ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ និងករណីឆ្លងថ្មី នៅតែកើនឡើងខ្ពស់ដដែល។
ក្រសួងសុខាភិបាល ប្រកាសនៅថ្ងៃទី១៦ ខែមិថុនាថា មានអ្នកជំងឺកូវីដចំនួន ៧ នាក់ បន្ថែមទៀតបានស្លាប់ និងរកឃើញករណីឆ្លងថ្មីជិត ៧រយ (៦៩៣) នាក់ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានអ្នកដំណើរមកពីបរទេសចំនួនជាង ៣០នាក់ (៣៣នាក់)។ រីឯអ្នកជាសះស្បើយវិញមានចំនួន ៧៥៤ នាក់នៅថ្ងៃដដែលនេះ។
តាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមិថុនា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ សរុបជាង ៤ម៉ឺន (៤០.១៥៧) នាក់ ក្នុងនោះ អ្នកជាសះស្បើយមានជាង ៣ម៉ឺន៣ពាន់ (៣៣.៩៦៧) នាក់ និងមានអ្នកស្លាប់កើនដល់ ៣៦៩ នាក់ (៣៦៨នាក់)។
ចំពោះចំនួនអ្នកដែលបានចាក់វ៉ាក់សាំងវិញ ក្រសួងសុខាភិបាលអះអាងថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា មានជាង ៣លាន ៧ម៉ឺននាក់ (៣.០៧៦.៧៧៥) ឬ ស្មើនឹងជិត ៣១ភាគរយ ក្នុងចំណោមប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន ១០ លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។