សង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលបង្កើនការយកចិត្តទុកដាក់ និងមានវិធានការជាក់លាក់ទៅលើការបង្ការជំងឺឆ្លងដែលបង្កដោយវីរុសកូរ៉ូណាថ្មី ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត។ ប៉ុន្តែមន្ត្រីក្រសួងសុខាភិបាលអះអាងថាខ្លួនកំពុងគិតគូរអំពីរឿងនេះ ដោយបានដាក់ពង្រាយបុគ្គលិកពេទ្យជិត (៣០០០) នាក់នៅតាមច្រកចេញចូលក្នុងប្រទេសទាំងអស់ ដែលនៅជាប់ប្រទេសវៀតណាម ឡាវ និងថៃ។
សង្គមស៊ីវិលសម្ដែងក្ដីបារម្ភអំពីភ្ញៀវទេសចរចិន ដែលបន្តធ្វើដំណើរចូលមកកម្ពុជា ក្នុងខណៈជំងឺរលាកផ្លូវដង្ហើមដែលបង្កដោយវីរុសកូរ៉ូណាថ្មីនេះ កំពុងរីករាលដាលខ្លាំង ប៉ុន្តែកម្ពុជាហាក់មិនសូវយកចិត្តទុកដាក់ទៅលើការឆ្លងវីរុសនេះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គឹមអេង ប្រាប់អាស៊ីសេរីនៅថ្ងៃទី៣ ខែកុម្ភៈថា ក្រសួងសុខាភិបាលគួរយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការត្រួតពិនិត្យអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមនេះ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានទំនុកចិត្តចំពោះវិធានការរបស់របស់រដ្ឋាភិបាល៖ «យើងឃើញថា បើសិនដូចជាការចុះផ្សាយរបស់កាសែតចិនមែន ហើយករណីនេះនៅមានបន្តទៀត គឺនិងអាចឲ្យគេដាក់ការសង្ស័យទៅលើហានិភ័យមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងកម្ពុជាយើងដែរ ពីព្រោះថាគេអាចនឹងដាក់ការសង្ស័យថាតើកម្ពុជាអាចនិងគ្រប់គ្រងបាន ឬត្រួតពិនិត្យបានចំពោះបញ្ហាវិធានការរបស់ខ្លួន ចំពោះវីរុសហ្នឹងបានឬទេ»។
ការលើកឡើងនេះបន្ទាប់ពីសារព័ត៌មានចិនមួយមានឈ្មោះថា The Cambodia China Times បានចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈថា ជនជាតិចិន ៣នាក់ ដែលបានចាកចេញពីប្រទេសកម្ពុជា ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូរ៉ូណានៅពេលទៅដល់ប្រទេសចិន។ ជនជាតិចិនទាំង៣នាក់នេះ គឺជាអ្នកដែលបានរួមដំណើរតាមយន្តហោះជាមួយអ្នកឆ្លងមេរោគកូរ៉ូណាដំបូងបំផុតនៅកម្ពុជា។
ទាក់ទងនឹងការចុះផ្សាយនេះ អ្នកនាំពាក្យក្រសួង សុខាភិបាល លោក លី សូវ៉ាន់ បានឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៣ កុម្ភៈថា ជនជាតិចិន ៣នាក់ឆ្លងមេរោគកូរ៉ូណានោះ ក្រោយពេលពួកគេបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៩ ខែមករា។
លោក លី សុវណ្ណ បញ្ជាក់ថា ជនជាតិចិនទាំង ៣នាក់នោះ អាចប្រហែលឆ្លងពី ជនជាតិចិនដូចគ្នាពេលធ្វើដំណើរតាមយន្តហោះ ឫ ពេលទៅដល់ ប្រទេសចិនវិញ មិនមែនឆ្លងមេរោគកូរ៉ូណា ក្នុងកំឡុងពេលពួកគេស្នាក់នៅកម្ពុជាឡើយ។
ការរកឃើញថា ជនជាតិចិន ៣នាក់ ឆ្លងមេរោគកូរ៉ូណា ក្រោយពីត្រឡប់ពីកម្ពុជាវិញនេះ បង្កើតឲ្យមានមន្ទិលសង្ស័យជាច្រើន អំពីអសមត្ថភាពរបស់ក្រសួងសុខាភិបាលកម្ពុជា។
លោកវេជ្ជបណ្ឌិត លី សុវ៉ាន់ មានប្រសាសន៍បន្តថា ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើការពិនិត្យឈាមចំពោះពលរដ្ឋណាដែលមានការសង្ស័យថាមានផ្ទុកវីរុសកូរ៉ូណាថ្មីនេះ ប៉ុន្តែមកទល់ថ្ងៃច័ន្ទ ទី៣ កុម្ភៈម្សិលមិញ គឺមិនបានរកឃើញមានករណីថ្មីទៀតទេ។
លោកថា មន្ត្រីក្រសួងសុខាភិបាល បានពិនិត្យឈាមទៅលើនិស្សិតខ្មែរម្នាក់ ក្នុងចំណោមនិស្សិតមួយចំនួនទៀត ដែលបានវិលត្រឡប់មកពីប្រទេសចិនវិញកាលពីពេលថ្មីៗ នេះ ហើយសង្ស័យថានិស្សិតម្នាក់នេះមានផ្ទុកវីរុសកូរ៉ូណា ដោយសារគាត់មានរោគសញ្ញា ក្អកនិងឈឺបំពង់ក ប៉ុន្តែលទ្ធផលបញ្ជាក់ថាអវិជ្ជមាន។
លោកថា មន្ត្រីក្រសួងសុខាភិបាល ក៏បានពិនិត្យឈាមទៅលើជនជាតិចិនច្រើននាក់ផងដែរ បន្ទាប់ពីសង្ស័យថា ពួកគេមានផ្ទុកវីរុសកូរូណានេះ ប៉ុន្តែមិនបានរកឃើញលទ្ធផលវេជ្ជមានទេ។ ទោះបីយ៉ាងណាលោកបដិសេធផ្ដល់ព័ត៌មានថា មានជនជាតិចិនចំនួនប៉ុន្មាននាក់ ដែលបានយកឈាមទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រនោះទេ៖ «យើងមានការបង្កើនមន្ត្រីដែរ ដើម្បីត្រៀមលក្ខណ : ជាយថាហេតុណាមួយ បើសិនជាករណីហ្នឹងមានការរាតត្បាត យើងមានមន្ត្រីរបស់យើងទប់ស្កាត់ទាន់ពេលវេលា»។
លោកបន្តថា មកទល់ពេលនេះ ក្រសួងសុខាភិបាលបានបង្កើនការដាក់ម៉ាស៊ីនកម្ដៅ និងដាក់ពង្រាយពេទ្យបន្ថែមទៀតគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ជាពិសេសនៅតាមច្រកព្រំដែនជាប់ប្រទេសវៀតណាម ឡាវ និងថៃផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។