គ្រូពេទ្យ​អំពាវនាវ​ឲ្យ​បាតុករ​សង្គ្រោះ​ជាតិ​រក្សា​អនាម័យ

គ្រូពេទ្យ​ជំនាញ​អំពាវនាវ​សុំ​ឲ្យ​បាតុករ​ដែល​មក​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ ជួយ​ថែ​រក្សា​អនាម័យ សម្រាន្ត​ឲ្យ​បាន​ច្រើន​ម៉ោង និង​ទទួល​ទាន​ទឹក​ស្អាត។
ដោយ អ៊ុក សាវបូរី
2013-12-23
Share
បាតុករ សង្គ្រោះ​ជាតិ សំរាម ៦១០ ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ ឆ្នាំ​២០១៣។
RFA/Ouk Savborey

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៣ ខែ​ធ្នូ ឆ្នាំ​២០១៣ បន្ទាប់​ពី​បាតុករ​ច្រើន​ពាន់​នាក់ ភាគច្រើន​ជា​អ្នក​មាន​វ័យ​ចំណាស់ បាន​ស្នាក់នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ តាំង​ពី​យប់​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​ធ្នូ មក​បច្ចុប្បន្ន ​គឺ​ជិត ១០​ថ្ងៃ​ហើយ ក្រែង​សុខភាព​ទន់​ខ្សោយ ទទួល​ទាន​ទឹក​មិន​ត្រឹមត្រូវ​ជាដើម។

វេជ្ជបណ្ឌិត ចាន់ សាវ៉ន ថ្លែង​ថា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​មាន​គ្រូពេទ្យ និង​និស្សិតពេទ្យ​បាន​ស្ម័គ្រ​ចិត្ត​ថែ​ទាំ​សុខភាព បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ពួកគាត់។

លោក​ថា ទោះ​ជា​យ៉ាង​ណា ក៏​នៅ​តែ​មាន​អ្នក​ដែល​មាន​ជំងឺ​រាក គ្រុន​ក្ដៅ ឈឺ​ក្បាល ផ្តាសាយ ដោយសារ​ពួក​គាត់​ទទួល​ទាន​អាហារ​មិន​ត្រឹមត្រូវ សម្រាន្ត​មិន​គ្រប់​ម៉ោង ទន្ទឹម​នោះ​ខ្យល់​អាកាស​ក៏​ត្រជាក់​ផង៖ «បង​ប្អូន​ដែល​អញ្ជើញ​មក ក៏​សុំ​ឲ្យ​រក្សា​សុខភាព​បង​ប្អូន​ឲ្យ​បាន​ស្រួលបួល គឺ​ថា ហូប​ស្អាត ផឹក​ស្អាត ដំណេក​ដេក​ពួន​ឲ្យ​បាន​ស្អាត ក្នុង​នេះ​យើង​ខ្ញុំ​នឹង​បំប៉ន​អនាម័យ​ជូន​បង​ប្អូន​ជានិច្ច»

២៣-ធ្នូ-២០១៣៖ ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។
២៣-ធ្នូ-២០១៣៖ ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ស្នាក់​នៅ​ទីលាន​ប្រជាធិបតេយ្យ។
RFA/Ouk Savborey

 

ក្រុម​បាតុករ​កំពុង​តែ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ស្រាប់​តែ​សំឡេង​ផ្ទុះ​មួយ​បាន​បន្លឺ​នៅ​ប៉ែក​ខាង​ត្បូង​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​សន្តិសុខ​និង​គ្រូពេទ្យ បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ មាន​បុរស​ម្នាក់​ ដែល​អង្គុយ​ក្នុង​រោង​ក្រោម​កៅស៊ូ​តង់ ត្រូវ​របួស​ប្រអប់​ជើង ដោយសារ​កំប៉ុង​ហ្គាស៍​ផ្ទុះ​ត្រូវ។ គ្រូពេទ្យ​ស្ម័គ្រចិត្ត​កំពុង​ជួយ​ស្អំ​ទឹក​កក បង្ការ​សាច់​ហើម៖ «គាត់​ត្រូវ​កំប៉ុង​ហ្គាស៍​ផ្ទុះ ហើយ​ឥឡូវ​ហ្នឹង​បោក​ត្រូវ គ្រាន់​តែ​ខ្ទាំ​សាច់​ដុំ​គាត់ ធ្វើ​ឲ្យ​ប្រអប់​ជើង​ឈឺ​ចាប់ រយៈពេល​ប្រហែល​ជា ១​ម៉ោង ២​ម៉ោង​អី​អាច​បាត់​ឈឺ​វិញ យើង​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទៅ»

បាតុករ​មក​ពី​ខេត្ត​កំពង់ស្ពឺ លោក លាង សេង ឲ្យ​ដឹង​ថា គ្រូពេទ្យ​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ​មក​សួរ​សុខ​ទុក្ខ​គាត់​នៅ​ពេល​យប់។ លោក​បន្ត​ថា ចំពោះ​ទឹក​សុទ្ធ​មាន​សប្បុរសជន​ផ្ដល់​ឲ្យ​ផឹក​មិន​ខ្វះ​ទេ៖ «ប្រាប់​គេ​ទៅ​ថា ឥឡូវ​យើង​ឈឺ​ក្បាល យើង​ប្រាប់​គ្រូពេទ្យ​ទៅ គេ​ឲ្យ​ថ្នាំ​យើង​លេប​ហើយ។ គេ​មក​ដើរ​សួរ​យើង​រាល់​ថ្ងៃ រាល់​យប់»

លោក ហ៊ុយ ហួន មក​ពី​ខេត្ត​ប៉ៃលិន ឲ្យ​ដឹង​ថា ក្រៅ​ពី​គ្រូពេទ្យ​ប្រចាំ​ទីលាន​ប្រជាធិបតេយ្យ គាត់​បាន​ជួប​ក្រុម​យុវជន​ប្រុស​ស្រី​ដើរ​ចែក​សំឡី​អប់​ប្រេង​ខ្យល់ និង​ចែក​ប្រេងកូឡា សម្រាប់​រឹត​ជើង​ដែល​ឈឺ៖ «ហើយ​វា​កម្លាំង​ចិត្ត ទោះ​បី​លំបាក​ស្រួល​យ៉ាង​ម៉េច​ក៏​អត់​គិត​ទេ ព្រោះ​តាម​ពិត​ថា មក​នៅ​ទី​នេះ​វា​ស្រួល ដូចតែ​នៅ​ផ្ទះ​ដែរ ពេទ្យ​គេ​ដើរ​មើល​ប្រចាំ​រហូត ថែទាំ​រហូត ទាំង​សន្តិសុខ​អី​ក៏​គេ​ការពារ»

ជនជាតិ​ចារ៉ាយ មក​ពី​ស្រុក​អូរយ៉ាដាវ ឈ្មោះ ឆែត ឲ្យ​ដឹង​ថា គាត់​ស្នាក់​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ងាយ​ស្រួល​រក​ថ្នាំ​ពេទ្យ​លេប​ណាស់ ព្រោះ​បញ្ជរ​ពេទ្យ​នៅ​ក្បែរ​កន្លែង​គាត់​សម្រាន្ត៖ «ថ្ងៃ​ម្សិលមិញ ចុក​អា​នេះ ចុក​ចុង​ក្បាល​ជង្គង់ គឺ​ម្ខាង​នេះ​ចុក​ហ្នឹង ត្រង់​នោះ​គឺ​មាន​ថ្នាំ​ពី​ពេទ្យ»

ជំទប់​ទី​២ ឃុំ​ម្លិច ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី អ្នកស្រី ទួន សុខាន់ ឲ្យ​ដឹង​ថា នៅ​ពេល​គាត់​ឈឺ គាត់​ទៅ​សុំ​ថ្នាំ​ពី​បញ្ជរ​សញ្ញា​ខ្វែង​ជើង​ក្អែក ដែល​មាន​អ្នក​យាម​ប្រចាំការ​ចាំ​ឲ្យ​ថ្នាំ​តាម​ប្រភេទ​ជំងឺ៖ «ថ្នាំ​ទៅ​រក​ថ្មើរ​ណា​បាន​ថ្មើរ​ហ្នឹង។ ពេទ្យ​យក​ចិត្ត​ទុក​ដាក់​ណាស់ មាន​ថ្នាំ​គ្រប់​មុខ​ទាំង​អស់ អត់​ខ្វះ​ទេ ឈឺ​អី​ក៏​មាន​ដែរ»

ក្រៅ​ពី​ការ​ថែទាំ​សុខភាព​ជូន​បាតុករ គណបក្ស​សង្គ្រោះ​ជាតិ ក៏​មាន​ក្រុម​អ្នក​ប្រមូល​សំរាម​និង​បោស​សម្អាត​ទីលាន​ប្រជាធិបតេយ្យ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​នៅ​គគ្រិច​ក្បែរ​ចិញ្ចើម​ទីលាន​មាន​បន្សល់​សំណល់​អាហារ​នៅ​ក្នុង​ប្រអប់​ស្នោ ថង់​ប្លាស្ទិក​តូចៗ ហើយ​មាន​ទឹក​ដក់​នៅ​ជាមួយ​អាច​បង្ក​ឲ្យ​កើត​ដង្កូវ ប្រសិន​បើ​មិន​មាន​ការ​សម្អាត​បាន​រហ័ស​ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ តំណាងរាស្ត្រ​ជាប់​ឆ្នោត លោក ជា ប៉ូច ថ្លែង​ថា ជា​កំហុស​សាលា​រាជធានី​ភ្នំពេញ ព្រោះ​ការ​ពិភាក្សា​ពី​បរិស្ថាន​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​សាលា​រាជធានី​ភ្នំពេញ គឺ​សម្រេច​ថា ក្នុង​ទីលាន​ប្រជាធិបតេយ្យ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​ខុស​ត្រូវ តែ​ខាង​ក្រៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ភារកិច្ច​ក្រុមហ៊ុន​ប្រមូល​សំរាម៖ «ពីព្រោះ​នេះ​ជា​កាតព្វកិច្ច​របស់​ក្រុមហ៊ុន​ស៊ិនទ្រី ដែល​ប្រមូល​សំរាម​នៅ​ទី​សាធារណៈ។ អ៊ីចឹង​ហើយ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង ដាក់​បទបញ្ជា​ឲ្យ​បាន​តឹងរ៉ឹង​ទៅ​ក្រុមហ៊ុន​ស៊ិនទ្រី​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស៊ិនទ្រី ជម្រាប​សួរ​ព័ត៌មាន​ពី​ការ​ដឹក​សំរាម​ចេញ​នៅ​ពេល​ណា​បាន​ទេ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ធ្នូ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យ​ដឹង​ថា ការ​ចរចា​រវាង​ក្រុមហ៊ុន​ដឹក​សំរាម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ការ​សម្របសម្រួល​របស់​សាលា​រាជធានី​ភ្នំពេញ សម្រេច​ឲ្យ​យក​សំរាម​ទៅ​ចោល​នៅ​ទីតាំង​បណ្ដោះអាសន្ន និង​ម៉ោង​ពេល​ដែល​រថយន្ត​ដឹក​សំរាម​ត្រូវ​យក​ចេញ៖ «ឥឡូវ​យើង​បាន​ធ្វើការ​នេះ​ជាមួយ​ក្រុមហ៊ុន​ស៊ិនទ្រី និង​បាន​ពិគ្រោះ​គ្នា​ជាមួយ​សង្គ្រោះ​ជាតិ​ហើយ តែ​បើ​យ៉ាង​ណាៗ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ ខ្ញុំ​នឹង​ជម្រាប​ជូន​ពួកគាត់​បន្ថែម​ទៀត»

បាតុករ​មក​ពី​ស្រុក​មេមត់ ខេត្ត​កំពង់ចាម លោក សំអាត ថ្លែង​ថា គាត់​ទើប​មក​ស្នាក់​នៅ​បាន ៣​យប់​ទេ ក្នុង​ទីលាន​ប្រជាធិបតេយ្យ។ រាល់​ព្រឹក គាត់​ឃើញ​បាតុករ​រួម​គ្នា​បោស​សំរាម​សម្អាត​ក្នុង​ទីលាន។ នៅ​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក ថ្ងៃ​ត្រង់ និង​ល្ងាច​រួច គណបក្ស​សង្គ្រោះ​ជាតិ យក​ថង់​ធំៗ​មក​ឲ្យ​ដាក់។

ចំណែក​ជន​ជាតិ​ភាគ​តិច​ចារ៉ាយ ឈ្មោះ គិលាង ដែន មក​ពី​ខេត្ត​រតនគិរី ថ្លែង​ថា គាត់​មិន​ខ្លាច​ឈឺ​នោះ​ទេ ក្នុង​ការ​បន្ត​ស្នាក់​នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ។ អ្វី​ដែល​គាត់​បារម្ភ គឺ​ដី​ចម្ការ​ដូនតា​ត្រូវ​ក្រុមហ៊ុន​វៀតណាម និង​ក្រុមហ៊ុន​ចិន កំពុង​ចែក​គ្នា​កាន់កាប់។

លោក​ថា ក្រុមហ៊ុន​វៀតណាម កាប់​ព្រៃ​យក​ឈើ​ធ្វើ​គ្រឿង​សង្ហារិម និង​គ្រប់គ្រង​ដី​ដល់ ៩៩​ឆ្នាំ។ ឯ​ក្រុមហ៊ុន​ចិន មក​បោះ​តង់ កំពុង​ត្រៀម​ជីក​យក​រ៉ែ​មាស​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អណ្ដូងមាស ហើយ​មូល​ហេតុ​នេះ​បាន​ជា​គាត់​មក​ចូល​រួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៖ «ឥឡូវ​ក្រុមហ៊ុន​វា​ឈូស​អស់ ដាំ​កៅស៊ូ​ហើយ។ តែ​ឥឡូវ​មាន​ក្រុម​ចិន​ទៀត មក​ធ្វើ​នៅ​វាលជន់ កាល​មុន​គេ​យក​ដី គេ​យក​ដី​មួយ​ដុំៗ​គេ​ដឹក​ទៅ។ ដល់​ឥឡូវ​គេ​មក​ចង់​ធ្វើ​មាស គេ​ចង​ក្រណាត់​ក្រហម​គ្រប់​ដើម​ឈើ អា​ហ្នឹង​ហើយ​ដែល​ប្រជាជន​គេ​ភ័យ គឺ​វា​អ៊ីចឹង»

គ្រូពេទ្យ​ប្រចាំការ​នៅ​ទីលាន​ប្រជាធិបតេយ្យ លោក ចាន់ សាវ៉ន និង​ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក អ៊ូច វុទ្ធី អះអាង​ដូច​គ្នា​ថា ថ្នាំពេទ្យ​ព្យាបាល​ជំងឺ​បាតុករ គឺ​មាន​សប្បុរសជន​ក្នុង​និង​ក្រៅ​ប្រទេស​ជួយ​ឧបត្ថម្ភ​ថ្នាំ​ពេទ្យ​ដែល​មាន​គុណភាព​ល្អ ហើយ​មាន​ប្រសិទ្ធភាព​លើ​ជំងឺ៖ «មួយ​ចំនួន​ធំ គឺ​បង​ប្អូន​ដែល​នៅ​ផ្សារ​អូឡាំពិក ក៏​ដូច​ផ្សារ​អូរឫស្សី ជា​ម្ចាស់​គ្លីនិក ដែល​ជា​គ្រូពេទ្យ គាត់​យក​មក​ជូន​ម្នាក់​មួយ​កញ្ចប់ៗ បាន​ច្រើន។ ដូច្នេះ បញ្ហា​ថ្នាំ​ដែល​ផ្ដល់​ឲ្យ​មិន​ចេះ​ខ្វះ​ទេ»

នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ គេ​ឃើញ​មាន​បង្គន់​អនាម័យ​ត្រូវ​បាន​គេ​ដាក់​បន្ថែម​ចំនួន ១០​បន្ទប់​ទៀត នៅ​ប៉ែក​ខាងជើង។ ឯ​នៅ​ខាង​ត្បូង​ទីលាន​វិញ គឺ​មាន​បង្គន់​របស់​សាលា​រាជធានី​ភ្នំពេញ ១០​បន្ទប់​ដែរ សម្រាប់​ឲ្យ​បាតុករ​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល