សង្គម​ស៊ីវិល​ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ទិញ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ឆាប់

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​ទិញ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​កូវីដ១៩ ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ឆាប់។ សង្គម​ស៊ីវិល​យល់​ថា ការ​អូស​បន្លាយ​ពេល​ទិញ​វ៉ាក់សាំង​កូវីដ១៩ ជា​ហានិភ័យ​ដល់​ការ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ចូល​មក​កម្ពុជា​បាន។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក វន់ ពៅ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១១ មករា​ថា ប្រទេស​នៅ​ក្បែរ​ខាង​កម្ពុជា ដូច​ជា ប្រទេស​ថៃ (Thailand) ឡាវ (Lao) និង​ឥណ្ឌូណេស៊ី​ (Indonesia) ជា​ដើម នឹង​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ជូន​ប្រជាពលរដ្ឋ​របស់​គេ​នៅ​ចុង​ខែ​ក្រោយ​នេះ​ហើយ។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ គួរតែ​រៀន​សូត្រ​តាម​ប្រទេស​ជិត​ខាង ដើម្បី​យល់​ដឹង​ពី​របៀប​ទិញ​វ៉ាក់សាំង​កូវីដ១៩ ចាក់​ជូន​ប្រជាពលរដ្ឋ​ទាន់​ពេល​វេលា។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ យល់​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​បាន​ឆាប់ គឺ​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​ទេសចរ​ចូល​មក​កម្សាន្ត​កម្ពុជា ដែល​ជួយ​ជំរុញ​​ឱ្យ​សេដ្ឋកិច្ច​ងើប​ឡើង​វិញ៖ «ពីព្រោះ​យើង​ចង់​ឃើញ​ប្រជាពលរដ្ឋ​កាល​ណា​គាត់​មាន ប្រព័ន្ធ​ការពារ​ជំងឺ​កូវីដ១៩​ គាត់​អាច​ប្រកប​មុខ​របរ​ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ អាច​ដំណើរ​​អ្វីៗ ឡើង​វិញ​ ជា​ពិសេស​ ទាក់ទង​ទៅ​នឹង​​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ។ ​វា​ជា​ទំនុក​ទុក​ចិត្ត​ដល់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​​អន្តរជាតិ​ផ្សេង​ៗ​ គេ​អាច​មក​​ប្រទេស​យើង​ដំណើរ​ការ​ឡើង​វិញ »

ចំណែក​ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា​ លោក ប៉ិច ពិសី វិញ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​បង្ហាញ​ព័ត៌មាន​អំពី​ដំណើរ​ការ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ឱ្យ​បាន​ញឹកញាប់ និង​តម្លាភាព ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ប្រទេស​ជិត​ខាង​កម្ពុជា​កំពុង​តែ​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ដូច្នេះ​ប្រសិន​បើ​រដ្ឋាភិបាល​អូស​បន្លាយ​ពេល​ទិញ​វ៉ាក់សាំង​ប្រឆាំង​​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ ជា​ហានិភ័យ​ដល់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ មក​កម្ពុជា៖ «បើ​សិន​ជា​យើង​ប្រើ​ពេល​យូរ​ពេក ហានិភ័យ​របស់​យើង​ គឺ​ពលរដ្ឋ​ខ្មែរ​អត់​ត្រូវ​បាន​ការ​ការពារ​ទេ។​ អីចឹង​ហានិភ័យ​នៃ​ការ​រីក​រាលដាល​​ឆ្លង​អាច​ខ្ពស់​ ហើយ​ធ្វើ​ឱ្យ​ប្រជាជន​យើង​ទៅ​ជា​ប្រជាជន​ដែល​ងាយ​រងគ្រោះ​ ព្រោះ​ប្រទេស​ផ្សេង​គេ​ចាក់​វ៉ាក់សាំង​។ អីចឹង​ការ​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​កាន់​តែ​ឆាប់ កាន់​តែ​ប្រសើរ។ ដើម្បី​ដល់​សាធារណជន ខ្ញុំ​គិត​ថា ការ​បញ្ចេញ​ព័ត៌មាន គឺ​ជា​ចំណុច​សំខាន់ »

មន្ត្រី​សង្គម​ស៊ីវិល​ទាំងនេះ ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ពី​ក្រុមហ៊ុន ដែល​អង្គការ​សុខភាព​ពិភពលោក (WHO) ទទួល​ស្គាល់​ជា​ផ្លូវ​ការ ដើម្បី​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​ជុំ​វិញ​ពី​ការ​ទិញ​វ៉ាក់សាំង​នេះ​ទេ ដោយ​លោក​បង្វែរ​ឱ្យ​សួរ​ទៅ​ក្រសួង​សុខាភិបាល​ជំនួស​វិញ៖ «ទៅ​សួរ​ក្រសួង​សុខាភិបាល​គេ​ដឹង​ហើយ​ សួរ​អ្នក​នាំ​ពាក្យ ពីព្រោះ​រឿង​ដែល​វ៉ាក់សាំង​រឿង​កូវីដ​ហ្នឹង​ មាន​តែ​ក្រសួង​សុខាភិបាល​គេ​អ្នក​ចាត់ចែង។ សួរ​ខ្ញុំ​ម៉េច​ដឹង​ ទាល់​តែ​សួរ​ខាង​ហ្នឹង ពីព្រោះ​សម្ដេច​លោក​ឱ្យ​គោលការណ៍​ហើយ ចាត់ចែង​ចរចា ហើយ​ទិញ​គេ​យក​មក​ ពីព្រោះ​ក្រុម​កូវ៉ាក់​ហ្នឹង គេ​ប្រាប់​រួច​ហើយ »

អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​ អ្នក​ស្រី​ ឱ វណ្ណ​ឌីន ដើម្បី​សុំ​អត្ថាធិប្បាយ​លើ​រឿង​នេះ​បន្ថែម​ទៀត​បាន​ទេ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ដែល​ជា​ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង បាន​ដឹក​នាំ​កិច្ចប្រជុំ​មួយ កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា​ថា កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន ដែល​ប្រើប្រាស់​មាន​សុវត្ថិភាព និង​មាន​​ការ​​​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ​(WHO)​ ប៉ុណ្ណោះ។ កន្លង​មក អង្គការ​សុខភាព​ពិភពលោក​ទទួល​ស្គាល់​វ៉ាក់សាំង​ផលិត​ដោយ ក្រុមហ៊ុន ហ្វាយហ្សឺ និង​បាយ​អូអេនថិក (Pfizer/BioNTech) របស់​សហរដ្ឋអាមេរិក និង​អាល្លឺម៉ង់។

កាល​ពី​ចុង​ខែ​ធ្នូ​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​មាន​លទ្ធភាព​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ COVID-19 តាម​រយៈ​កូវ៉ាក់ (COVAX) ផង ដោយ​ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ផង​ និង​តាមរយៈ​ក្រុម​ហ៊ុន​ផ្ទាល់​ផង។ រហូត​មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវ​ការ​ថា នឹង​​ទិញ​វ៉ាក់សាំង​កូវីដ១៩ ពី​ក្រុមហ៊ុន​ណា និង​ពេល​ណា​នៅ​ឡើយ​ទេ ស្រប​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ទទួល​ថវិកា​ពី​សប្បុរសជន សរុប​ជាង ៥៦លាន​ដុល្លារ (៥៦.០០០.០០០) រួច​ហើយ ដើម្បី​ត្រៀម​ទិញ​វ៉ាក់សាំង​កូវីដ១៩ ចំនួន ១លាន​ដូស (Dose) (១.០០០.០០០) ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ប្រមាណ ៥០ម៉ឺន​នាក់ (៥០០.០០០) ដោយ​ឥតគិតថ្លៃ។

ទោះ​យ៉ាង​ណា ​មន្ត្រី​សង្គម​ស៊ីវិល​​​ស្នើ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​​ឱ្យ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ថវិកា​ទាំង​នេះ​ដើម្បី​​​​ប្រើប្រាស់​​ថវិកា​មាន​តម្លាភាព​ឱ្យ​ត្រូវ​តាម​​តម្រូវ​ការ​​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។