មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​អំពី​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​ទើប​អាហារ​ខូច​គុណភាព​នៅ​តែ​មាន​តាម​ផ្សារ

មន្ត្រី​អង្គការសង្គម​ស៊ីវិល​សង្ស័យ​អំពី​អំពើពុករលួយ​ក្នុង​ស្ថាប័នរដ្ឋ​ទើប​ធ្វើ​ឱ្យ​អាហារ​ខូច​គុណភាព និង​មាន​ជាតិគីមី ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​នៅ​តែ​បន្ត​នាំ​ចូល និង​មាន​លក់​នៅ​តាម​ទី​ផ្សារ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​អាហារ​ខូច​គុណភាព និង​អាហារ​ដែល​មាន​សារធាតុ​គីមី​ឲ្យ​មាន​ប្រសិទ្ធ​ភាព​បាន​នោះ គឺ​ទាល់តែ​ស្ថាប័ន​ធំៗ របស់​រដ្ឋ ដូចជា ស្ថាប័ន​ជំនាញ​ផ្នែក​ត្រួត​ពិនិត្យ​ទំនិញ ស្ថាប័ន​នគរបាល​ដែល​មានមុខ​ងារ​បង្ក្រាប ស្ថាប័ន​តុលាការ ដែល​មាន​មុខ​ងារ​កាត់​ទោស​អ្នក​ប្រព្រឹត្ត​ខុស និង​រដ្ឋសភា​ដែល​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់ ឬ​សេចក្ដី​ស្នើ​ច្បាប់ ដើម្បី​សុខភាព​សាធារណៈ រួម​គ្នា​ប្ដេជ្ញា​បំពេញ​ការ​ងារ​របស់​ខ្លួន ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​មាន​ភាព​ឯករាជ្យ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក សន ជ័យ ថា បើ​ធ្វើ​ដូច្នេះ​បាន​មែន​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ស្បើយ​ពី​ការ​ព្រួយ​បារម្ភ និង​កង្វល់​រឿង​ប៉ះពាល់​សុខភាព ដោយសារ​អាហារ​ទាំង​នោះ។ ប៉ុន្តែ លោក​សង្កេតឃើញ​ថា អាហារ​ខូច​គុណភាព និង​មាន​សារធាតុ​គីមី នៅតែ​បន្ត​មាន​លក់​នៅ​តាម​ទី​ផ្សារ ដែល​អាជ្ញាធរ​ចាប់​បាន​ជា​រៀងរាល់​ថ្ងៃ។ លោក​សង្ស័យ​ថា ស្ថាប័ន​បង្ក្រាប និង​ស្ថាប័ន​ផ្តល់​សិទ្ធិ​នាំ​ចូល អាច​មាន​បញ្ហា​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ការ​ត្រួតពិនិត្យ​គ្មាន​ភាព​ច្បាស់លាស់ រួមផ្សំ​នឹង​អំពើ​បក្ខពួក​និយម និង​ក្រុម​មាន​ឥទ្ធិពល​ដែល​រំលោភ​អំណាច​ផង ទើប​រឿង​អាហារ​ខូច​គុណភាព នៅតែ​បន្ត​កើត​មាន​ឡើង​មិនចេះចប់មិនចេះហើយ។ លោក សន ជ័យ ថា បញ្ហា​នេះ អ្នក​ដែល​គ្រោះថ្នាក់ និង​រង​គ្រោះ​ខ្លាំង​ជាង​គេ​គឺ អ្នក​ប្រើប្រាស់៖ «គាត់​ក៏​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្វេសប្រហែស ឬ​គេ​ហៅ​ថា មធ្យោបាយ​មួយ ដែល​កើត​ចេញ​មក​ដោយសារ​អំពើ​ពុករលួយ ឬ​គេ​ហៅ​ថា ជា​មធ្យោបាយ ដែល​ទុច្ចរិត ពួក​ឈ្មួញ​ខិលខូច​ប្រព្រឹត្ត​ឡើង»។

ការ​សង្កេត​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើឡើង​ក្រោយ​ទំនិញ​ខូច​គុណភាព​ជិត ១៣តោន (១២.៤២តោន) ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទី​ផ្សារ​ទូទាំង​ប្រទេស កាល​ពី​ខែ​មករា​កន្លង​ទៅ។ បើ​តាម​សេចក្ដី​រាយការណ៍​ប្រចាំ​ថ្ងៃ​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ច​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (កបប) ទំនិញ​ដែល​ខូច​គុណភាព​ទាំង​នោះ ភាគ​ច្រើន​ជា​ចំណី​អាហារ គ្រឿង​សមុទ្រ​ដែល​ចាក់​បញ្ចូល​សារធាតុ​គីមី និង​ឡេ​លាប​ស្បែក​ជា​ដើម។

ទំនិញ​ខូចគុណភាព​ទាំង​នេះ អាជ្ញាធរ​រក​ឃើញ​ភាគ​ច្រើន​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ដូច​ជា តាកែវ កំពត និង​ស្វាយរៀង។ ក្នុង​នោះ អាជ្ញាធរ កបប ពី​ថ្ងៃ​ទី១៧ ដល់ ២១ខែ​មករា បាន​រក​ឃើញ​បង្គា​ស្រស់​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ព្រែក​ចាក ខេត្ត​កំពត ជាង​ជិត ៨តោន (៧.៧៥២គីឡូក្រាម) មាន​ចាក់​បញ្ចូល​សារធាតុ​គីមី​ដូច​ចាហួយ ចាក់​ចូល​ទៅ​ក្នុង​ក្បាល​បង្គា ដែល​អាជ្ញាធរ​នេះ​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ និង​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង។

នៅ​ខេត្ត​ស្វាយរៀង​ឯ​ណោះ កាល​ពី​ដើម​ខែមករា អាជ្ញាធរ​ដដែល​រក​ឃើញ​ទំនិញ​ខូច​គុណភាព​ជាង ៣តោន (៣.២៤៣.២៨គីឡូ​ក្រាម) ដែ​លលក់​នៅ​តាម​ទី​ផ្សារ​ក្នុង​ខេត្ត​នេះ។ ទំនិញ​ខូច​គុណភាព​ក៏មាន​រក​ឃើញ​នៅ​ក្រុង​ភ្នំពេញ ខេត្ត​កណ្ដាល ត្បូង​ឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ក្រចេះ បាត់ដំបង ឧត្តរមានជ័យ និង​រតនគិរី​ជា​ដើម។

អាជ្ញាធរ ក.ប.ប. អះអាង​ថា ទំនិញ​ដែល​ខូច​គុណភាព​ទាំង​នេះ ត្រូវ​បាន​រឹបអូស និង​ដុត​កម្ទេច​ចោល​និង​ម្ចាស់​ទំនិញ​ត្រូវ​រង​ការ​ផាក​ពិន័យ។ ប៉ុន្តែ​ស្ថាប័ន​ត្រួតពិនិត្យ​ទំនិញ​នេះ មិនបាន​បញ្ជាក់​ថា​អ្នក​ប្រព្រឹត្ត​ខុស​ទាំង​នោះ រង​ការ​ផាក​ពិន័យ​កម្រិត​ណា និង​ដោយ​របៀបណា​នោះ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រតិភូ​រដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន ក.ប.ប. លោក ផាន អូន បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី១ ខែកុម្ភៈ។ ប៉ុន្តែ​លោក​បាន​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​ថា ករណី​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​គីមី​ទៅលើ​ម្ហូបអាហារ​កើន​ឡើង​ជាង​មុន។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន ក.ប.ប. នេះ កាល​ពី​ឆ្នាំ២០២១ កន្លង​ទៅ ទំនិញ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​ចំនួន​ជិត ៣៦,៥តោន ត្រូវ​បាន​រក​ឃើញ​នៅ​តាម​ទី​ផ្សារ​នៅ​ទូទាំង​ប្រទេស។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ខាង​ក្រសួង​សុខាភិបាល​ឯ​ណោះ​វិញ ក្រសួង​នេះ នៅ​ក្នុង​ខែមករា ឆ្នាំ២០២២ បាន​ហាម​ឃាត់​ការ​លក់ដូរ ឬ​ចែកចាយ​ផលិតផល​ចំនួន ១៦មុខ ដែល​គ្មាន​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ប៉ុន្តែ​កំពុង​ដាក់​លក់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ផលិតផល​ទាំង​នោះ មាន​ដូចជា គ្រឿង​សម្អាង ឱសថ ផលិតផល​បំប៉ន​សុខភាព ផលិតផល​ចំណីអាហារ និង​ថ្នាំ​បាញ់​បំបាត់​ឈឺ​សន្លាក់​ជា​ដើម។

កន្លងទៅ​ពលរដ្ឋ​ព្រួយ​បារម្ភ​អំពី​អាហារ ដែល​មាន​ជាតិ​គីមី និង​កំពុង​ដាក់​លក់​នៅ​តាម​ទីផ្សារ ដែល​ប្រជាពលរដ្ឋ​មិន​អាច​ដឹង​បាន​ថា​អាហារ​ណា​មាន​ជាតិ​គីមី ឬ​គ្មាន ពោល​គឺ ទាល់តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​ចំណី​អាហារ ទើប​ដឹង​បាន។ ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​នេះ ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់។ លោក​ធ្លាប់​ស្ដីបន្ទោស​ប្រជាពលរដ្ឋ​ថា មិន​ចេះ​មើលខ្លួន​ឯង​រឿង​អាហារ​គីមី ឬ​ខូច​គុណភាព​នេះ តែ​បែរ​ជា​ចាំតែ​ជេរ​ស្ដី​បន្ទោស​រដ្ឋាភិបាល​ទៅ​វិញ៖ «ខ្លួន​ឯង​ទៅ​ទិញ​យក​មក​ស៊ី។ ស៊ី​ហើយ​ជំងឺ ជេរ​រដ្ឋាភិបាល ! ហើយ​ស៊ី​ខ្លួន​ឯង​សោះ ហើយ​មក​ជេរ​គ្នា​ដែរ។ ស្អី​ខ្លួនឯង​ទៅ​ទិញ​ខ្លួន​ឯង​ឲ្យ​ចុះ​មិន​រើស»។

លោក ហ៊ុន សែន ថា បើ​ពិបាក​ពេក លោក​ឲ្យ​នាំ​គ្នា​ធ្វើ​ពហិការ​ឈប់​ទិញ​ផលិតផល​ណា​ដែល​មាន​ជាតិ​គីមី ឬ​ខូច​គុណភាព​ទាំង​នោះ។ លោក​ថា បើ​អ្នក​ទិញ​ឈប់​ទិញ អ្នក​លក់​ក៏​លក់​លែង​ដាច់ គឺ​វា​ចប់​រឿង​បាត់​ទៅ​ហើយ។

ប៉ុន្តែ​ប្រជាពលរដ្ឋ​ថា នោះ​មិន​មែន​ជា​ដំណោះស្រាយ​សមស្រប​នោះ​ទេ ព្រោះ​ពលរដ្ឋ​គ្មាន​ជំនាញ​ឯកទេស ក្នុង​ការ​ពិនិត្យ​មើល​ថា តើ​អាហារ​ណា​មាន​ជាតិ​គីមី ឬ​ខូច​គុណភាព​នោះ​ដែរ។ ពួក​គាត់​ជឿ​ទុក​ចិត្ត​លើ​មន្ត្រី​ជំនាញ​របស់​រដ្ឋ​ដែល​ពលរដ្ឋ​បង់ពន្ធ ដើម្បី​ផ្តល់​ប្រាក់ខែ​ដល់​អ្នក​ទាំង​នោះ ឲ្យ​បំពេញ​ការ​ងារ និង​ភារ​កិច្ច​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ។

យុវជន លី ចាន់ដារ៉ាវុត ដែល​តែងតែ​ឈឺឆ្អាល​បញ្ហា​សង្គម​រហូត​ធ្លាប់​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ដាក់​ពន្ធនាគារ​រាប់​ខែ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ទាំង​ហួស​ចិត្ត​ថា ដោយសារ​តែ​សម្ដី​មេដឹកនាំ​បែប​នេះ​ឯង ទើប​បញ្ហា​ជា​ច្រើន​នៅ​តែ​គ្មាន​ដំណោះស្រាយ៖ «ខ្ញុំ​យល់​ថា អា​ហ្នឹង​គឺ​ជា​សំនួន​វោហារសាស្ត្រ​គាត់ ហើយ​គិត​ពី​ផ្នែក​បច្ចេកទេស​ផ្នែក​គ្រប់គ្រង​រដ្ឋ គឺ​វា​ផ្ទុយ​គ្នា​ស្រឡះ ១៨០ដឺក្រេ ដោយសារ​តែ បើសិនជា​យើង​ពិនិត្យ​មើល​ទៅ​រដ្ឋ​គឺ គាត់​មាន​តួនាទី​ត្រួតពិនិត្យ​ការ​នាំ​ចេញ​នាំ​ចូល​ហ្នឹង ! តួនាទី​ត្រួត​ពិនិត្យ​ហ្នឹង​មិន​មែន​ប្រជាជន​គាត់​ត្រូវ​ត្រួតពិនិត្យ​ខ្លួនឯង​ទេ ព្រោះ​អី​ប្រជាជន​គាត់​គ្មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យមើល​ជាតិ​គីមី គាត់​គ្មាន​វ៉ែនតា​វេទមន្ត​ណា ទៅ​មើល​ដឹង​ថា បន្លែ​ហ្នឹង​គីមី ឬ​មិន​គីមី​នោះ​ទេ»។

យុវជន លី ចាន់ដារ៉ាវុត បន្ថែម​ទៀត​ថា ដោយសារ​បន្លែ​បង្ការ និង​អាហារ​នៅ​តាម​ទី​ផ្សារ​នៅ​កម្ពុជា ភាគ​ច្រើន​នាំ​ចូល​ពី​ក្រៅ​ប្រទេស ជា​ពិសេស ប្រទេស​ជិត​ខាង។ យក​ល្អ​រដ្ឋាភិបាល​គួរតែ​ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំ​ចូល​ទំនិញ​ទាំង​នេះ នៅ​ឯ​ច្រក​ទ្វារ​ព្រំដែន​ឯ​ណោះ មិន​មែន​បើកឲ្យចូល​តាម​ចិត្ត​ហើយ​ទើប​នាំគ្នា​ដើរ​មើល​តាម​ទី​ផ្សារ​ដោយ​ចោះៗ ដើម្បី​ដក​ហូត​ទំនិញ​ខូច​គុណភាព​ទាំង​នោះ​មក​វិញ​បែប​នេះ​នោះ​ទេ៖ «ទី​មួយ​យើង​អាច​បង្ក្រាប​អ្នក​ដែល​លួច​នាំចូល​អាហារ ដែល​មាន​ជាតិ​គីមី​ហ្នឹង​ផង​ ​ដើម្បី​ដាក់​ទោស​ទៅ​លើ​អ្នក​ទាំង​អស់​នោះ ឲ្យ​អ្នក​ដទៃ​ទៀត​ហ្នឹង ខ្លបខ្លាច​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​របស់​យើង»។

ប៉ុន្តែ ការ​អនុវត្ត​ច្បាប់​នេះ ក៏​នៅ​ធូររលុង​ច្រើន ព្រោះ​សូម្បីតែ​ប្រធាន​មន្ត្រី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ​ក៏​ត្អូញត្អែរ និង​ខក​ចិត្ត​រឿង​នេះ​ដែរ។ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស ខេង កាល​ពី​ថ្ងៃ​ទី២៥ ខែមករា ថ្លែង​ជា​សាធារណៈ​អំពី​ការ​ខក​ចិត្ត​នេះ ដោយ​លោក​ថា អាជ្ញាធរ​បើក​ដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន​ជាង ១០០តោន​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់ កាល​ពី​ខែមករា​កន្លង​ទៅ៖ «បី​ថ្ងៃមុន​នេះ​រក​ឃើញ​ជាង ១០០តោន ! ដូច្នេះ​សួរ​ថា អ្នកណា​ទទួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​សារធាតុ​ញៀន​ហ្នឹង​មក ? ខ្ញុំ​គិត​ថា ទៅ​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ ព្រោះ​នាំ​គ្នា​ស៊ីញេ​អនុញ្ញាត​ឲ្យ​គេ​យក​ចូល​មក៍ ! ដូច្នេះ​សូមឲ្យ​ក្រសួង​ជា​ក្រសួង​អាជ្ញាប័ណ្ណ ខ្ញុំ​និយាយ​ប៉ុណ្ណឹង ខ្ញុំ​មិន​បាច់​និយាយ​ឈ្មោះ​ទេ ដឹង​ហើយ​ក្រសួង​អាជ្ញាប័ណ្ណ ! សូម​ឯកឧត្ដម​រដ្ឋមន្ត្រី មើល​រឿង​ហ្នឹង បើ​មិន​ដូច្នេះ​ទេ ឯកឧត្ដម​ជាប់​ជំពាក់​ទទួលខុសត្រូវ​ចំពោះ​សង្គម​កម្ពុជា ទាក់ទង​នឹង​ការ​បំផ្លាញ​សុខភាព​សាធារណៈ»។

រហូត​មក​ដល់​ពេល​នេះ នៅ​មិនទាន់​មាន​សេចក្ដីរាយការណ៍​ណា​មួយ​ អំពី​ថា តើ​មន្ត្រី​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ​នៅ​ឡើយ​ទេ។ រដ្ឋធម្មនុញ្ញ​ចែង​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ។ ប្រការ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចោទ​ជា​សំណួរ​ថា សូម្បីតែ​សារធាតុ​ញៀន​ជាង ១០០តោន ត្រូវ​ក្រសួង​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ដោយ​ស្រប​ច្បាប់​បាន ចុះ​ទម្រាំ​ចំណី​អាហារ​គីមី និង​ខូច​គុណភាព ដែល​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ តើ​បាន​នរណា​ទទួល​ខុស​ត្រូវ?៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។