កុមារឆ្លងជំងឺអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ចំនួន ៦៨នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ៣២៥នាក់ កាលពីឆ្នាំ២០១៤ គឺភាគច្រើនឈប់រៀន ដោយសារបញ្ហាសុខភាព និងការរើសអើងពីសំណាក់មិត្តភ័ក្ដិក្នុងសាលារៀន។
តើកុមារទាំងនោះជួបបញ្ហាលំបាកអ្វីបន្ថែមទៀត ក្រៅតែពីពួកគេឈប់រៀន ក្រោយការឆ្លងអេដស៍?
កូនស្រី ៣នាក់ក្នុងមួយគ្រួសារឆ្លងជំងឺអេដស៍ កាលពីនៅវ័យក្មេងៗ ត្រូវឈប់រៀនទាំងអស់គ្នា ដោយសារការរើសអើងនៅក្នុងសាលារៀន។ ពួកគេសព្វថ្ងៃនៅតែផ្ទះ មិនបានធ្វើការអ្វីឡើយ ហើយក៏មិនទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជំនាញណាមួយឡើយ។
លោក ឯម ស៊ន អាយុ ៤២ឆ្នាំ ជាកសិករ នៅភូមិរកា សោកស្ដាយជាខ្លាំង ដែលក្រុមគ្រួសាររបស់លោក ទាំងប្រពន្ធ និងកូនៗ កើតជំងឺអេដសន៍ទាំងអស់គ្នា។ លោកបន្តថា ជីវិតក្នុងគ្រួសារ គឺគ្មានសង្ឃឹមអ្វីឡើយ ក្រៅតែប្រឹងរស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែករូបលោកវិញ ទោះបីជាគ្មានកើតជំងឺអេដស៍ក៏ដោយ ក៏មិនអាចទៅរកការងារធ្វើនៅកន្លែងឆ្ងាយៗ បានឡើយ ដោយសារត្រូវថែទាំក្រុមគ្រួសារ៖ «បាទស្ដាយណាស់ ដែលកូន ជំរុញឱ្យវាទៅរៀន វាមិនទៅ។ វាថា ខ្មាសគេ គេរើសអើង។ អ៊ីចឹងទៅ ស្ដាយអនាគតកូនដែរ កូនទាំងបី។ ទី១ អាយុ ២២ ទីពីរ អាយុ ២០ឆ្នាំ ហើយទី៣ អាយុ ១៦ឆ្នាំ។ យើងតាមដំណើររបស់យើងទៅ មិនដឹងជាគិតយ៉ាងម៉េច គិតតាមកម្មពារ ប្រសិនបើកូនទៅអ៊ីចឹងអស់ហើយ រកនិយាយអ្វីក៏អត់ចេញទេ។ អត់មានការងារធ្វើអ្វីទេ អត់មានទេ ធ្វើស្រែតិចតួចគ្រាន់បានរួចព្រឹករួចល្ងាច»។
កាលពីចុងឆ្នាំ២០១៤ មានករណីផ្ទុះការឆ្លងមេរោគអេដស៍ដ៏ច្រើននៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានសរុបចំនួន ៣២៥នាក់ ក្នុងនោះមានកុមារចំនួន ៦៨នាក់ ដែលបានឆ្លងជំងឺអេដស៍ តាមរយៈការចាក់ថ្នាំព្យាបាលជំងឺ ពីគ្រូពេទ្យនៅក្នុងឃុំ ឈ្មោះ យ៉ែម ជ្រិន ក្នុងអំឡុងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៤។ សាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០១៥ ក៏បានផ្ដន្ទាទោសគ្រូពេទ្យរូបនោះ ឱ្យជាប់ពន្ធនាគារ ២៥ឆ្នាំ ក្រោមបទចោទចំនួន ៣ករណី គឺបទបើកកន្លែងព្យាបាលជំងឺដោយគ្មានការអនុញ្ញាត បទអំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្ម និងបទចម្លងមេរោគអេដស៍ទៅអ្នកដទៃដោយចេតនា។
ប្រធានមន្ទីរពេទ្យបង្អែករកា លោក វេជ្ជបណ្ឌិត អេង សំណាង មានប្រសាសន៍ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា មន្ទីរពេទ្យបង្អែករកា និងមន្ទីរសុខាភិបាលខេត្តបាត់ដំបង តែងតែសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយនិងអប់រំអំពីវិធីការពារ ថែទាំសុខភាព និងបញ្ឈប់ការរើសអើង ជាពិសេស ជំរុញលោកគ្រូអ្នកគ្រូឱ្យយកចិត្តទុកដាក់បន្ថែម ករណីរើសអើងដល់សិស្ស ដែលកើតជំងឺអេដស៍នៅក្នុងថ្នាក់រៀន៖ «កន្លងមកយើង ក៏បានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយអប់រំ ស្តីអំពីការកាត់បន្ថយភាពរើសអើងនេះចំណុចទី១។ ចំណុចទី២ យើងបានរៀបចំជាបណ្ដាញតាមរយៈអង្គការជាដៃគូ មានអង្គការខាណា (Khana) យើ ងលើកកម្ពស់សហគមន៍ ទាក់ទងបញ្ហារើសអើងនេះដែរ។ ហើយចំណុចទី៣ យើងបានសហការជាមួយសាលារៀន យើងបានយកចិត្តទុកដាក់ដែរ ប៉ុន្តែកុមារផ្ទុកមេរោគ គឺអត់សូវបានរៀនទៀងទាត់ជាប្រចាំ ដូចក្មេងធម្មតាទេ ដោយសារបញ្ហាសុខភាព»។
បន្ថែមពីបញ្ហាសុខភាពមិនទៀងទាត់ និងការរើសអើងនៅក្នុងថ្នាក់រៀន សិស្សកើតអេដស៍ភាគច្រើន ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៦៨នាក់ បានឈប់រៀន។
អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង លោក ស៊ូ សានិត ក៏បានទទួលស្គាល់ថា មានការលំបាកក្នុងការអប់រំទូន្មានដល់សិស្សដទៃទៀត កុំឱ្យរើសអើងចំពោះសិស្សដែលកើតអេដស៍ក្នុងសាលារៀន។ លោកបន្តថា មន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានស្នើសុំទៅក្រសួងអប់រំ ឱ្យយកចិត្តទុកដាក់ ជួយផ្តល់ជាអាហារូបករណ៍ ដល់សិស្សណាដែលតស៊ូរៀនសូត្រ និងចង់បន្តការសិក្សានៅសកលវិទ្យាល័យ៖ «យើងគាំទ្រដល់គាត់ដែលផ្ទុកមេរោគ និងនៅបន្តការសិក្សា ប៉ុន្តែយើងធ្វើបានភាគច្រើនតែជាមួយគ្រូ និងសិស្ស។ ដោយឡែករវាងសិស្សជាមួយសិស្សគ្នាឯង យើងមានការលំបាកមែនទែន ដោយសារក្មេងយើងដឹងហើយ វាពិបាកណាស់ ជួនកាលយើងប្រាប់ឱ្យទៅឆ្វេងវាទៅស្តាំ។ ប៉ុន្តែការគាំទ្ររបស់ស្ថាប័នគឺនៅតែមានអ៊ីចឹង សម្រាប់ក្មេងផ្ទុកមេរោគអេដស៍ និងនៅតែបន្តការសិក្សា។ យើងណែនាំថា ប្រសិនបើគាត់ជាប់បាក់ឌុប គឺយើងឱ្យខាងក្រសួងអប់រំ ជួយគាំទ្ររហូតដល់មានអាហារូបករណ៍កន្លែងណា ឱ្យគាត់បន្តរៀនបាន ឱ្យទៅរៀនកន្លែងហ្នឹង»។
ពាក់ព័ន្ធនឹងបញ្ហាកុមារៗ ឈប់រៀននេះ លោកវេជ្ជបណ្ឌិត អេង សំណាង ឱ្យដឹងថា មន្ទីរពេទ្យបង្អែករកា កំពុងស្វះស្វែងរកអង្គការដៃគូ ដើម្បីបង្កើតវគ្គសិក្សានិងបណ្ដុះបណ្ដាលជំនាញដល់សិស្សដែលឈប់រៀនទាំងនោះ និងស្ត្រីនៅក្នុងឃុំរកាដែលកើតជំងឺអេដស៍។ លោកបន្តថា ការបណ្ដុះបណ្ដាលជំនាញនេះ មានសារៈសំខាន់ណាស់ ដើម្បីឱ្យពួកគេ អាចមានលទ្ធភាពរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ៖ «យើងធ្លាប់បានគិត ឱ្យចេញជារូបភាពវាអត់ចេញទេ ដោយសារយើងជួបប្រទះបញ្ហា ទី១ យើងរកអង្គការដៃគូ ដែលគាំទ្រផ្នែកនេះអត់មាន។ ទី២ យើងអត់ទាន់ឃើញមានអង្គការណា ដែលគេផ្ដួចផ្ដើមនៅឡើយទេ យើងមានបណ្ដាញយើងជួយខ្លះៗ តែមិនបានច្រើនទេ។ ខ្ញុំឃើញនារីម្នាក់គាត់ផ្ទុកដែរ ខ្ញុំឱ្យការងារគាត់ធ្វើជាអ្នកសំអាតនៅក្នុងមន្ទីរពេទ្យ គាត់ទៅរៀនវិជ្ជាជីវៈប៉ុន្តែគាត់ចប់ហើយបើកសំអាងរបស់គាត់ អ៊ុតសក់ កាត់សក់ គាត់រកថវិកាបាន ប៉ុន្តែករណីនេះមានតិចតួចណាស់បើតាមខ្ញុំដឹងមានតែម្នាក់គត់នៅឃុំរកា»។
រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ នៅឃុំរកា បានកើនឡើងដល់ ៤៦នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន ៣២៥នាក់។ ស្ថិតិអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ អ្នកកើតជំងឺអេដសន៍ទូទាំងប្រទេសសរុប ៧៣.០០០នាក់ ក្នុងនោះមានអ្នកស្លាប់ ១.៣០០នាក់។ ចំណែកអ្នកទទួលបានថ្នាំព្យាបាលវិញ គឺមានសរុប ៦១.១៩៣នាក់។
ប្រជាពលរដ្ឋកើតជំងឺអេដស៍ នៅឃុំរកា អំពាវនាវដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការមនុស្សធម៌នានា បន្តជួយឧបត្ថម្ភស្បៀងអាហារដល់ពួកគាត់ ពីព្រោះកំពុងប្រឈមបញ្ហាខ្វះខាត យ៉ាងខ្លាំងក្នុងជីវភាពរស់នៅ និងខ្លះទៀតធ្លាក់ខ្លួនឈឺជាប្រចាំ មិនអាចទៅរកការងារធ្វើនៅតំបន់ឆ្ងាយៗ បាន ដោយសារការរាតត្បាតជំងឺកូវីដ១៩។ បន្ថែមពីនេះ ពួកគាត់ក៏បានស្នើសុំឱ្យរដ្ឋាភិបាល ជាពិសេស ក្រសួងអប់រំ បើកវគ្គបណ្ដុះបណ្ដាលវិជ្ជាជំនាញ ដល់ពួកគាត់ផង ដូចជា អ៊ុតសក់កាត់សក់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។