សង្គមស៊ីវិលជំរុញរដ្ឋាភិបាលឱ្យយកទីតាំងផ្សេង នៅក្បែរព្រំដែន ទៅធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករមកពីប្រទេសថៃ ជាជាងការប្រើប្រាស់សាលារៀន។ មន្ត្រីក្រសួងអប់រំថា ការយកសាលារៀនតាមព្រំដែនធ្វើជាមណ្ឌលចត្តាឡីស័ក មិនប៉ះពាល់ដល់ការសិក្សារបស់សិស្សនោះទេ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី កត់សម្គាល់ឃើញថា ការយកសាលារៀននៅក្បែរព្រំដែន ប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សារបស់សិស្ស។ អ្នកស្រីយល់ថា អាជ្ញាធរ និងក្រសួងអប់រំ គួរតែរកទីតាំងផ្សេង ដូចជា មណ្ឌលសុខភាព ឬក៏បោះតង់ នៅដីវាលទំនេរ ជំនួសសាលារៀនវិញ។ អ្នកស្រីព្រួយបារម្ភថា បើក្រសួងនៅតែឲ្យសិស្សរៀនតាមទីតាំងផ្សេង ក្រៅពីសាលារៀនបន្តទៀត អាចនឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរៀនរបស់សិស្ស នៅក្បែរព្រំដែនកម្ពុជា-ថៃ៖ « គួរតែទុកពួកគាត់ នៅកន្លែងមួយដាច់ដោយឡែក ដើម្បីទុកពេលវេលាឲ្យសិស្សានុសិស្ស គាត់សិក្សារៀនសូត្រ ខ្ញុំគិតថា ល្អជាងដាក់នៅសាលា ព្រោះធម្មតានៅសាលា មិនមែនយកគ្រែ ឬឧបករណ៍អ្វីឡើងល្អឯណា។ យើងដឹងហើយ សាលាមានតែតុទេ។ អ៊ីចឹង គាត់ផ្គុំតុគេងហ្នឹង»។
ការលើកឡើងនេះ គឺក្រោយពេលអាជ្ញាធររដ្ឋាភិបាល នៅតែបន្តយកសាលារៀន នៅក្បែរព្រំដែន ធ្វើជាមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ បើទោះបីជារដ្ឋាភិបាល បានបើកបវេសនកាលឆ្នាំសិក្សាថ្មីក៏ដោយ។ សាលារៀន ដែលក្លាយជាមណ្ឌលចត្តាឡីស័កច្រើនបំផុត គឺនៅតំបន់ជាប់ព្រំដែនថៃ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងឧត្ដរមានជ័យ ដែលមានពលករត្រលប់ពីប្រទេសថៃ រាប់រយនាក់ ក្នុងមួយថ្ងៃៗ។ ចំពោះ ពលករកំពុងចត្តាឡីស័ក នៅតាមសាលារៀន ដែលធ្វើតេស្តរកឃើញមានជំងឺកូវីដ១៩ (Covid-19) នឹងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកតាមខេត្ត។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា ឲ្យដឹងថា មកដល់ពេលនេះ មានសាលារៀន សរុបជាង ៤១ទីតាំង នៅជាប់ព្រំដែនថៃ និងជាប់ព្រំដែនវៀតណាម កំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក។ លោកបន្តថា ការយកសាលារៀនទាំងអស់នោះ ធ្វើជាមណ្ឌលចត្តាឡីស័ក មិនប៉ះពាល់ដល់ការសិក្សាទេ ដោយសារមន្ទីរអប់រំខេត្តនីមួយៗ បានរៀបចំឲ្យសិស្សខ្លះ ទៅរៀននៅសាលានៅក្បែរនោះបណ្ដោះអាសន្ន និងសិស្សខ្លះ រៀនតាមផ្ទះគ្រូបង្រៀន ផ្ទះនាយកសាលា ជាដើម។ ទោះជាយ៉ាងណា លោក រស់ សុវាចា ប្រាប់ថា ខាងក្រសួងអប់រំ មិនទាន់មានគោលការណ៍ យកសាលារៀនទាំងនោះ មកវិញទេ ដោយ រង់ចាំមើលស្ថានភាពការវិវត្តន៍ នៃជំងឺកូវីដ១៩សិន៖ « ហើយចំណែកឯការរៀនសូត្ររបស់សិស្សានុសិស្សវិញនោះ គឺមិនមានការប៉ះពាល់ទេ ដោយយើងបានដកស្រង់បទពិសោធន៍តាំងពីឆ្នាំ២០២០មក។ នៅក្នុងនោះ គឺគណៈគ្រប់គ្រងមន្ទីរអប់រំ យុវជន និងកីឡា បានមានជម្រើសដូចជា ប្រសិនបើសាលារៀន មានចំនួនសិស្សតិច អាចឲ្យការសិក្សានោះ បង្វែរទៅទីតាំងសាលារៀនផ្សេង ដែលនៅក្បែរនោះសិន ឬមួយក៏យកទីតាំងនាយក ឬនាយករង ឬផ្ទះរបស់គ្រូបង្រៀន មកសិក្សាបណ្ដោះអាសន្ន»។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន សង្កេតឃើញថា ការយកសាលារៀន នៅក្បែរព្រំដែន ធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ពលករ បានបង្កឲ្យមានផលប៉ះពាល់ដល់ការសិក្សារបស់សិស្សនៅខេត្តឧត្តរមានជ័យពិតមែន។ លោកយល់ថា អាជ្ញាធរគួរតែយកទីតាំងផ្ទះសំណាក់ សណ្ឋាគារ ឬបង្កើតទីតាំងចត្តាឡីស័ក នៅជាប់ព្រំដែន ទើបជាការប្រសើរ៖ « ពលករស្នាក់នៅឯហ្នឹង គាត់មានសាលាឯណារៀន ! ហើយទៅរៀនតាមផ្ទះនាយក តាមអ្វីដែលស្រួល ? ព្រោះសាលាគេធ្វើសម្រាប់បណ្ដុះបណ្ដាលមនុស្ស ហើយយកអ្នកពលករមកស្នាក់នៅ មិនមែនជាការល្អទេ។ បើសិនជាការល្អវិញ រដ្ឋគួរតែរកកន្លែងណាមួយ ឧទាហរណ៍ថា ជួលសណ្ឋាគារ ជួលអ្វី ដាក់ពួកគាត់ទៅ ឬតាមមណ្ឌលសុខភាពផ្សេងៗ ទៅ ហើយទុកសាលា សម្រាប់ក្មេងៗ រៀនទៅ»។
គិតពីអំឡុងពេលប្រទេសថៃ ផ្ទុះការឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ មានពលករចំណាកស្រុកជាងមួយម៉ឺន (ជាង ១២.០០០) នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមព្រំដែនឧត្ដរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន និងខេត្តកោះកុង។ តួលេខក្រសួងសុខាភិបាលដដែល បង្ហាញថា ក្នុងមួយថ្ងៃ មានពលករត្រឡប់ចូលកម្ពុជាវិញ ជាមធ្យមប្រហែល ២០០នាក់។
ជាមួយគ្នានេះ នៅខេត្តបាត់ដំបងវិញ អាជ្ញាធរស្រុកកំរៀង បានបង្គាប់ឲ្យបុគ្គលិកធ្វើការនៅកាស៊ីណូមួយកន្លែង ប្រមាណ ២០០នាក់ បោះតង់ ធ្វើចត្តាឡីស័ក នៅក្នុងបរិវេណកាស៊ីណូនោះ ផ្ទាល់។ កាសែតក្នុងស្រុក (Angkor Post) ចុះផ្សាយថា មូលហេតុ នៃការតម្រូវឲ្យបុគ្គលិកកាស៊ីណូ ធ្វើចត្តាឡីស័កទាំងអស់ ដោយសារមានអ្នកផ្ទុកជំងឺកូវីដ១៩ ម្នាក់ ធ្លាប់ចូលទៅក្នុងកាស៊ីណូនោះ កាលពីដើមខែមករា។
នៅថ្ងៃទី១៧ មករានេះដែរ ក្រសួងសុខាភិបាល រកឃើញពលករចំនួន៣នាក់ ទៀត មានផ្ទុកជំងឺកូវីដ១៩។ ក្នុងនោះ ២នាក់ ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងម្នាក់ ដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ។ ជាមួយគ្នានេះ មានពលករ ៣នាក់ផ្សេងទៀត បានជាសះស្បើយ នៅថ្ងៃដដែល។
គិតត្រឹមថ្ងៃទី១៧ មករា កម្ពុជា រកឃើញអ្នកមានជំងឺកូវីដ១៩ ចំនួន ៤៣៩នាក់ ជាសះស្បើយ ៣៨៥នាក់ និងកំពុងសម្រាកព្យាបាលតាមមន្ទីរពេទ្យនានា ចំនួន ៥៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។