តំណាង​ពលករ​​​ ដាក់​ញត្តិ​​ស្នើសុំ​​គណៈ​រដ្ឋមន្ត្រី និង​សភា​ថៃ​ ជួយ​​​​​ដោះ​ស្រាយ​​វិបត្តិ​​​អត់​អាហារ​ និង​សេវា​ព្យាបាល​កូវីដ​១៩

ដោយ ជាតិ ចំណាន
2021-06-30
Share
តំណាង​ពលករ​​​ ដាក់​ញត្តិ​​ស្នើសុំ​​គណៈ​រដ្ឋមន្ត្រី និង​សភា​ថៃ​ ជួយ​​​​​ដោះ​ស្រាយ​​វិបត្តិ​​​អត់​អាហារ​ និង​សេវា​ព្យាបាល​កូវីដ​១៩ តំណាង​ពលករ​ខ្មែរ​​​​​​ប្រមាណ ២០នាក់ នាំ​គ្នា​ដាក់​ញត្តិ និង​ថ្លែង​សារ ​នៅ​មុខ​អគារ​គណៈរដ្ឋមន្ត្រី​ថៃ និង​រដ្ឋសភា​ថៃ នៅ​ទីក្រុង​បាងកក​នៅ​​​ព្រឹក​ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២១ ដើម្បី​ស្នើសុំ​​អាជ្ញាធរ​ប្រទេស​នេះឱ្យ​​ជួយ​ដោះ​ស្រាយ​បញ្ហា​​ពលករ ​​​​ដែល​កំពុង​អត់​​អាហារ និង​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​កូវីដ១៩ (Covid-19) សមរម្យ។
រូប៖ ហ្វេសប៊ុក ចន្ដា ចន្ដា

តំណាង​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​គណៈ​រដ្ឋមន្ត្រី និង​រដ្ឋសភា​ថៃ ស្នើសុំ​ឲ្យ​អាជ្ញាធរ​ប្រទេស​នេះ​ជួយ​ដោះ​ស្រាយ​បញ្ហា​​ពលករ​​​​ដែល​កំពុង​អត់​​អាហារ និង​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​កូវីដ១៩ (Covid-19) សមរម្យ។ អាជ្ញាធរ​ថៃ​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលករ​ និង​សន្យា​នាំ​រឿង​នេះ​ដាក់​ជូន​ប្រធាន​ស្ថាប័ន​របស់​ខ្លួន។

តំណាង​ពលករ​ខ្មែរ​​មួយ​ក្រុម​មាន​គ្នា​​​​ប្រមាណ ២០នាក់ បាន​នាំ​គ្នា​ថ្លែង​សារ​ម្នាក់​ម្ដង ​នៅ​មុខ​អគារ​គណៈរដ្ឋមន្ត្រី​ថៃ និង​រដ្ឋសភា​ថៃ នៅ​ទីក្រុង​បាងកក​នៅ​​​ព្រឹក​ថ្ងៃ​ទី៣០ មិថុនា ទាមទារ​ឲ្យ​អាជ្ញាធរ​ថៃ ជួយ​ដល់​ពលករ​ខ្មែរ ខណៈ​ថៅកែ​មួយ​ចំនួន​អះអាង​ថា​គ្មាន​លទ្ធភាព​ជួយ​ពួក​គេ​នោះ​ទេ។

តំណាង​ពលរដ្ឋ​ម្នាក់​ លោកស្រី សេង ស្រីទូច​ ប្រាប់​អាស៊ី​សេរី​នៅរសៀលថ្ងៃទី៣០មិថុនាថា​ ការ​ទាមទារ​នេះ ​ក្នុង​គោល​បំណង​ឲ្យ​អាជ្ញាធរ​ថៃ​​គិត​គូរ​ពី​ពលករ​ខ្មែរ ​​​ព្រោះ​​​​ពួកគាត់​កំពុង​ប្រឈម​វិបត្តិ​ធ្ងន់ធ្ងរ ទាំង​គ្មាន​អាហារ​បរិភោគ និង​មិន​ទទួល​បាន​សេវា​ព្យាបាល​ជំងឺ​កូវីដ១៩ សមរម្យ​ ស្រប​ពេល​ដែល​​ស្ថានភាព​​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ថៃ កាន់​តែ​​រាលដាល​ខ្លាំង​ឡើង។

បន្ថែម​ពី​នេះ រដ្ឋាភិបាល​ដាក់​បម្រាប​បិទ​ខ្ទប់​​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង៥ ជុំវិញ​ បណ្ដាល​ឲ្យ​ពលករ​ជា​ច្រើន​នាក់​អត់​ការងារ​ធ្វើ។ តំណាង​ពលករ​រូប​នេះ​ បន្ត​ថា ពលករ​ខ្មែរ​ភាគច្រើន​ជាប់​នៅ​ក្នុង​​កន្លែង​បិទ​ខ្ទប់​ និង​ខ្លះ​ទៀត​កំពុង​ដេក​ព្យាបាល​ជំងឺ​កូវីដ​​១៩​ដោយ​ខ្លួន​ឯង​នៅ​តាម​កន្លែង​ធ្វើការ​និង​បន្ទប់​ជួល​ដោយ​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ និង​ថៅកែ​ជនជាតិ​ថៃ​នោះ​ទេ។

ក្រៅពី​នេះ​ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​​​​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​ជា​​ ករណី​ជន​ឆបោក​​ឆ្លៀត​ឱកាស​ក្នុង​គ្រាអាសន្ន​នេះ បោក​ប្រាក់​ពលករ ដើម្បី​បន្ត​ប័ណ្ណ​​​សុពល​ភាព​ការងារ​កម្មករ​ឬ​ហៅ​ថា​ប័ណ្ណ​ស៊ីជម្ពូ​។​ ចំណែក​កម្មករ​ខ្លះ​ទៀត​អត់​មាន​លទ្ធភាព​ធ្វើ​ដំណើរ​​ត្រឡប់​ទៅ​​ប្រទេស​កម្ពុជា​វិញ ជាដើម៖ «រក​ជំនួយ​ឲ្យ​ជួយ​ពួកគាត់​។ ជួយ​ដោះស្រាយ​គាត់​យ៉ាង​ម្ដេច​ព្រោះ​គាត់​អត់​មាន​ប្រាក់​ធ្វើ​ប័ណ្ណ​ប្រកាន់​សង្គម​​ហ្នឹង​គេ ព្រោះ​គេ​ថា​គេ​ចែក​​តែ​អ្នក​ដែល​មាន​ប្រកាន់​សង្គម។​ អ្នក​ដែល​​អត់​មាន​ប្រកាន់​សង្គម អ្នក​ដែល​អត់​មាន​ឯកសារ​គ្រប់​គ្រាន់​ហ្នឹង គេ​អត់​ចែក​ឲ្យ​ទេ។ អ៊ីចឹង​អ្នក​ដែល​អត់​មាន​ឯកសារ​គ្រប់គ្រាន់​ហ្នឹង​គឺ​គាត់​ពិបាក»

ក្នុង​ការ​ដាក់​ញត្តិ​នេះ អាជ្ញាធរ​ថៃ​​​​មិន​បាន​រារាំង​ រុញច្រាន វាយ​បង្ក្រាប ឬ​ស្រែក​ជេរ​ប្រមាថ​ក្រុម​អ្នក​តវ៉ា​ឬ​ក៏​ចាប់​ខ្លួន​​តំណាង​ពលករ​ខ្មែរ​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​បាន​​នាំ​គ្នា​លើក​បដា​វាយ​ស្គរ និង​ស្រែក​ទាមទារ​តាម​ឧគ្ឃោសនស័ព្ទ​ទាំង​ភាសា​ខ្មែរ​និង​ភាសា​ថៃ​ក្ដី។

មន្ត្រី​ប្រចាំ​នៅ​គណៈរដ្ឋមន្ត្រី​ថៃ និង​រដ្ឋសភា​ថៃ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលករ និង​សន្យា​ដាក់​ជូន​ប្រធាន​ស្ថាប័ន​របស់​ពួក​គេ។ តំណាង​ពលករ​ទាំង​នោះ​មិន​បាន​ស្វែង​រក​អន្តរាគមន៍​ពី​តំណាង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ទេ ព្រោះ​ពួកគេ​គ្មាន​​​ជំនឿ​លើ​មន្ត្រី​ស្ថានទូត។ លោកស្រី សេង ស្រីទូច មិន​ជឿ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​មិន​ដឹង​ថា​ពលករ​កំពុង​ជួប​វិបត្តិ​​ទាំង​អស់​នេះ​ទេ។ តំណាង​ពលករ​ដដែល ក៏​សោកស្ដាយ​ចំពោះ​ស្ថានទូត​ ដែល​មិន​បាន​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ពី​កន្លែង​ធ្វើការ​ត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​បណ្ដោយ​ឲ្យ​កម្មករ​​រក​មធ្យោបាយ​ធ្វើ​ដំណើរ​ដោយ​ខ្លួន​ឯង។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ លោក អ៊ូក សោភ័ណ្ឌ បាន​ទេ​នៅ​ថ្ងៃ​ទី៣០ មិថុនា។ តែ​យ៉ាង​ណា​ហ្វេសប៊ុក (Facebook) របស់​ស្ថាន​ទូត​បាន​បង្ហាញ​ការ​ចែក​អំណោយ​ដល់​ពលករ​បាន​មួយ​ចំនួន​ដែរ។

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យ​ដឹង​ថា ស្ថានភាព​ពលករ​នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង​៥​ជុំវិញ​ទីក្រុង​ពិត​ជា​កំពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ និង​ប្រឈម​ការ​ឆ្លង​ជំងឺ​កូវីដ១៩ មែន ដោយសារ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កាច​សាហាវ​នេះ​ធ្ងន់ធ្ងរ។

លោក​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ជា​ច្រើន​នាក់​កំពុង​ឆ្លង​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​ពលករ​ដែល​មាន​ប័ណ្ណ​ការងារ​ស្រប​ច្បាប់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ផ្នែក​សុខាភិបាល តែ​ពលករ​ដែល​មិន​មាន​ប័ណ្ណ​ការងារ​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ទេ។ លោក​បន្ត​ថា ទន្ទឹម​នឹង​នេះ មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​សម្រុក​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ ក្នុង​រយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ៖ «គេ​សន្យា​ថា​នឹង​ត​វីសា និង​ធ្វើ​ប័ណ្ណ​ស៊ីជម្ពូ​ឲ្យ។ តែ​មក​ដល់​ពេល​នេះ អត់​ឃើញ​មាន​ត​វីសា​អ្វី​ទេ ហើយ​​អត់​ទាន់​មាន​ធ្វើ​ប័ណ្ណ​ស៊ីជម្ពូ​ផង​ ឥឡូវ​បញ្ឈប់​ពួក​គាត់។ បញ្ឈប់​ដោយ​អត់​មាន​ប្រាប់​មុន​​ ឬ​ក៏​អត់​មាន​ទឹក​ប្រាក់​សំណង​អ្វី​ ដូច​ថា​ត្រូវ​តែ​បើក​លុយ​ឲ្យ​ប៉ុណ្ណេះៗ ក៏​អត់​ទាន់​ឃើញ​មាន​ដែរ។ ពីរ​ បី​ថ្ងៃ​នេះ ឃើញ​បងប្អូន​ពលករ​យើង​ជ្រួល​ច្របល់​មែន​ទែន​រឿង​ហ្នឹង​ណា»

ចាប់​តាំង​ពី​រដ្ឋាភិបាល​ថៃ​ប្រកាស​បិទ​ខ្ទប់​ការដ្ឋាន​សំណង់ និង​រឹត​បន្តឹង​វិធានការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​បាងកក និង​ខេត្ត​ទាំង ៥មក ពលករ​បាន​សម្រុក​ចេញ​ទៅ​កម្ពុជា​វិញ​ប្រហែល ៣០០នាក់ ក្នុង​មួយ​ថ្ងៃ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន្ត​បង្ហាញ​ថា​គិត​ចាប់​ពី​ខែ​ធ្នូ ឆ្នាំ២០២០ ដល់​ថ្ងៃ​ទី១០ មិថុនា ឆ្នាំ២០២១ មាន​ពលករ​ត្រឡប់​ពី​ថៃ ជាង​បួន​ម៉ឺន (៤៤.០០០) នាក់។ ជាមួយ​គ្នា​នេះ ​មាន​ពលករ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ប្រមាណ ៤.០០០នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល