អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងជីណាន ខេត្តសានទុង ប្រទេសចិន បានទទួលម៉ាស់ចំនួនជាង ១លានម៉ាស់ (១.៤៣២.៥០០ម៉ាស់) មានតម្លៃជាង ៧សែនដុល្លារ (៧១៥.២០៨ដុល្លារ) ពីក្រុមហ៊ុនឯកជនចិនឈ្មោះ បៅជី ថាយដាកាង មេឌីខល តិចណូឡូជី (Baoji Taidakang Medical Technology Co., Ltd) ដើម្បីសម្រាប់ពាក់ការពារជំងឺកូវីដ១៩។ ជំនួយថ្មីរបស់ចិននេះ កើតមានឡើងក្រោយពីកម្ពុជាប្រកាសយកវ៉ាក់សាំងចិន ដែលអង្គការសុខភាពពិភពលោក មិនទាន់ទទួលស្គាល់ យកមកចាក់ឲ្យពលរដ្ឋខ្មែរ។
ប្រទេសចិនសន្យាថា នឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន ៣០ម៉ឺនដូសមកកម្ពុជា នៅក្នុងខែកុម្ភៈខាងមុខ ហើយចិននឹងបន្តផ្តល់ឲ្យកម្ពុជាជាបន្តបន្ទាប់ទៀត រហូតគ្រប់ចំនួន ១លានដូស។
បក្សប្រឆាំងរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងយកអាយុជីវិតពលរដ្ឋទៅលេងសើច ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួនជាមួយចិន។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការផ្ដល់ម៉ាស់ពីក្រុមហ៊ុនចិនមកដល់របបក្រុងភ្នំពេញ គ្រាន់តែជារូបភាពនយោបាយប៉ុណ្ណោះ ពីព្រោះកម្ពុជាមិនខ្វះម៉ាស់សម្រាប់កូវីដ-១៩ ទេ៖ «ទង្វើរបស់ចិនមិនស្របទៅតាមតម្រូវការរបស់ខ្មែរ។ តាមពិតយើងមើលស្ថានភាពស្រុកខ្មែរ បច្ចុប្បន្នវាយ៉ាប់យ៉ឺនជាង។ អីចឹង អ្វីដែលចិនជួយម៉ាស់ស្អីហ្នឹង មិនស្របតាមសភាពការណ៍ទេ។ នេះគ្រាន់តែរូបភាពថាជួយតែប៉ុណ្ណោះ»។
ពាក់ព័ន្ធជំងឺកូវីដ-១៩ នេះ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរម្នាក់ទៀតឆ្លងថ្មី នៅថ្ងៃទី២៩ មករា។ អ្នកជំងឺរូបនោះ មានអាយុ ៣៧ឆ្នាំ និងមានទីលំនៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ គាត់បានធ្វើដំណើរពីប្រទេសថៃមកដល់កម្ពុជាកាលពីថ្ងៃទី១៥ មករា ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
នៅថ្ងៃដដែលនេះ មានអ្នកជំងឺ ៥នាក់ បានជាសះស្បើយ ក្នុងនោះ ៤នាក់ជាពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ និងម្នាក់ទៀត គឺជាជនជាតិជប៉ុន។ ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពួកគាត់ចាកចេញពីមន្ទីរពេទ្យហើយ ក្រោយព្យាបាលជាសះស្បើយ។
ក្រសួងសុខាភិបាលឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៣០ មករា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបចំនួន ៤៦៤ករណី ក្នុងនោះអ្នកជាសះស្បើយមានចំនួន ៤៤៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។