ក្រសួងសុខាភិបាលអំពាវនាវជាថ្មីទៀតដល់មាតាបិតា និងអាជ្ញាធរពាក់ព័ន្ធចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈីក (CHIK= Chikungunya) ដែលកំពុងរីករាលដាលនៅកម្ពុជា ជាពិសេស នៅតំបន់ជនបទ។
ជាមួយគ្នានេះក្រសួងបានដាក់ចេញវិធានការសំខាន់មួយចំនួន ដែលត្រូវការពារចាំបាច់ និង បច្ចុប្បន្នភាព នៃជំងឺគ្រុនឈីកនេះ។
ក្នុងនោះរួមមាន បង្ការកុំឲ្យមូសខ្លាញីខាំ ហើយចូលរួមកម្ចាត់ជម្រកសត្វមូស។ អាណាព្យាបាល កុមារគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានផង ត្រូវសកម្មកម្ចាត់ដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់។
សេចក្ដីប្រកាសដដែល ក៏តម្រូវឲ្យគ្រប់គ្នាប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះ ឱ្យមានសណ្ដាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូស។ នៅពេលថ្ងៃ ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង គេងក្នុងមុងជាប្រចាំ ទាំងថ្ងៃទាំងយប់ និងមិនត្រូវអង្គុយលេងនៅជិតទីកន្លែង ងងឹតៗ នោះឡើយ។
បើសិនមានករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។
ក្រសួងសុខាភិបាលក៏ជំរុញឲ្យគ្រប់មន្ទីរសុខាភិបាលរាជធានីខេត្តទាំង ២៥ ត្រូវមានកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ និងអង្គការដៃគូអភិវឌ្ឍន៍ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដើម្បីពិនិត្យ និងដាក់ចេញនូវវិធានការនានា ព្រមទាំងជំរុញការផ្សព្វផ្សាយសារអប់រំសុខភាពទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈីក និងគ្រុនឈាម និងចលនាឱ្យមានការគាំទ្រ ចូលរួមយ៉ាងសកម្ម និងទូលំទូលាយក្នុងការប្រយុទ្ធនឹងជំងឺគ្រុនឈីក និងគ្រុនឈាមនេះ។
ការចេញវិធានការនេះ ស្របពេលដែល ប្រជាពលរដ្ឋប្រមាណជិត ១រយនាក់ រស់នៅភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្ដាល កំពុងមានបញ្ហាឆ្លងជំងឺគ្រុនឈីក។
ក្រសួងសុខាភិបាល បានធ្វើបច្ចុប្បន្នព័ត៌មានអំពីការរីករាលដាលនៃជំងឺគ្រុនឈីកនេះ កាលពីថ្ងៃទី២៧ កញ្ញាម្សិលមិញ បានឲ្យដឹងថា ក្រសួងរកឃើញថា គិតត្រឹមថ្ងៃទី២៧កញ្ញា មានមនុស្សសរុបចំនួនជិត ៦ពាន់នាក់ (៥.៩៩៨) កំពុងសង្ស័យមានជំងឺគ្រុនឈីកនេះ ហើយភាគច្រើនបានកើតនៅខេត្តសៀមរាប តាកែវ និងព្រះវិហារ។
ក្រសួងសុខាភិបាលឲ្យដឹងទៀតថា ការចម្លងជំងឺគ្រុនឈីកនេះ មានសមាមាត្រខុសគ្នា តាមក្រុមអាយុ ហើយបើយោងតាមរបាយការណ៍តាមប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាម បង្ហាញថា ៥៤ភាគរយ នៃករណីទាំងនោះជាមនុស្សពេញវ័យ ៣១ភាគរយ ជាកុមារអាយុ ៥ឆ្នាំឡើង និង ១៥ភាគរយ ជាកុមារអាយុក្រោម ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។