ប្រជាពលរដ្ឋមួយចំនួនរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន អសមត្ថភាព ដែលទិញក្ដារមឈូសពីប្រទេសក្រៅដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។ ពួកគាត់យល់ថា វិធានការបែបនេះពុំមែនជាដំណោះស្រាយជួយរំលែកទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះទេ។ មន្ត្រីសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដើម្បីស្រាយមន្ទិលរបស់ពលរដ្ឋ និងបង្កើនប្រសិទ្ធភាពអនុវត្តការងាររបស់រដ្ឋាភិបាល។
ប្រជាពលរដ្ឋមួយចំនួនយល់ថារដ្ឋាភិបាលគួរគិតគូរពង្រឹងសេវាសុខាភិបាល ផ្គត់ផ្គង់ជីវភាពពលរដ្ឋ ជាពិសេសចាត់វិធានកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ឱ្យបានឆាប់រហ័សទើបជាដំណោះស្រាយត្រឹមត្រូវដើម្បីធានានូវប្រក្រតីភាពឡើងវិញ។
ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង កញ្ញា ពៅ ណា លើកឡើងថាការ អាជ្ញាធររបបក្រុងភ្នំពេញទិញក្តារមឈូសពីក្រៅប្រទេសបង្ហាញអំពីការអសមត្ថភាពរបស់ របបឯកបក្សដែលមិនបានប្រើប្រាស់ធនធានខាងក្នុងប្រទេសឱ្យអស់លទ្ធភាព។ កញ្ញាមិនពេញចិត្ត រដ្ឋាភិបាលដែលប្រកាសរៀបចំក្ដារមឈូសទុកឱ្យពលរដ្ឋខ្លួន ដែលធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនរួមទាំងម្ដាយរបស់កញ្ញាផងតក់ស្លុត ស្របពេលចំនួនអ្នកឆ្លងកូវីដ១៩ និងស្លាប់កើនឡើងឥតស្រាកស្រាន្ត។ កញ្ញាចាត់ទុក ការត្រៀមក្ដារមឈូសទុកមុននេះគឺជាការប្រមាថអាយុជីវិតរបស់ពលរដ្ឋខ្មែរ៖ «នៅសម័យនេះគឺបងប្អូនប្រជាជនខ្មែរយើងខ្វះស្បៀងអាហារគួរតែចែកអង្ករចែកលុយដល់ពួកគាត់មិនមែនមកយកលុយទៅចំណាយទិញក្ដារមឈូសដល់ស្រុកគេរាប់រយរាប់ពាន់យកមកត្រៀមទុកអ៊ីចឹងទេយើងគួរតែមានវិធានការទប់ស្កាត់ឬមួយដោះស្រាយជីវភាពពួកគាត់ប្រចាំថ្ងៃគាត់ធ្វើការធ្វើងារអត់បានគួរគិតឃើញត្រង់ហ្នឹង ឈើចាប់បានរាប់តោនរាប់ម៉ឺនឈើមិនព្រមថាធ្វើស្រុកឯងស្ងាត់ស្ងៀមទៅគ្រាន់តែប៉ុណ្ណឹងសោះធ្វើមិនកើតសូម្បីមឈូសសោះហើយតើមកដឹងនាំប្រទេសមិចទៅ » ។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ លោក អ៊ិន អាត ថ្លែងថាពលរដ្ឋសព្វថ្ងៃកំពុងបារម្ភខ្លាចឆ្លងជំងឺកូវីដ១៩ ដែលពួកគាត់ត្រូវការរដ្ឋាភិបាលជួយផ្សព្វផ្សាយអប់រំសុខភាព ផ្តល់ស្បៀងអាហារ និងដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់ជាដើម។ អាជីវកររូបនេះស្តោកស្ដាយដែលរដ្ឋាភិបាលចំណាយថវិកាទិញក្តារមឈូសពីប្រទេសថៃ ស្របពេលដែលប្រជាពលរដ្ឋកំពុងរស់ទាំងនៅត្រដាបត្រដួស និងជំពាក់បំណុលធនាគារវ័ណ្ឌក៖ «យើងមានការបញ្ជាទិញយើងមិនគួរបញ្ចេញជាសាធារណៈអាហ្នឹងរឿងមិនគួរបញ្ចេញ យើងគួរបញ្ចេញទីមួយអប់រំប្រជាជនឱ្យមានការការពារ ការទប់ស្កាត់ ដូចជារាល់ថ្ងៃអាជ្ញាធរក៏គាត់មិនសូវគិតដែរ គាត់មិនសូវសម្លឹងមើល គាត់ទៅសំខាន់ក្ដារមឈូសសម្រាប់ដុតមនុស្សទៅវិញយើងគិតអាអ្នកនៅរស់នេះគ្នាដែលខ្វះខាត អ្នកខ្លះជំពាក់ធនាគាររកឡើងមិនបាន អ្នកខ្លះក៏អត់អីហូបយើងគិតអាហ្នឹងវិញបានត្រឹមត្រូវ » ។
ប្រតិកម្មរបស់ពលរដ្ឋនេះ គឺក្រោយពេលអាជ្ញាធររបបក្រុងភ្នំពេញបានទិញក្ដារមឈូសជាច្រើនសម្រាប់បូជាសព បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្មីៗប្រកាសឱ្យមន្ត្រីរបស់លោកយកឈើដែលរឹបអូសបានរៀបចំធ្វើក្តាមឈូស និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងត្រៀមប្រមូលទិញក្ដារមឈូសសម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន និងអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េនជ្រួន ដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ កក្កដា ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។ ប៉ុន្តែលោក ង៉ោ ម៉េងជ្រួន បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៥ កក្កដាថា រដ្ឋាភិបាលបានបញ្ជាទិញក្ដារមឈូសពីប្រទេសថៃចំនួន ៣.០០០ សម្រាប់សម្រាប់អ្នកស្លាប់ដោយសារជំងឺកូវីដ១៩។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី ប្រាប់ថាលោកមិនអាចបកស្រាយជុំវិញការបញ្ជាទិញក្ដារមឈូសពីប្រទេសថៃ និងបានទេ ដោយលោករុញឱ្យទៅសួរគណៈកម្មការបូជាសព និងអាជ្ញាធរតាមខេត្តវិញ។ តែលោកបញ្ជាក់ថាការរៀបចំក្ដារឈូសទុកមុននេះ មិនប៉ះពាល់ដល់អារម្មណ៍ ឬបំភិតបំភ័យដល់ពលរដ្ឋនោះទេ តែករណីនេះ គឺជាបុណ្យកុសលតាមជំនឿរបស់ខ្មែរទៅវិញ៖ « តាមពិតខ្មែរយើងមានជំនឿមួយថា បើកូនចៅណាបានរៀបចំគេហៅថាឈើចាស់ទុំ ក្ដារចាស់ទុំដែលអនិច្ចកម្មទៅហ្នឹងគឺបានបុណ្យនៅក្នុងជំនឿហ្នឹង។ អ៊ីចឹងការគិតគូរនេះគឺជាបុណ្យកុសលវិញទេបាទ សូមកុំឱ្យយល់ច្រឡំ រហូតដល់អ្នកខ្លះគេធ្វើចេតិយទុកខ្លួនឯងធ្វើមឈូសទុកខ្លួនឯង ហើយមានគម្ពីរសាស្ត្រាមួយលោកបានសរសេរថាអ្នកដែលបានគិតគូរធ្វើចេតិយទុកមឈូសទុកគឺអាយុវែងទៅទៀត » ។
ទោះជាយ៉ាងណាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុករិះគន់របបលោក ហ៊ុន សែន ថាគិតតែរៀបចំក្តារមឈូសឱ្យប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ១៩ ប៉ុន្តែលោកមិនបានយកចិត្តទុកពីជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខវេទនាផ្នែកជីវភាពដោយសារវិបត្តិកូវីដ១៩ ជាពិសេសការផ្តល់សេវាសុខាភិបាលត្រឹមត្រូវជូនពលរដ្ឋនោះទេ។
ជុំវិញរឿងនេះប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា កម្រិតចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ដូចបច្ចុប្បន្ននេះពុំធ្វើឱ្យកម្ពុជាខ្វះក្ដារមឈូសនោះទេ។ លោកគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលបញ្ជាទិញក្ដារមឈូសដើម្បីត្រៀមខ្លួន ប៉ុន្តែរដ្ឋាភិបាលគួរលើកទឹកចិត្តនិងជជែកជាមួយអ្នកផលិតក្ដារមឈូស ក្នុងស្រុក អំពីលទ្ធភាពផលិតមុនបញ្ជាទិញទៅក្រៅប្រទេស។
សង្គមស៊ីវិលរូបនេះមើលឃើញថាប្រតិកម្មរបស់ប្រជាពលរដ្ឋដោយសារពួកគាត់ ទទួលព័ត៌មានមិនច្បាស់លាស់ ដែលធ្វើឱ្យពួកគាត់ភ័យខ្លាច ដូច្នេះលោកស្នើ ឱ្យគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គួរបញ្ចេញព័ត៌មានផ្លូវការឱ្យបានច្រើនដល់ពលរដ្ឋ ដើម្បីបង្កើនជំនឿចិត្តលើការអនុវត្តមុខងារសាធារណៈរបស់ខ្លួននិងផ្តល់ប្រយោជន៍ដល់រដ្ឋាភិបាល៖ «ហៅអ្នកផលិតមឈូសហ្នឹងមកជជែកគ្នា ជាពិសេស សមាគមមឈូសហ្នឹង យើងជជែកជាមួយគាត់ទៅថាគាត់មានសមត្ថភាពផលិតមឈូសបានកម្រិតណា ខ្ញុំគិតថាបើយើងមានចំនួនស្លាប់ត្រឹមប៉ុណ្ណឹងខ្ញុំគិតថា មិនគួរខ្លះមឈូសទេ សំខាន់យើងហៅអញ្ជើញជំនាញផលិតមឈូសនឹងមកជជែកគ្នាឥឡូវសមត្ថភាពគាត់ផលិតបានប៉ុណ្ណេះបើយើងស្ទង់ទៅលើការស្លាប់ច្រើនអ៊ីចឹងយើងអាចបញ្ជាពីប្រទេសជិតខាងអីហ្នឹងទៅ តែបើសមាគមក្នុងស្រុកអ្នករកស៊ីអាចផលិតបានយើងគួរកុម្ម៉ង់ទិញពីគាត់វិញបាទ » ។
ប្រជាពលរដ្ឋយល់ថាការបញ្ជាទិញក្ដារមឈូសពីក្រៅប្រទេសនេះបង្ហាញអំពីការដឹកនាំខ្វះចន្លោះរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលខ្វះខាតសូម្បីតែក្ដារមឈូស។ ពួកគាត់ចង់ឃើញរដ្ឋាភិបាលយកចិត្តទុកដាក់អំពីជីវភាពពលរដ្ឋដែលកំពុងរងគ្រោះដូចជាបង្កើនគុណភាពសេវាសុខាភិបាល ស្បៀងអាហារ ដោះស្រាយបំណុល ដើម្បីកាត់ផ្ដាច់ជំងឺកូវីដ១៩ និងបង្កើនទំនុកពីប្រជាពលរដ្ឋទើបល្អប្រសើរ។ ជាក់ស្ដែងស្ថានការណ៍នេះបានធ្វើពួកគាត់ តក់ស្លុត ភ័យខ្លាច ស្របពេលចំនួនអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។