ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បារម្ភពីបញ្ហាសុវត្ថិភាពចំណីអាហារដែលនាំចូលពីប្រទេសដែលកំពុងរីករាលដាលជំងឺឆ្លងកូវីដ១៩។ ពួកគាត់ស្នើសុំរដ្ឋាភិបាលផ្អាកការនាំចូលសាច់សត្វពីក្រៅប្រទេស ជាបណ្ដោះអាសន្នសិន ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
ក្ដីព្រួយបារម្ភ និងសំណើរបស់ពលរដ្ឋនេះ កើតឡើងក្រោយពេលពួកគាត់ដឹងថា ក្រសួងសុខាភិបាលរកឃើញសាច់ក្របីចំនួន ៣ កុងតឺន័រ ក្នុងចំណោម ៥ កុងតឺន័រ ដែលនាំចូលពីប្រទេសឥណ្ឌា មានផ្ទុកមេរោគនៃជំងឺកូវីដ-១៩។
ពលរដ្ឋម្នាក់រស់នៅរាជធានីភ្នំពេញលោក កែវ ផល្លា ថ្លែងថា ការណ៍ដែលរដ្ឋាភិបាលបើកឲ្យមានការនាំចូលសាច់សត្វពីក្រៅប្រទេស ក្នុងពេលកំពុងរាតត្បាតជំងឺកូវីដ-១៩ ជាសាកលបែបនេះ មានហានិភ័យខ្លាំងចំពោះពលរដ្ឋទូទៅ ដែលពុំសូវយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។
លោកយល់ថា រដ្ឋាភិបាលគួរផ្អាក ឬឈប់ទិញសាច់សត្វពីក្រៅប្រទេស មួយរយៈពេលសិន ព្រោះលោកបារម្ភ ខ្លាចការឆ្លងជំងឺកូវីដ-១៩ នេះ មិនត្រឹមតែឆ្លងពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែវាក៏អាចកើតចេញពីការទិញសាច់ដែលនាំចូលពីក្រៅប្រទេសនោះដែរ។ លោកស្នើឲ្យរដ្ឋាភិបាល ងាកទៅជំរុញអាជីវកម្មផលិតសាច់ក្នុងស្រុកជំនួសវិញ ដើម្បីបំពេញតម្រូវការទៅទីផ្សារបច្ចុប្បន្នផង និងកាត់បន្ថយកង្វល់នៃការឆ្លងជំងឺនេះផង៖ «បើតាមខ្ញុំយល់មិនគួរឲ្យនាំចូលតែម្ដង ឲ្យតែសាច់មកពីបរទេសហ្នឹង គឺមិនល្អទេ។ ព្រោះការគេនាំចូល អ្វីដែលនៅក្នុងប្រទេសគេ គេប្រើអត់អស់ វាសល់។ ឬមួយបើសាច់គេនាំចូលមិនសល់ ក៏សាច់ហ្នឹង គេចិញ្ចឹមដោយអាហារគីមីអ៊ីចឹង»។
ស្រដៀងគ្នានេះដែរ អាជីវករលក់បន្លែម្នាក់នៅផ្សារដើមគ ក្នុងរាជធានីភ្នំពេញលោក វ៉ឺត ដានី លើកឡើងថា ប្រសិនបើរដ្ឋាភិបាលនៅតែបន្តបើកឲ្យនាំចូលសាច់សត្វពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក គួរតែបង្កើនការត្រួតពិនិត្យលើគុណភាពនិងសុវត្ថិភាពសាច់ទាំងអស់នោះ ឱ្យបានល្អិតល្អន់បំផុត មិនថាសាច់សត្វនាំចូលពីប្រទេសឥណ្ឌា ឬពីប្រទេសជិតខាងនោះទេ៖ «ប្រសិនបើសាច់ហ្នឹងមានបញ្ហាអ៊ីចឹង នាំចូលមិនល្អទេ នាំតែប៉ះពាល់ដល់សុខភាព ព្រោះអ្នកខ្លះអត់ដឹង។ ព្រោះការនាំចូលសេរីអ៊ីចឹង វាប៉ះពាល់ច្រើនណាស់ដល់សុខភាពប្រជាជន។ អ៊ីចឹង ! មុននឹងនាំចូល យើងត្រូវពិនិត្យឲ្យច្បាស់លាស់សិន»។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃទី២៧ ខែកក្កដា បានទេ ដោយហៅទូរស័ព្ទចូល តែពុំមានលោកមិនទទួល។
ក្រសួងសុខាភិបាលស្រង់សំណាកសាច់ក្របី ដែលនាំចូលមកពីប្រទេសឥណ្ឌាចំនួន ៥ កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត កាលពីថ្ងៃទី១៩ ខែកក្កដា។ លទ្ធផលបង្ហាញថា សាច់សត្វ ចំនួន ៣ កុងតឺន័រ មានមេរោគសាខូវី២ (SARS-CoV-2) ដែលអាចបង្កឲ្យឆ្លងជំងឺកូវីដ-១៩។
ទន្ទឹមគ្នានេះ អាជ្ញាធរខេត្តកំពង់ស្ពឺ រង់ចាំសេចក្ដីសម្រេចពីក្រសួងសុខាភិបាល ដើម្បីនាំសាច់ដែលមានមេរោគនេះ ទៅបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃ២៧ ខែកក្កដាថា ខាងសមត្ថកិច្ចបានរៀបទីតាំងដើម្បីដុតកម្ទេចសាច់សត្វ ដែលរកឃើញមេរោគនេះ រួចរាល់ហើយ៖ «យើងជីកហើយ សាច់ក្របីមិនទាន់យកមកដល់ ព្រោះវាមានការតវ៉ាបន្តិចពីភាគីដែលគាត់នាំចូល។ អ៊ីចឹង ! យើងត្រូវធ្វើឲ្យច្បាស់ទាំងអស់ យើងមិនមែនទៅកាច់បំបាក់អ្នកណាទេ គឺភូតគ្រាមអនាម័យយើងបញ្ជាក់មកថា ធ្វើតេស្តទៅវាមានជំងឺហ្នឹង មានអាមេរោគហ្នឹង។ អ៊ីចឹង ! យើងត្រូវធ្វើឲ្យបានហ្មត់ចត់។ តែដឹកមកដល់ យើងត្រូវដឹកកម្ទេចហើយ »។
ជុំវិញការអះអាងរបស់ក្រសួងសុខាភិបាល ដែលថា សាច់សត្វក្របីនាំចូលពីប្រទេសឥណ្ឌា ដែលដឹកមកដល់កម្ពុជា តាំងពីខែមេសា ប៉ុន្តែទើបតែរកឃើញថា មានបញ្ហានៅពេលនេះ ស្ថានទូតប្រទេសឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា មិនអស់ចិត្តនោះឡើយ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានដកស្រង់សាររបស់ស្ថាតទូតនេះ និងផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ ខែកក្កដា ថាមន្រ្តីតំណាងទូតឥណ្ឌា បានស្នើសុំឲ្យធ្វើតេស្តម្តងទៀត ព្រោះស្ថានទូតឥណ្ឌាអះអាងថា សាច់ក្របីនេះ ត្រូវបានត្រួតពិនិត្យពីមន្ទីពិសោធន៍ឥណ្ឌា ស្របតាមស្ដង់ដារ ISO ត្រឹមត្រូវ មុននឹងនាំចូលមកប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀតសាច់ក្របីនេះ នាំចេញមកតាមផ្លូវទឹកតាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភ័ស្ដុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ-១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារ និងចំណីអាហារក្នុងរយៈពេលជិត ៣ខែនោះទេ។
ទោះជាយ៉ាងនេះក្ដីមន្រ្តីអង្គការសង្គមស៊ីវិលមិនលើកទឹកចិត្តឲ្យនាំសាច់សត្វពីក្រៅប្រទេសក្នុងពេលនេះនោះដែរ។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍លោក យង់ គឹមអេង សង្កេតឃើញថា ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើន ហាក់មិនសូវមានភ្ញៀវស្នាក់នៅច្រើនទេ ដោយសារតែជំងឺកូវីដ-១៩ ហេតុនេះតម្រូវការសាច់សត្វពីក្រៅប្រទេសក៏មិនសូវច្រើនដែរ។ លោកបន្តថា ការប្រើប្រាស់សាច់សត្វក្នុងស្រុក អំឡុងពេលមានការរីករាលដាលជំងឺកាចសាហាវបែបនេះ គឺល្មមគ្រប់គ្រាន់នឹងតម្រូវទីផ្សារ ដោយពុំចាំបាច់នាំចូលសាច់សត្វពីក្រៅប្រទេសបន្ថែមទៀតទេ។
លោកយល់ថា ប្រសិនរដ្ឋាភិបាលអាចផ្អាកការនាំចូលសាច់សត្វពីក្រៅបាន នោះជាការប្រសើ។ លោកថា បើមិនអាចផ្អាកបានទេ រដ្ឋាភិបាលគួរមានការត្រួតពិនិត្យច្បាស់លាស់ ដើម្បីធានានូវសុវត្ថិភាពសម្រាប់ពលរដ្ឋដែលទិញយកទៅបរិភោគ៖ «ប្រសិនបើយើងរកអត់ឃើញ ដោយសារយើងមិនបានធ្វើការត្រួតពិនិត្យឲ្យបានគ្រប់គ្រាន់ ហើយប្រសិនបើវាមាននៅក្នុងកញ្ចប់ណាមួយនោះ គឺអាចបង្កការចម្លងខ្លាំងប៉ុណ្ណាទៅ។ នេះជារឿងមួយសំខាន់ណាស់។ ហើយអ្វីដែលសំខាន់យើងចង់ឃើញថា រដ្ឋាភិបាលគួរតែមានការប្រុងប្រយ័ត្នខ្ពស់ដែរ ក្នុងការនាំចូលសាច់សត្វស្រស់មកពីក្រៅប្រទេស។ ជាពិសេសប្រទេសដែលមានហានិភ័យខ្ពស់នៃកូវីដ១៩ ដូចជាប្រទេសឥណ្ឌាជាដើម»។
កាលពីពេលថ្មីៗនេះ ពោលគឺជាងមួយឆ្នាំក្រោយការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ពេញពិភពលោក ក្រសួងសុខាភិបាលកម្ពុជា ទើបចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ តាមចំណីអាហារ។
ក្រសួងសុខាភិបាល ព្រមានដោយអះអាងថា មេរោគនៃជំងឺកូវីដ-១៩ អាចរស់នៅលើចំណីអាហារ ឬ អាហារវេចខ្ចប់ ជាពិសេសអាហារកកៗ។ ក្រសួងសុខាភិបាលបន្ថែមថា បុគ្គលអាចមិនឆ្លងជំងឺកូវីដ-១៩ ពីចំណីអាហារទាំងនោះ ប្រសិនបើអនុវត្តវិធានការអនាម័យចំណីអាហារ ឲ្យបានជាប់ជានិច្ច។ ក្រសួងអះអាងថា មេរោគនៃជំងឺកូវីដ-១៩ អាចរស់រហូតដល់៧២ម៉ោងនៅលើផ្ទៃប្លាស្ទិក ២៤ម៉ោងនៅលើផ្ទៃក្រដាសកាតុងធ្វើកេស និង៤ម៉ោងនៅលើផ្ទៃដែកអ៊ីណុក ឬស្ពាន់។ ផ្ទុយពីការអះអាងរបស់ក្រសួងសុខាភិបាលកម្ពុជា អំពីលទ្ធភាពនៃការចម្លងជំងឺកូវីដ-១៩ តាមរយៈចំណីអាហារនេះ អង្គការសុខភាពពិភពលោក ( WHO) ថាគ្មានភស្តុតាងណា ដែលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ឆ្លងជំងឺនេះ តាមរយៈចំណីអាហារកកៗ ឬផ្លែឈើ និងបន្លែស្រស់នោះឡើយ។ មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ( CDC) ថាគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ-១៩ តាមរយៈការហូបអាហារ ឬប៉ះពាល់អាហារ ដូចជាអាហារកកៗ ឬប៉ះពាល់កញ្ចប់អាហារ គឺមានកម្រិតតិចតួចខ្លាំងណាស់។
ប៉ុន្តែ ស្ថាប័នសុខាភិបាលពិភពលោក និងសហរដ្ឋអាមេរិកនេះ លើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ប្រកាន់គោលការណ៍អនាម័យចំណីអាហារ ដើម្បីសុវត្ថិភាពសុខភាពទូទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។