តំណាងពលករខ្មែរជាច្រើននាក់នាំគ្នាដាក់ញត្តិទៅគណៈរដ្ឋមន្ត្រី និងរដ្ឋសភាថៃ ស្នើសុំឲ្យអាជ្ញាធរប្រទេសនេះជួយដោះស្រាយបញ្ហាពលករដែលកំពុងអត់អាហារ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ (Covid-19) សមរម្យ។ អាជ្ញាធរថៃបានចេញមកទទួលញត្តិពីពលករ និងសន្យានាំរឿងនេះដាក់ជូនប្រធានស្ថាប័នរបស់ខ្លួន។
តំណាងពលករខ្មែរមួយក្រុមមានគ្នាប្រមាណ ២០នាក់ បាននាំគ្នាថ្លែងសារម្នាក់ម្ដង នៅមុខអគារគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ នៅទីក្រុងបាងកកនៅព្រឹកថ្ងៃទី៣០ មិថុនា ទាមទារឲ្យអាជ្ញាធរថៃ ជួយដល់ពលករខ្មែរ ខណៈថៅកែមួយចំនួនអះអាងថាគ្មានលទ្ធភាពជួយពួកគេនោះទេ។
តំណាងពលរដ្ឋម្នាក់ លោកស្រី សេង ស្រីទូច ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣០មិថុនាថា ការទាមទារនេះ ក្នុងគោលបំណងឲ្យអាជ្ញាធរថៃគិតគូរពីពលករខ្មែរ ព្រោះពួកគាត់កំពុងប្រឈមវិបត្តិធ្ងន់ធ្ងរ ទាំងគ្មានអាហារបរិភោគ និងមិនទទួលបានសេវាព្យាបាលជំងឺកូវីដ១៩ សមរម្យ ស្របពេលដែលស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃ កាន់តែរាលដាលខ្លាំងឡើង។
បន្ថែមពីនេះ រដ្ឋាភិបាលដាក់បម្រាបបិទខ្ទប់ការដ្ឋានសំណង់នៅទីក្រុងបាងកក និងខេត្តទាំង៥ ជុំវិញ បណ្ដាលឲ្យពលករជាច្រើននាក់អត់ការងារធ្វើ។ តំណាងពលកររូបនេះ បន្តថា ពលករខ្មែរភាគច្រើនជាប់នៅក្នុងកន្លែងបិទខ្ទប់ និងខ្លះទៀតកំពុងដេកព្យាបាលជំងឺកូវីដ១៩ដោយខ្លួនឯងនៅតាមកន្លែងធ្វើការនិងបន្ទប់ជួលដោយមិនសូវទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ និងថៅកែជនជាតិថៃនោះទេ។
ក្រៅពីនេះពួកគេទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍បញ្ហាមួយចំនួនទៀតដូចជា ករណីជនឆបោកឆ្លៀតឱកាសក្នុងគ្រាអាសន្ននេះ បោកប្រាក់ពលករ ដើម្បីបន្តប័ណ្ណសុពលភាពការងារកម្មករឬហៅថាប័ណ្ណស៊ីជម្ពូ។ ចំណែកកម្មករខ្លះទៀតអត់មានលទ្ធភាពធ្វើដំណើរត្រឡប់ទៅប្រទេសកម្ពុជាវិញ ជាដើម៖ « រកជំនួយឲ្យជួយពួកគាត់។ ជួយដោះស្រាយគាត់យ៉ាងម្ដេចព្រោះគាត់អត់មានប្រាក់ធ្វើប័ណ្ណប្រកាន់សង្គមហ្នឹងគេ ព្រោះគេថាគេចែកតែអ្នកដែលមានប្រកាន់សង្គម។ អ្នកដែលអត់មានប្រកាន់សង្គម អ្នកដែលអត់មានឯកសារគ្រប់គ្រាន់ហ្នឹង គេអត់ចែកឲ្យទេ។ អ៊ីចឹងអ្នកដែលអត់មានឯកសារគ្រប់គ្រាន់ហ្នឹងគឺគាត់ពិបាក»។
ក្នុងការដាក់ញត្តិនេះ អាជ្ញាធរថៃមិនបានរារាំង រុញច្រាន វាយបង្ក្រាប ឬស្រែកជេរប្រមាថក្រុមអ្នកតវ៉ាឬក៏ចាប់ខ្លួនតំណាងពលករខ្មែរនោះទេ បើទោះជាពួកគេបាននាំគ្នាលើកបដាវាយស្គរ និងស្រែកទាមទារតាមឧគ្ឃោសនស័ព្ទទាំងភាសាខ្មែរនិងភាសាថៃក្ដី។
មន្ត្រីប្រចាំនៅគណៈរដ្ឋមន្ត្រីថៃ និងរដ្ឋសភាថៃ បានចេញមកទទួលញត្តិពីពលករ និងសន្យាដាក់ជូនប្រធានស្ថាប័នរបស់ពួកគេ។ តំណាងពលករទាំងនោះមិនបានស្វែងរកអន្តរាគមន៍ពីតំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃទេ ព្រោះពួកគេគ្មានជំនឿលើមន្ត្រីស្ថានទូត។ លោកស្រី សេង ស្រីទូច មិនជឿថា មន្ត្រីស្ថានទូតខ្មែរមិនដឹងថាពលករកំពុងជួបវិបត្តិទាំងអស់នេះទេ។ តំណាងពលករដដែល ក៏សោកស្ដាយចំពោះស្ថានទូត ដែលមិនបានជួយសម្រួលដល់ការធ្វើដំណើរពីកន្លែងធ្វើការត្រឡប់ទៅកម្ពុជាវិញ ដោយបណ្ដោយឲ្យកម្មកររកមធ្យោបាយធ្វើដំណើរដោយខ្លួនឯង។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ លោក អ៊ូក សោភ័ណ្ឌ បានទេនៅថ្ងៃទី៣០ មិថុនា។ តែយ៉ាងណាហ្វេសប៊ុក (Facebook) របស់ស្ថានទូតបានបង្ហាញការចែកអំណោយដល់ពលករបានមួយចំនួនដែរ។
មន្ត្រីផ្នែកអន្តោប្រវេសន៍ប្រចាំប្រទេសថៃនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន ឲ្យដឹងថា ស្ថានភាពពលករនៅទីក្រុងបាងកក និងខេត្តទាំង៥ជុំវិញទីក្រុងពិតជាកំពុងជួបវិបត្តិធ្ងន់ធ្ងរ និងប្រឈមការឆ្លងជំងឺកូវីដ១៩ មែន ដោយសារការឆ្លងរាលដាលជំងឺកាចសាហាវនេះធ្ងន់ធ្ងរ។
លោកឲ្យដឹងថា ពលករខ្មែរជាច្រើននាក់កំពុងឆ្លងជំងឺកូវីដ១៩។ ក្នុងនោះពលករដែលមានប័ណ្ណការងារស្របច្បាប់ទទួលបានការយកចិត្តទុកដាក់ផ្នែកសុខាភិបាល តែពលករដែលមិនមានប័ណ្ណការងារមិនសូវទទួលបានការយកចិត្តទុកដាក់ទេ។ លោកបន្តថា ទន្ទឹមនឹងនេះ មានពលករខ្មែររាប់រយនាក់សម្រុកត្រឡប់ទៅកម្ពុជាវិញដែរ ក្នុងរយពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ « គេសន្យាថានឹងតវីសា និងធ្វើប័ណ្ណស៊ីជម្ពូឲ្យ។ តែមកដល់ពេលនេះ អត់ឃើញមានតវីសាអ្វីទេ ហើយអត់ទាន់មានធ្វើប័ណ្ណស៊ីជម្ពូផង ឥឡូវបញ្ឈប់ពួកគាត់។ បញ្ឈប់ដោយអត់មានប្រាប់មុន ឬក៏អត់មានទឹកប្រាក់សំណងអ្វី ដូចថាត្រូវតែបើកលុយឲ្យប៉ុណ្ណេះៗ ក៏អត់ទាន់ឃើញមានដែរ។ ពីរ បីថ្ងៃនេះ ឃើញបងប្អូនពលករយើងជ្រួលច្របល់មែនទែនរឿងហ្នឹងណា»។
ចាប់តាំងពីរដ្ឋាភិបាលថៃប្រកាសបិទខ្ទប់ការដ្ឋានសំណង់ និងរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ នៅទីក្រុងបាងកក និងខេត្តទាំង ៥មក ពលករបានសម្រុកចេញទៅកម្ពុជាវិញប្រហែល ៣០០នាក់ ក្នុងមួយថ្ងៃ។
របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន្តបង្ហាញថាគិតចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០២១ មានពលករត្រឡប់ពីថៃ ជាងបួនម៉ឺន (៤៤.០០០) នាក់។ ជាមួយគ្នានេះ មានពលករខ្មែរឆ្លងដែនខុសច្បាប់ប្រមាណ ៤.០០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។