ពលរដ្ឋនិង​​សង្គម​ស៊ីវិលរិះគន់​ថា ​ប្រព័ន្ធ​សុខាភិបាល​មិន​អាច​គាំពារ​សុខុមាលភាព​របស់​ពលរដ្ឋ​ក្រីក្រ​បាន​ទេ

0:00 / 0:00

ប្រជាពលរដ្ឋ​និងសង្គមស៊ីវិល​លើកឡើង​ថា​ ប្រព័ន្ធសុខាភិបាល​នៅ​កម្ពុជា​មិន​ទាន់​មានភាព​ល្អប្រសើរ​ដែលអាច​គាំពារ​សុខមាភាព​របស់​ពលរដ្ឋក្រីក្រ​គ្មាន​លទ្ធភាព​​ក្នុងការ​ទទួល​សេវាកម្ម​ព្យាបាល​ក្នុងមន្ទីរ​ពេទ្យ​របស់​ស្ថាប័នរដ្ឋ​។ ពួកគេមើល​ឃើញថា​ មន្ត្រី​សុខាភិបាល​មួយចំនួន​មិនបាន​គោរពតួនាទី​ទៅ​តាមវិជ្ជាជីវៈ​ដើម្បី​ផ្តល់​ទំនុក​ចិត្ត​ដល់​អ្នកជំងឺ​នៅឡើយ​។ ប្រតិកម្ម​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ ប្រកាស​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​មន្ទីរពេទ្យមិត្តភាព​កម្ពុជា​-​ចិន​នៅរាជធានីភ្នំពេញ​ថា​ នឹង​បង្កើន​សេវា​ព្យាបាល​ជូនប្រជាពលរដ្ឋ​ឱ្យ​បាន​ប្រសើរ​ឡើង​។

ប្រជាពលរដ្ឋ​និង​មន្ត្រីសង្គមស៊ីវិល​ ចង់ឃើញ​រដ្ឋាភិបាលលោក​ ហ៊ុន សែន​ ពង្រឹង​គុណភាព​ប្រព័ន្ធ​សុខាភិបាល​ប្រកប​ដោយ​គុណភាព​ និង​សមធម៌​ក្នុងការ​ផ្តល់​សេវាកម្ម​ព្យាបាល​ដោយ​មិន​មានការ​រើសអើង​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ​។ ប្រជាពលរដ្ឋ​រិះគន់​ថា​ មន្ត្រី​សុខាភិបាល​នៅ​តាមស្ថាប័ន​រដ្ឋមួយ​ចំនួន​ពុំ​បាន​បំពេញ​តួនាទី​ទៅ​តាម​វិជ្ជាជីវៈ​ក្នុង​ការផ្តល់​ទំនុក​ចិត្ត​ព្យាបាល​អ្នកជំងឺ​ដែល​ជាអ្នកក្រីក្រ​មក​ពី​ទីជនបទ​នោះឡើយ​។

ពលរដ្ឋម្នាក់រស់នៅ​ខេត្តកណ្ដាល លោក សេរី​ ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី២១មីនា​ថា​ កាលពីអំឡុង​ឆ្នាំ២០២០​កន្លង​ទៅលោកបាន​សម្រាកព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​ឬពេទ្យលោក​សង្ឃ​ក្នុងរាជធានីភ្នំពេញ​ប៉ុន្តែ​ពុំ​មាន​ការ​យកចិត្តទុកដាក់​ពី​សំណាក​ក្រុម​គ្រូពេទ្យ​ឡើយ​។ លោកបញ្ជាក់ថា​គ្រូពេទ្យ​ភាគច្រើន​និយាយ​គ្មាន​ក្រមសីលធម៌​និង​ព្រងើយកន្តើយ​ ដោយសារ​តែគ្រានោះ​លោក​គ្មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ការព្យាបាល​។

លោករិះគន់ថា​ ទង្វើ​មន្ត្រី​សុខាភិបាល​បែបនេះ​ដោយសារ​មាន​ប្រព័ន្ធអំពើ​ពុករលួយ​ចាក់ស្រេះ​ក្នុងស្ថាប័នរដ្ឋ ប្រការនេះ​ទើប​ធ្វើ​ឱ្យ​មហាជនទូទៅ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធសុខាភិបាល​ក្នុងស្រុក​៖ «កាលពី​មុនព្យាបាល​នៅសុរិន្ទ​ ដោយសារ​នៅខ្មែរ​ទាមទារ​ឱ្យវះកាត់​ប៉ុន្តែ​ខ្ញុំអត់​ទុកចិត្ត​។ ខ្ញុំក៏​ទៅព្យាបាល​នៅ​សុរិន្ទ​។ រវាង​ស្រុក​គេ​និង​ស្រុកខ្មែរ​ សុជីវធម៌​ក្នុង​ការងារ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ នៅ​ស្រុកគេ​បើ​យើងខុស​គេមិន​ដែល​ប្រើពាក្យ​អសុរោះ​ធ្វើឱ្យ​យើង​អាក់​អន់​ចិត្ត​គេ​មាន​តែការ​ថ្នាក់ថ្នម​ »

ស្រដៀងគ្នានេះ​ សកម្មជនសង្គម​ដែលតែង​ឈឺឆ្អាល​បញ្ហាជាតិ​លោក កើត សារ៉ាយ​ សង្កេត​ឃើញថា​ ពលរដ្ឋ​ភាគច្រើន​ដែលមក​ពី​ទីជនបទ​ពួកគាត់​ពុំសូវមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​បង់​ថ្លៃ​សេវាព្យាបាលឡើយ​។ លោក​បន្ត​ថា​ រដ្ឋាភិបាលគួរតែ​ជំរុញ​ដល់មន្ត្រីសុខាភិបាល​ប្រកាន់​ភ្ជាប់វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋគ្រប់​ស្រទាប់វណ្ណៈ​ដោយគ្មានការរើសអើង៖ «នៅពេល​ដែលមាន​ការរៀបចំ​មន្ទីរពេទ្យ​ឆ្លើយ​តប​តម្រូវ​ការ​ប្រជាពលរដ្ឋ​ រដ្ឋាភិបាល​គួរតែ​ធ្វើការ​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស​លើវិស័យសុខាភិបាល​។ ជាពិសេស​ផ្នែក​សីលធម៌​វិជ្ជាជីវៈ​គ្រូ​ពេទ្យ​។ អ្នកណាក៏គេ​និយាយ​ដូចគ្នា​ថា​ពេទ្យ​ស្រុក​ខ្មែរ​មិនត្រឹមតែ​អន់​ជំនាញ​ទេ​ អន់​ទាំង​សីលធម៌​ »

ដោយឡែក ​ប្រធាន​សហភាព​សហជីព​កម្ពុជា (CCU) ​លោក រ៉ុង ឈុន​ មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ដែល​ទទួល​សេវាកម្មព្យាបាល​ពីស្ថាប័នរដ្ឋ​នៅ​តែ​មាន​កម្រិត​ហើយ​តម្លៃ​ព្យាបាល​ទៀតសោត​ក៏​មាន​តម្លៃ​ខ្ពស់​។ លោករិះគន់ថា​ប្រព័ន្ធ​សុខាភិបាល​បច្ចុប្បន្ន​ហាក់​បង្កើត​ឡើង​មានស្តង់ដារ​ពីរ​ចំពោះ​អ្នកមាន​និង​វណ្ណៈកសិករ​។ លោក​កត់សម្គាល់​ឃើញថា​ប្រជាពលរដ្ឋក្រីក្រ​ដែល​រក​សេវាព្យាបាល​ពី​មន្ត្រី​សុខាភិបាល​ហាក់​មិន​អើពើ​ផ្តល់​កិច្ចគាំពារ​ជួយសង្គ្រោះ​ពួកគេ​បានភ្លាមៗ​នោះ​ឡើយ៖​​« ស្រ្តី​ឆ្លង​​ទន្លេ​​ដែល​​រងគ្រោះ​​នៅ​តាម​​មន្ទីរ​ពេទ្យ​រហូត​បាត់បង់​ជីវិត​ដោយសារ​ខ្វះខាត​ថវិកា​ដែល​ពេទ្យ​មិន​បាន​យក​ចិត្តទុក​ដាក់​ពួកគាត់​ »

ប្រតិកម្មរបស់ពលរដ្ឋ​និង​សង្គមស៊ីវិល​នេះ​ ធ្វើឡើង​ក្រោយ​ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃទី២១មីនា ​សម្ពោធ​ដាក់​ឱ្យប្រើប្រាស់​មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-ចិន​ព្រះកុសុមៈ​ដែល​ជា​ជំនួយឥត​សំណង​របស់​រដ្ឋាភិបាលចិន​ចំណាយ​ថវិកា​ក្នុងការ​សាងសង់​ជាង ៨០លាន (៨០.០០០.០០០) ​ដុល្លារ។ លោក ហ៊ុន សែន​ អះអាង​ការ​បង្កើត​មន្ទីរ​ពេទ្យ​នេះឡើង​ដើម្បី​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​មិនចាំបាច់​ត្រូវ​ចំណាយថវិកា​ក្នុងការ​ព្យាបាលជំងឺ​នៅ​ក្រៅ​ប្រទេស​៖ « គ្រាន់តែ​យើងចង់​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ថា​អាច​ធ្វើ​បាន​ក្នុង​ប្រទេស​របស់​យើង​ ដើម្បី​កាត់បន្ថយ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​។ អ្នក​ខ្លះទៅ​ហើយ​ទៅ​ដេក​ចាំ​ទៀត​ទម្រាំ​រក​ពេទ្យ​បាន​។ សម្រាប់​ប្រទេស​របស់​យើង​ធ្វើ​បាន​តាំង​ពី​ជាង​១០ឆ្នាំមុន​។ មន្ទីរ​ពេទ្យល្អ​ត្រូវ​តែ​ខិតខំ​ធ្វើ​យ៉ាងម៉េច​ពិនិត្យ​ព្យាបាល​ត្រូវ​តែល្អ​ »

វិទ្យុអាស៊ី​សេរីមិន​អាចទាក់ទង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ្នកស្រី ឱ វណ្ណឌីន​ ដើម្បី​សាកសួរបន្ថែម​ជុំវិញ​ពី​ក្ដីកង្វល់​ប្រជាពលរដ្ឋ​បាន​ទេ​នៅថ្ងៃទី២១ ខែ​មីនា​។

ជុំវិញរឿងនេះ​ ប្រធាន​សមាគម​គ្រូពេទ្យគុណធម៌​កម្ពុជាលោក អ៊ូច វុទ្ធី​ សង្កេត​ឃើញថា​ នៅ​តាម​ស្ថាប័ន​ផ្នែកសុខាភិបាល​ប្រជាពលរដ្ឋ​ក្រក្រី​មាន​ការលំបាក​ច្រើន​ ដោយសារ​ខ្វះការ​យក​ចិត្ត​ទុកដាក់​អើពើ​ជួយ​សង្គ្រោះ​ពួកគាត់​។ លោកវេជ្ជបណ្ឌិត​បន្ត​ថា​ ពលរដ្ឋភាគច្រើន​ដែល​មក​ពី​តាម​ទី​ជនបទ​មាន​អ្នក​ខ្លះ​បាត់បង់​ជីវិត​ ហើយ​គ្រូពេទ្យ​ពុំ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ឡើយ​។

លោកបន្ថែមថា​ ក្នុង​ស្ថាប័ន​សុខាភិបាល​ក៏​មាន​ក្រុមគ្រូពេទ្យ​ជា​ច្រើន​គ្មាន​ក្រមសីលធម៌​គិតតែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ មិន​បាន​យក​ចិត្តទុកដាក់​ក្នុងព្យាបាល​អ្នកជំងឺ​ដែល​គ្មាន​លទ្ធភាព​ឱ្យ​ពួកគាត់​ទទួល​បាន​ភាពកក់ក្ដៅ​ឡើយ​៖ « មន្ទីរពេទ្យរដ្ឋនីមួយៗ​ ត្រូវការ​ជួយ​មើលរាស្រ្ត​ដោយ​គ្មានការ​រើសអើង​។ កាល​ណា​យើង​ឃើញ​ជន​ក្រីក្រ​យើង​ត្រូវ​តែជួយគាត់​តែ​មន្ត្រី​ខិលខូច​តែង​យកប៉ុង​។ ជាការ​ខ្វះខាត​មួយ​រវាង​មន្ត្រី​ពុករលួយ​នៅ​ពេញស្រុកខ្មែរ​មិនមែន​អ្នក​តូចតាច​ទេ​ គឺមានអ្នក​ធំ​ជំរុញ​ឱ្យ​បង់លុយ​តែម្ដង​។ ដល់​អញ្ចឹង​ទៅ​ អ្នកដែល​កាន់​លុយ​ម៉ត់ចត់​ រវល់​តែ​សួរ​នាំ​រឿង​បង់លុយ​ ប្តី​ទៅរកលុយ​ ទៅ​លក់គោ​ក្របី​ មក​វិញ​ប្រពន្ធ​កូន​ស្លាប់​បាត់​ »។

មន្ទីរ​ពេទ្យមិត្តភាពកម្ពុជា-ចិន​ព្រះកុសុមៈ​ ឬ​ហៅពេទ្យលោកសង្ឃ​នេះ​ ត្រូវ​បានសាងសង់​លើ​ទំហំដីជាង ១៣ពាន់​ម៉ែត្រក្រឡា​ មាន​កម្ពស់ ១១ជាន់​ ជា​មួយ​ប្រវែង​ ៥៣ម៉ែត្រ​។ លោក​ ហ៊ុន សែន​ ប្រកាសថា​មន្ទីរពេទ្យ​នេះ​ត្រូវ​បានបំពាក់​បរិក្ខារ​ទំនើប​ផ្នែក​សង្គ្រោះបន្ទាន់​វះកាត់ផ្លាស់ប្តូរ​សេរីរាង្គ​ ផ្នែកសម្ភព​ ព្រម​ទាំងសេវា​ជំនួយ​ផ្សេងៗ​ទៀត​ដោយ​មាន​គ្រែ​ទទួល​អ្នកជំងឺ​ក្នុង​សម្រាកព្យាបាល​ចំនួន៤រយគ្រែ​(៤០០)។

បើទោះបីជា​ លោក ហ៊ុន សែន​ អះអាង​ប្រាប់​ប្រជាពលរដ្ឋ​ពីគុណភាព​មន្ទីរ​ពេទ្យ​ក្រោម​ជំនួយ​ឥតសំណង​របស់​មិត្តដែកថែប​របស់​លោកក្ដី​ ប៉ុន្តែ​លោក​ ហ៊ុន សែន​ និង​គ្រួសារ​របស់​គាត់​ហាក់​មិន​មាន​ជំនឿ​ក្នុងការ​ទទួល​សេវា​ព្យាបាល​ពី​មន្ត្រី​របស់​លោក​ឡើយ​។ ជា​ញឹកញយ​ លោក ហ៊ុន សែន ​និងក្រុមគ្រួសារ​ ព្រម​ទាំង​ក្រុម​មន្ត្រី​មេឈ្មួញ​គ្រាកៗ​ដែល​ស្និត​នឹង​លោក​ពេល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ម្ដងម្កាល​តែងតែ​នាំគ្នា​វេចលុយ​រាប់ម៉ឺន​ដុល្លា​ដើម្បី​ទៅ​ព្យាបាល​ក្រៅ​ប្រទេស​។ ប្រជាពលរដ្ឋ​យល់ថា បញ្ហា​នេះ​កាន់​តែឆ្លុះបញ្ចាំឱ្យ​ឃើញ​ថា​ ក្រុមគ្រួសារ​និងបក្ស​ពួករបស់​លោក​ក៏​មិនមាន​ទំនុកចិត្ត​លើ​គុណភាព​ក្នុង​ការទទួល​សេវាកម្ម​សុខាភិបាល​ក្រោមការដឹកនាំ​របស់​លោក​ដែរ​។

ប្រជាពលរដ្ឋ​ និងមន្ត្រីសង្គមស៊ីវិលរិះគន់​ថា​ ទង្វើ​ប្រមុខរដ្ឋាភិបាល​បែបនេះ​ជា​គំរូ​អាក្រក់​មួយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​ក្រុម​គ្រូពេទ្យ​ក្នុងស្រុក​ និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ផ្នែក​សុខាភិបាល​ពុំ​សូវ​មានតម្លៃ​។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ផ្នែកសុខាភិបាលនេះ​ឱ្យ​មាន​គុណភាព​ជាង​​បច្ចុប្បន្ន​ និង​ធ្វើ​ការ​អប់រំណែនាំ​មន្រ្តី​សុខាភិបាល​ជា​ប្រចាំ​ដើម្បី​ឱ្យ​គោរព​តួនាទី​អនុវត្ត​តាម​វិជ្ជាជីវៈ​ ដើម្បី​ផ្តល់​អទិភាព​ក្នុងការ​ជួយ​សង្រ្គោះ​ជូន​ប្រជាពលរដ្ឋ​ដែល​មានជីវភាព​ក្រីក្រ​ឱ្យ​ពួកគាត់​មាន​ទំនុកចិត្ត​និង​ទទួល​បាន​ភាពកក់ក្តៅ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។