មន្ត្រីសង្គមស៊ីវិលទាមទារក្រសួងសុខាភិបាលឱ្យពិនិត្យមើលសៀវភៅបោះពុម្ពផ្សាយជាភាសាចិនដែលនិយាយពីការអប់រំជំងឺកូវីដ១៩ ដើម្បីធានាគុណភាព មុននឹងអនុញ្ញាតឱ្យចែកចាយជាសាធារណៈ។
នៅថ្ងៃទី១០ កុម្ភៈ ក្រុមហ៊ុនឯកជនរបស់ចិនមួយ ដែលមានឈ្មោះថា ស៊ី អេច ឌី (C.H.D) បានផ្ដល់សៀវភៅបោះពុម្ពផ្សាយជាភាសាចិនចំនួន ១ពាន់ក្បាល ដែលនិយាយពីការអប់រំពីជំងឺកូវីដ១៩ ដើម្បីចែកជូនដល់កូនសិស្សដែលកំពុងសិក្សាភាសាចិន នៅក្នុងសាលាឯកជនមួយក្នុងទីក្រុងភ្នំពេញ។
ខ្លឹមសារនៃសៀវភៅនេះមានគោលបំណងផ្ដល់ការអប់រំ និងបណ្ដុះស្មារតីដល់កុមារពីវិធានការណ៍ការពារ ការឆ្លងនៃជំងឺកូវីដ១៩ ការរក្សាអនាម័យខ្លួនប្រាណ និងការពាក់ម៉ាសជាដើម។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា លោកមិនទាន់មានជំនឿថា សៀវភៅអប់រំជាភាសាចិនអំពីជំងឺកូវីដ១៩ នោះ ត្រឹមត្រូវតាមបច្ចេកទេសពេទ្យនោះទេ ដូច្នេះក្រសួងសុខាភិបាលមានតួនាទីសំខាន់នៅក្នុងការត្រូវពិនិត្យសៀវភៅនេះមុនសម្រេចឱ្យចែកចាយ៖«ពីព្រោះអីវាជាបច្ចេកទេសនៃការយល់ដឹង ឬក៏ជាវិធីបង្ការបច្ចេកទេសផ្សេងៗ ហ្នឹង វាជាការកំណត់ ជាស្តង់ដាររួមមួយរបស់អង្គការសុខភាពពិភពលោក ហើយប្រទេសមួយចំនួនទទួលស្គាល់ ឬក៏ប្រតិបត្តិតាមស្តង់ដារ ដែលគេជឿជាក់ទៅលើអង្គការសុខភាពពិភពលោកមួយនេះ»។
អាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីសាកសួរពីបញ្ហានេះបានទេ កាលពីថ្ងៃទី១០កុម្ភៈ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។