មន្ត្រីរាជការមួយចំនួនរិះគន់ លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ប៉ូលិសដែលបង្ខិតបង្ខំឱ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន ដែលផ្ទុយពីគោលការណ៍ស្ម័គ្រចិត្តចាក់វ៉ាក់សាំង និងរំលោភសិទ្ធិសម្រេចចិត្តពួកគាត់។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរតែបង្កើនការផ្សព្វផ្សាយ ហើយពន្យល់ប្រាប់មន្ត្រីរាជការ និងពលរដ្ឋ ពីគុណភាពវ៉ាក់សាំង ដោយធ្វើយ៉ាងណាឲ្យពលរដ្ឋទុកចិត្ត ជាជាងការគំរាមកំហែង។
មន្ត្រីរាជការមួយចំនួនទាមទារឲ្យរដ្ឋាភិបាល គោរពសិទ្ធិមន្ត្រីរាជការ ដោយអនុវត្តគោលការណ៍ស្ម័គ្រចិត្តឲ្យបានត្រឹមត្រូវ។ សំណើនេះ ធ្វើឡើងដោយសារតែរដ្ឋាភិបាលកំណត់គោលដៅចាក់វ៉ាក់សាំងឲ្យបានមួយលាននាក់ ក្នុងមួយខែ តាមរយៈការសំឡុតបំភ័យមន្ត្រីរាជការ។
គ្រូបង្រៀនដែលសុំមិនបញ្ចេញឈ្មោះម្នាក់ ប្រាប់អាស៊ីសេរីថា លោកមិនអាចទទួលយកបានទេ ចំពោះសារព្រមានរបស់ថ្នាក់ដឹកនាំ ព្រោះសារព្រមាននេះរំលោភសិទ្ធិលើការសម្រេចចិត្តពួកគាត់។ លោកបន្តទៀតថា មន្ត្រីរាជការទំនងជៀសមិនផុតពីការបង្ខិតបង្ខំចាក់វ៉ាក់សាំងចិននេះទេ។ មន្ត្រីរាជការរូបនេះថា ការងារដែលលោកកំពុងបំពេញរាល់ថ្ងៃកើតចេញពីប្រឡងជាប់ដោយសមត្ថភាព ហើយប្រសិនបើរដ្ឋាភិបាលដកចេញគឺជារឿងអយុត្តិធម៌សម្រាប់មន្ត្រីរាជការ។ លោកយល់ឃើញថាវ៉ាក់សាំងស៊ីណូវ៉ាក់នេះ ធ្វើឱ្យមន្ត្រីរាជការមួយចំនួនរារែកចិត្ត ដោយសារវ៉ាក់សាំងនេះមិនទាន់ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក៖ «គាត់ចេញសារអ៊ីចឹងមន្ត្រីខាងក្រោមគេចាំតែប្រតិបត្តិទេ ប្រសិនបើគាត់មិនប្រតិបត្តិទេ គាត់ត្រូវទទួលទោសពីលើដែរ ខ្ញុំគិតថា អត់ត្រឹមត្រូវអត់ទទួលយកបានម៉ង់ យើងប្រជាធិបតេយ្យស្អីចេញសារអ៊ីចឹង ឱ្យប្រជាពលរដ្ឋមានការសម្ដែងសិទ្ធិយើងពេញចិត្តចាំចាក់ យើងមិនពេញចិត្តមិនបាច់ចាក់ទេ បើយល់ថា មិនល្អ មិនបាច់ចាក់ទេ ដល់ឥឡូវយើងអត់ចាក់ចេញសារគំរាម»។
មន្ត្រីរាជការម្នាក់ទៀតសុំមិនបញ្ចេញឈ្មោះដែរ ប្រាប់ថា សារព្រមានថ្នាក់ដឹកនាំនេះ បានប៉ះពាល់ដល់អារម្មណ៍របស់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការបារម្ភពីការបាត់បង់តួនាទី និងមុខតំណែង ហើយមន្ត្រីរាជការទាំងនោះគ្មានជម្រើសអ្វីក្រៅពីទៅចាក់វ៉ាក់សាំងដើម្បីរក្សាក្របខណ្ឌ និងតួនាទីនោះទេ។ លោកស្នើរដ្ឋាបាលគួរសិក្សាឱ្យស៊ីជម្រៅ និងបង្ហាញទិន្នន័យ ព័ត៌មាន និងប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានច្បាស់លាស់ ដើម្បីដោះស្រាយមន្ទិលជូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា នៅតាមស្ថាប័នមួយចំនួនចាប់ផ្តើមស្រង់ឈ្មោះមន្ត្រីរាជការ ដែលមិនទាន់ចាក់វ៉ាក់សាំង បន្ទាប់ពីទទួលបានសារព្រមានរបស់លោក ហ៊ុន សែន ទៅកាន់មន្ត្រីរាជការ។ លោកយល់ថា សារព្រមានរបស់លោក ហ៊ុន សែន ជាសារគំរាមកំហែងដែលផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាលធ្លាប់អះអាងកន្លងមក៖ «មន្ត្រីរាជការប្រឈមនឹងការរើសអើងនៅក្នុងស្ថាប័នហ្នឹង ការយល់ដឹងរបស់ប្រជាពលរដ្ឋបច្ចុប្បន្នគាត់មានការយល់ដឹងច្រើន អំពីវ៉ាក់សាំងប្រទេសណាល្អ ប្រទេសណាមិនល្អអ៊ីចឹងទៅ គាត់ចង់សិក្សាមើលឱ្យច្បាស់អំពីប្រសិទ្ធភាពនៃវ៉ាក់សាំងហ្នឹង យើងមិនរើសអើងទេ គ្រាន់តែយើងត្រូវការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកបាទ»។
លោក ហ៊ុន សែន កាលពីយប់ថ្ងៃទី៦ មេសាបានបង្គាប់ឲ្យរដ្ឋមន្ត្រី ប្រធានស្ថាប័ន មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ ស្រង់បញ្ជីឈ្មោះ មន្ត្រីរាជការ ដែលមិនព្រមស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីបណ្ដេញចេញពីកន្លែងធ្វើការ និងបញ្ឈប់ក្របខណ្ឌរដ្ឋ ដោយរើសអ្នកថ្មីមកជំនួស។
ក្រៅពីនេះ លោកក៏ព្រមានឲ្យអ្នកដាក់ពាក្យសុំធ្វើការក្នុងក្របខណ្ឌរដ្ឋ និងមន្ត្រីជាប់កិច្ចសន្យា ដែលត្រូវជ្រើសរើសថ្មីទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងជាមុនសិន ទើបអនុញ្ញាតឲ្យជ្រើសរើស ឬឲ្យប្រឡងចូលក្របខ័ណ្ឌរដ្ឋបាន។ សារប្រកាសបណ្ដេញចេញពីការងារនេះ ត្រូវបានតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសមុនលោក ហ៊ុន សែន ទៅទៀត។ កាលពីថ្ងៃទី៥ មេសា លោក ហេង សួរ អះអាងថា ក្រុមអធិការកិច្ចរបស់ក្រសួង នឹងដាក់ពិន័យម្ចាស់រោងចក្រណា ដែលបរាជ័យចាក់វ៉ាក់សាំងឲ្យកម្មករ តិចជាង ៧០ភាគរយ។ លោក ហេង សួរ ក៏បានបើកដៃឲ្យថៅកែបញ្ឈប់កម្មករ បើមិនព្រមចាក់វ៉ាក់សាំង។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា យោងច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល រដ្ឋាភិបាលមានសិទ្ធិបញ្ឈប់មន្ត្រីរាជការណាដែលមិនធ្វើតាមការណែនាំ ដោយមន្ត្រីរាជការនោះមិនគោរពសិទ្ធិរស់រានមានជីវិតរបស់អ្នកដទៃ។ លោកបញ្ជាក់ថា សភាពការណ៍បច្ចុប្បន្នលែងគិតអំពីគោលការណ៍ស្ម័គ្រចិត្តហើយ នេះគឺជាកាតព្វកិច្ច ដោយសារមានអ្នកឆ្លង និងស្លាប់ច្រើន។ លោកបន្តថា រដ្ឋាភិបាលត្រូវការពារអាយុជីវិតប្រជាពលរដ្ឋ បើប្រសិនជីវិត ប្រជាពលរដ្ឋត្រូវទទួលរងហានិភ័យរដ្ឋាភិបាលនឹងចាត់វិធានការ៖ «ប្រទេសមួយចំនួនក៏គេប្រើប្រាស់ ហើយប្រទេសចិនក៏គេប្រើប្រាស់ដែរ មិនមែនយកសិទ្ធិសេរីភាពមកឆ្លើយជាមួយនឹងព្រឹត្តិការណ៍សព្វថ្ងៃនេះទេ កម្ពុជាមិនមែនសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកគេមានប្រជាពលរដ្ឋច្រើនគេមានធនធានច្រើន ងាប់គរជើងលើគ្នាក៏គេអត់ឈឺក្បាល ប៉ុន្តែកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់មិនអនុញ្ញាតអ្នកស្លាប់ដោយគ្មានកិច្ចការពារនោះទេបាទ»។
ជុំវិញការបង្ខំមន្ត្រីរាជការឲ្យទៅចាក់វ៉ាក់សាំងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល រដ្ឋាភិបាលមិនមានសិទ្ធិបង្ខិតបង្ខំ ឬដកហូតមន្ត្រីរាជការតាមអំពើចិត្តនោះទេ ព្រោះមន្ត្រីរាជការមុនត្រូវឆ្លងកាត់ការប្រឡងចូលបម្រើការងារត្រឹមត្រូវតាមច្បាប់។ អ្នកស្រីបញ្ជាក់ថា ការដកមន្ត្រីរាជការត្រូវធ្វើឡើងច្រើនដំណាក់កាលទើបមានសិទ្ធិដក។ លោកស្រីថាយល់ថាការចេញសារគំរាមកំហែងដកមន្ត្រីរាជការនេះ គឺជាសារបំភិតបំភ័យពួកគាត់៖ «សង្គមស៊ីវិល អង្គការសង្គមស៊ីវិលគ្រប់បែបយ៉ាងចូលរួម គឺចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាការចាក់ឬមិនចាក់ គឺសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំអ៊ីចឹងបើម៉ែឪចេះតែគំរាមកូនធ្វើបាបកូន សួរថាកូនចៅគោរពទេ»។
បច្ចុប្បន្ន រដ្ឋាភិបាលកំពុងបើកយុទ្ធនាការចាក់វ៉ាក់សាំងឲ្យមន្ត្រីរាជការ កម្មករ និងពលរដ្ឋនៅទូទាំងប្រទេស។ វ៉ាក់សាំង ដែលចាក់ឲ្យមន្ត្រីរាជការ កម្មករ និងពលរដ្ឋ ភាគច្រើនលើសលុប គឺជាវ៉ាក់សាំងរបស់ចិន។ ឯវ៉ាក់សាំង ផ្លូវការរបស់អង់គ្លេស (Astra Zenaca) ដែលបានមកពីជំនួសមនុស្សធម៌ (COVAX) ភាគច្រើន គឺចាត់ចែងសម្រាប់ចាក់ឲ្យមន្ត្រីជាន់ខ្ពស់ និងក្រុមគ្រួសារនៃមន្ត្រីរបបក្រុងភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។