ការអំពាវនាវនេះបានធ្វើឡើងនៅថ្ងៃ២៣ ខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីបាតុករច្រើនពាន់នាក់ ភាគច្រើនជាអ្នកមានវ័យចំណាស់ បានស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ តាំងពីយប់ថ្ងៃសៅរ៍ ទី១៤ ខែធ្នូ មកបច្ចុប្បន្ន គឺជិត ១០ថ្ងៃហើយ ក្រែងសុខភាពទន់ខ្សោយ ទទួលទានទឹកមិនត្រឹមត្រូវជាដើម។
វេជ្ជបណ្ឌិត ចាន់ សាវ៉ន ថ្លែងថា ក្រុមពេទ្យស្ម័គ្រចិត្តមានគ្រូពេទ្យ និងនិស្សិតពេទ្យបានស្ម័គ្រចិត្តថែទាំសុខភាព បាតុករនៅទីលានប្រជាធិបតេយ្យទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យពួកគេមានសុខភាពល្អ និងផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់។
លោកថា ទោះជាយ៉ាងណា ក៏នៅតែមានអ្នកដែលមានជំងឺរាក គ្រុនក្ដៅ ឈឺក្បាល ផ្តាសាយ ដោយសារពួកគាត់ទទួលទានអាហារមិនត្រឹមត្រូវ សម្រាន្តមិនគ្រប់ម៉ោង ទន្ទឹមនោះខ្យល់អាកាសក៏ត្រជាក់ផង៖ «បងប្អូនដែលអញ្ជើញមក ក៏សុំឲ្យរក្សាសុខភាពបងប្អូនឲ្យបានស្រួលបួល គឺថា ហូបស្អាត ផឹកស្អាត ដំណេកដេកពួនឲ្យបានស្អាត ក្នុងនេះយើងខ្ញុំនឹងបំប៉នអនាម័យជូនបងប្អូនជានិច្ច»។

ក្រុមបាតុករកំពុងតែទទួលទានអាហារថ្ងៃត្រង់ ស្រាប់តែសំឡេងផ្ទុះមួយបានបន្លឺនៅប៉ែកខាងត្បូងទីលានប្រជាធិបតេយ្យ។ ក្រុមសន្តិសុខនិងគ្រូពេទ្យ បានទៅដល់កន្លែងកើតហេតុ មានបុរសម្នាក់ ដែលអង្គុយក្នុងរោងក្រោមកៅស៊ូតង់ ត្រូវរបួសប្រអប់ជើង ដោយសារកំប៉ុងហ្គាស៍ផ្ទុះត្រូវ។ គ្រូពេទ្យស្ម័គ្រចិត្តកំពុងជួយស្អំទឹកកក បង្ការសាច់ហើម៖ «គាត់ត្រូវកំប៉ុងហ្គាស៍ផ្ទុះ ហើយឥឡូវហ្នឹងបោកត្រូវ គ្រាន់តែខ្ទាំសាច់ដុំគាត់ ធ្វើឲ្យប្រអប់ជើងឈឺចាប់ រយៈពេលប្រហែលជា ១ម៉ោង ២ម៉ោងអីអាចបាត់ឈឺវិញ យើងឲ្យថ្នាំបំបាត់ការឈឺចាប់ទៅ»។
បាតុករមកពីខេត្តកំពង់ស្ពឺ លោក លាង សេង ឲ្យដឹងថា គ្រូពេទ្យនៅក្នុងទីលានប្រជាធិបតេយ្យមកសួរសុខទុក្ខគាត់នៅពេលយប់។ លោកបន្តថា ចំពោះទឹកសុទ្ធមានសប្បុរសជនផ្ដល់ឲ្យផឹកមិនខ្វះទេ៖ «ប្រាប់គេទៅថា ឥឡូវយើងឈឺក្បាល យើងប្រាប់គ្រូពេទ្យទៅ គេឲ្យថ្នាំយើងលេបហើយ។ គេមកដើរសួរយើងរាល់ថ្ងៃ រាល់យប់»។
លោក ហ៊ុយ ហួន មកពីខេត្តប៉ៃលិន ឲ្យដឹងថា ក្រៅពីគ្រូពេទ្យប្រចាំទីលានប្រជាធិបតេយ្យ គាត់បានជួបក្រុមយុវជនប្រុសស្រីដើរចែកសំឡីអប់ប្រេងខ្យល់ និងចែកប្រេងកូឡា សម្រាប់រឹតជើងដែលឈឺ៖ «ហើយវាកម្លាំងចិត្ត ទោះបីលំបាកស្រួលយ៉ាងម៉េចក៏អត់គិតទេ ព្រោះតាមពិតថា មកនៅទីនេះវាស្រួល ដូចតែនៅផ្ទះដែរ ពេទ្យគេដើរមើលប្រចាំរហូត ថែទាំរហូត ទាំងសន្តិសុខអីក៏គេការពារ»។
ជនជាតិចារ៉ាយ មកពីស្រុកអូរយ៉ាដាវ ឈ្មោះ ឆែត ឲ្យដឹងថា គាត់ស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ ងាយស្រួលរកថ្នាំពេទ្យលេបណាស់ ព្រោះបញ្ជរពេទ្យនៅក្បែរកន្លែងគាត់សម្រាន្ត៖ «ថ្ងៃម្សិលមិញ ចុកអានេះ ចុកចុងក្បាលជង្គង់ គឺម្ខាងនេះចុកហ្នឹង ត្រង់នោះគឺមានថ្នាំពីពេទ្យ»។
ជំទប់ទី២ ឃុំម្លិច ស្រុកអណ្ដូងមាស ខេត្តរតនគិរី អ្នកស្រី ទួន សុខាន់ ឲ្យដឹងថា នៅពេលគាត់ឈឺ គាត់ទៅសុំថ្នាំពីបញ្ជរសញ្ញាខ្វែងជើងក្អែក ដែលមានអ្នកយាមប្រចាំការចាំឲ្យថ្នាំតាមប្រភេទជំងឺ៖ «ថ្នាំទៅរកថ្មើរណាបានថ្មើរហ្នឹង។ ពេទ្យយកចិត្តទុកដាក់ណាស់ មានថ្នាំគ្រប់មុខទាំងអស់ អត់ខ្វះទេ ឈឺអីក៏មានដែរ»។
ក្រៅពីការថែទាំសុខភាពជូនបាតុករ គណបក្សសង្គ្រោះជាតិ ក៏មានក្រុមអ្នកប្រមូលសំរាមនិងបោសសម្អាតទីលានប្រជាធិបតេយ្យដែរ។ ប៉ុន្តែអ្វីដែលនៅគគ្រិចក្បែរចិញ្ចើមទីលានមានបន្សល់សំណល់អាហារនៅក្នុងប្រអប់ស្នោ ថង់ប្លាស្ទិកតូចៗ ហើយមានទឹកដក់នៅជាមួយអាចបង្កឲ្យកើតដង្កូវ ប្រសិនបើមិនមានការសម្អាតបានរហ័សទេ។
ពាក់ព័ន្ធបញ្ហានេះ តំណាងរាស្ត្រជាប់ឆ្នោត លោក ជា ប៉ូច ថ្លែងថា ជាកំហុសសាលារាជធានីភ្នំពេញ ព្រោះការពិភាក្សាពីបរិស្ថានរវាងគណបក្សសង្គ្រោះជាតិ និងសាលារាជធានីភ្នំពេញ គឺសម្រេចថា ក្នុងទីលានប្រជាធិបតេយ្យ គឺគណបក្សសង្គ្រោះជាតិទទួលខុសត្រូវ តែខាងក្រៅទីលានប្រជាធិបតេយ្យ ជាភារកិច្ចក្រុមហ៊ុនប្រមូលសំរាម៖ «ពីព្រោះនេះជាកាតព្វកិច្ចរបស់ក្រុមហ៊ុនស៊ិនទ្រី ដែលប្រមូលសំរាមនៅទីសាធារណៈ។ អ៊ីចឹងហើយសុំឲ្យអាជ្ញាធរក្រុង ដាក់បទបញ្ជាឲ្យបានតឹងរ៉ឹងទៅក្រុមហ៊ុនស៊ិនទ្រីនេះ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុនស៊ិនទ្រី ជម្រាបសួរព័ត៌មានពីការដឹកសំរាមចេញនៅពេលណាបានទេ នៅថ្ងៃច័ន្ទ ទី២៣ ខែធ្នូ។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងថា ការចរចារវាងក្រុមហ៊ុនដឹកសំរាមជាមួយគណបក្សសង្គ្រោះជាតិ ក្រោមការសម្របសម្រួលរបស់សាលារាជធានីភ្នំពេញ សម្រេចឲ្យយកសំរាមទៅចោលនៅទីតាំងបណ្ដោះអាសន្ន និងម៉ោងពេលដែលរថយន្តដឹកសំរាមត្រូវយកចេញ៖ «ឥឡូវយើងបានធ្វើការនេះជាមួយក្រុមហ៊ុនស៊ិនទ្រី និងបានពិគ្រោះគ្នាជាមួយសង្គ្រោះជាតិហើយ តែបើយ៉ាងណាៗ ខ្ញុំបានទទួលព័ត៌មាននេះហើយ ខ្ញុំនឹងជម្រាបជូនពួកគាត់បន្ថែមទៀត»។
បាតុករមកពីស្រុកមេមត់ ខេត្តកំពង់ចាម លោក សំអាត ថ្លែងថា គាត់ទើបមកស្នាក់នៅបាន ៣យប់ទេ ក្នុងទីលានប្រជាធិបតេយ្យ។ រាល់ព្រឹក គាត់ឃើញបាតុកររួមគ្នាបោសសំរាមសម្អាតក្នុងទីលាន។ នៅពេលទទួលទានអាហារពេលព្រឹក ថ្ងៃត្រង់ និងល្ងាចរួច គណបក្សសង្គ្រោះជាតិ យកថង់ធំៗមកឲ្យដាក់។
ចំណែកជនជាតិភាគតិចចារ៉ាយ ឈ្មោះ គិលាង ដែន មកពីខេត្តរតនគិរី ថ្លែងថា គាត់មិនខ្លាចឈឺនោះទេ ក្នុងការបន្តស្នាក់នៅក្នុងទីលានប្រជាធិបតេយ្យ។ អ្វីដែលគាត់បារម្ភ គឺដីចម្ការដូនតាត្រូវក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន កំពុងចែកគ្នាកាន់កាប់។
លោកថា ក្រុមហ៊ុនវៀតណាម កាប់ព្រៃយកឈើធ្វើគ្រឿងសង្ហារិម និងគ្រប់គ្រងដីដល់ ៩៩ឆ្នាំ។ ឯក្រុមហ៊ុនចិន មកបោះតង់ កំពុងត្រៀមជីកយករ៉ែមាសក្នុងភូមិសាស្ត្រស្រុកអណ្ដូងមាស ហើយមូលហេតុនេះបានជាគាត់មកចូលរួមតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ៖ «ឥឡូវក្រុមហ៊ុនវាឈូសអស់ ដាំកៅស៊ូហើយ។ តែឥឡូវមានក្រុមចិនទៀត មកធ្វើនៅវាលជន់ កាលមុនគេយកដី គេយកដីមួយដុំៗគេដឹកទៅ។ ដល់ឥឡូវគេមកចង់ធ្វើមាស គេចងក្រណាត់ក្រហមគ្រប់ដើមឈើ អាហ្នឹងហើយដែលប្រជាជនគេភ័យ គឺវាអ៊ីចឹង»។
គ្រូពេទ្យប្រចាំការនៅទីលានប្រជាធិបតេយ្យ លោក ចាន់ សាវ៉ន និងប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី អះអាងដូចគ្នាថា ថ្នាំពេទ្យព្យាបាលជំងឺបាតុករ គឺមានសប្បុរសជនក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភថ្នាំពេទ្យដែលមានគុណភាពល្អ ហើយមានប្រសិទ្ធភាពលើជំងឺ៖ «មួយចំនួនធំ គឺបងប្អូនដែលនៅផ្សារអូឡាំពិក ក៏ដូចផ្សារអូរឫស្សី ជាម្ចាស់គ្លីនិក ដែលជាគ្រូពេទ្យ គាត់យកមកជូនម្នាក់មួយកញ្ចប់ៗ បានច្រើន។ ដូច្នេះ បញ្ហាថ្នាំដែលផ្ដល់ឲ្យមិនចេះខ្វះទេ»។
នៅទីលានប្រជាធិបតេយ្យដែរ គេឃើញមានបង្គន់អនាម័យត្រូវបានគេដាក់បន្ថែមចំនួន ១០បន្ទប់ទៀត នៅប៉ែកខាងជើង។ ឯនៅខាងត្បូងទីលានវិញ គឺមានបង្គន់របស់សាលារាជធានីភ្នំពេញ ១០បន្ទប់ដែរ សម្រាប់ឲ្យបាតុករប្រើប្រាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។