យាបាល​ជាដើម។

ទោះជា​យ៉ាងណា​ស្ថានភាព​ជាក់ស្ដែង​វិញ​មិនមែន​ងាយស្រួល​បែបនេះ​ទេ ព្រោះ​ថៅកែ​ភាគច្រើន​មិន​បាន​អើពើ​ពី​សុខទុក្ខ​ពលករ​ឡើយ ដោយ​អះអាង​ថា​ មាន​លទ្ធភាព​ជួយ​ដែរ។

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គការ​សង់​ត្រាល់ (CENTRAL) ប្រចាំ​ប្រទេស​ថៃ​លោក លឹង សុផុន មើល​ឃើញ​ថា វិធានការ​របស់​អាជ្ញាធរ​ខ្មែរ​និង​ថៃ​ដែល​សន្យា​ជួយ​ពលករ​នោះ​មាន​ភាព​យឺតយ៉ាវ​ណាស់។

លោក​ឲ្យ​ដឹង​ថា ពលករ​កាន់តែ​ច្រើន​ឡើង​ជួប​បញ្ហា​កាន់តែ​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​គ្មាន​ការងារ​ធ្វើ​និង​គ្មាន​អាហារ​បរិភោគ​។ លោក​អះអាង​ពលករ​ទាំងនោះ​ភាគច្រើន​ទទួល​បាន​ប្រាក់កម្រៃ​ប្រចាំថ្ងៃ​ហើយ​ពួកគេ​ធ្វើការ​សំណង់ ឬ​មុខរបរ​ក្រៅ​ប្រព័ន្ធ​មួយថ្ងៃ​សម្រាប់​ហូប​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​មិន​មាន​ប្រាក់​ឈ្នួល​ប្រចាំខែ ឬ​ចំណូល​ផ្សេង​ទេ​។ អ្នកឃ្លាំមើល​សិទ្ធិ​ពលករ​នៅ​ប្រទេស​ថៃ​រូប​នេះ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ និង​ថៃ​ពន្លឿន​សកម្មភាព​ជួយ​ពលករ​ឱ្យ​បាន​លឿន៖ «​សូម​ឲ្យ​ពន្លឿន​វិធានការ​ហ្នឹង​ឲ្យ​បាន​លឿន​ជាង​ហ្នឹង​ណា ដើម្បី​ជួយ​ពួកគាត់​។ កុំ​ឲ្យ​គាត់​មាន​បញ្ហា​ប្រឈម។ នៅ​ពេល​ដែល​ពួកគាត់​ប្រឈម​ខ្វះ​អាហារ​ហ្នឹង​អាច​ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង​មាន​ការ​ភ័យខ្លាច​ពី​ជំងឺ​ហើយ​អាច​លួច​រត់​ពី​កន្លែង​ដែល​គាត់​ស្នាក់​នៅ​ពី​កន្លែង​ដែល​គាត់​ធ្វើ​ចត្តាឡីស័ក​ទៅ​កន្លែង​ផ្សេង​ណា។ ធម្មតា​ទេ ដឹង​ស្រាប់​ហើយ​មិន​ថា គេ​មិន​ថា​ខ្ញុំ តែ​ខ្វះខាត​ហើយ រក​អាហារ​ហើយ ឬ​រត់​ចេញពី​កន្លែង​ហ្នឹង​ណា»

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ហាញ​ថា ពលករ​ខ្មែរ​ធ្វើការ​ក្នុង​ប្រទេស​ថៃ​មាន​ជិត​ពីរ​លាន​(.០០០.០០០)នាក់។ ពួកគាត់​ភាគច្រើន​ជា​ពលករ​ផ្នែក​សំណង់​រោងចក្រ និង​ក្នុង​វិស័យ​កសិកម្ម​។ ពួកគាត់​រង់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចុងក្រោយ​នេះ​គឺ​ចាប់តាំងពី​ចុងខែ​មិថុនា មក​ដោយសារ​រដ្ឋាភិបាល​ថៃ​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​និង​រឹត​បន្តឹង​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង​៥។ ពលករ​ខ្លះ​នាំគ្នា​ធ្វើដំណើរ​ទាំង​ប្រថុយ​នឹង​ឆ្លង​ជំងឺ​កូវីដ-១៩ ដើម្បី​ត្រឡប់​មក​កម្ពុជា​វិញ​ដោយសារ​ការ​ខ្វះខាត​ធ្ងន់ធ្ងរ​ដោយ​ក្នុង​មួយថ្ងៃ​មាន​ប្រមាណ បី​រយ​(៣០០)​នាក់៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល