លោក ហ៊ុន សែន ចាប់ផ្ដើម​ផ្ញើ​សារ​ឱ្យ​ពលរដ្ឋ​ការពារ​ជំងឺ​កូវីដ១៩ ខណៈ​នៅ​កម្ពុជា​មាន​ការ​សង្ស័យ​ច្រើន

0:00 / 0:00

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រើនរំលឹក​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺឆ្លង​កូវីដ​១៩ (Covid-19) ខណៈ​សាធារណជន​ព្រួយបារម្ភ និង​សង្ស័យ​អំពី​វត្តមាន ជំងឺឆ្លង​មួយ​នេះ​នៅ​កម្ពុជា​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល មាន​កាតព្វកិច្ច​ចាត់​វិធានការ​ការពារ និង​ទប់ស្កាត់​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីករាលដាល​នៅ​កម្ពុជា និង​កុំ​ធ្វើ​ឱ្យ​មនុស្ស​ស្ដាយក្រោយ ហើយ​ស្ដីបន្ទោស​រដ្ឋាភិបាល។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ទោះបីជា​ពេល​នេះ​កម្ពុជា មិន​ទាន់​មាន​ករណី​ជំងឺ​កូវីដ១៩​ក្តី ប៉ុន្តែ​ការ​ការពារ គឺ​ប្រសើរ​ជាង​ការ​ព្យាបាល​។ លោក អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ឧស្សាហ៍​ដុសលាង​សម្អាត​មុខមាត់​ដៃជើង​ខ្លួនប្រាណ​ជាមួយ​សាប៊ូ ឬ​សារធាតុ​សម្លាប់​មេរោគ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រោគ​ផ្សេងៗ។

ការ​បង្ហោះ​សារ​ក្រើនរំលឹក​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​អ្នកប្រើប្រាស់ បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បង្ហោះ​រូបភាព​មនុស្ស​ដួល​សន្លប់ និង​ស្លាប់​ជា​បន្តបន្ទាប់ ដូចជា នៅ​ខេត្ត​ព្រះសីហនុ នៅ​ខេត្ត​សៀមរាប និង​នៅ​ក្នុង​ក្រុងភ្នំពេញ​ជាដើម​។ ទោះជា​យ៉ាងណា អាជ្ញាធរ និង​មន្ត្រី​ក្រសួងសុខាភិបាល បាន​បដិសេធ​រហូត ដោយ​ចាត់ទុកជា​ព័ត៌មាន​ក្លែងក្លាយ និង​អះអាង​ថា អ្នក​ដួល​ស្លាប់ និង​សន្លប់​ទាំងនោះ មាន​ករណី​ខ្លះ​ខ្យល់​គ គាំង​បេះ​ដួង និង​ស្រវឹង​ស្រា។

នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​មីនា អ្នកប្រើប្រាស់​ហ្វេសប៊ុក ក៏​ចែកចាយ​រូបភាព​ជនបរទេស​ម្នាក់ទៀត​ដេក សន្លប់​ក្នុង​វត្ត​សារាវ័ន្ត​តេជោ ក្នុង​ក្រុងភ្នំពេញ ប៉ុន្តែ​មន្ត្រី​ក្រសួងសុខាភិបាល ពិនិត្យ​ឃើញ​ថា ជន​បរទេស​ម្នាក់​នោះ​ស្រវឹង​ស្រា​សន្លប់ ហើយ​មិន​ពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ​១៩ ទេ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក លី សូវ៉ាន់ ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ជំងឺឆ្លង​ទាំងអស់ ក្នុង​នោះ​មាន​ទាំង​ជំងឺ​កូវីដ​១៩ ផង​ដែរ មិន​អាច​ដួល​សន្លប់ ឬ​ស្លាប់​ភ្លាមៗ ទាន់ហន់​ទេ គឺ​ត្រូវការ​ពេលវេលា​ច្រើន​ថ្ងៃ ដើម្បី​វិវត្ត​ជំងឺ ដូចជា ចាប់​ផ្តើម​ក្តៅ​ខ្លួន អស់​កំលាំង ក្អក​ស្ងួត ហៀរ សំបោរ និង​ករណី​ធ្ងន់ធ្ងរ អាច​វិវត្តន៍​ទៅ​ហត់​ស្រាល និង​វិវត្តន៍​សន្សឹមៗ ទៅ​ហត់​មធ្យម និង​បន្ទាប់មក ហត់​ដង្ហក់​ខ្លាំង ហើយ​ត្រូវ​ការ​ពេលវេលា​ច្រើន​ថ្ងៃ។ ប្រធាន​នាយកដ្ឋាន​ជំងឺឆ្លង​រូប​នេះ បញ្ជាក់​ថា ជំងឺ​ដែល​ដួល​សន្លប់ ឬ​អាច​ស្លាប់​ទាន់ហន់​ភ្លាមៗ ច្រើនតែ​ជំងឺ​មិន​ឆ្លង និង​ស្រវឹង​ស្រា ដូចជា ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​ខ្វះ​អុកស៊ីហ្សែន​ខួរក្បាល​រយៈពេល​ខ្លី (​ហៅ​ខ្យល់​គ​) ឈរ​ក្រោម កម្តៅ​ថ្ងៃ ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ និង​ផឹក​ស្រា​ស្រវឹង​ធ្ងន់ធ្ងរ។

អាជ្ញាធរ​ពាក់ព័ន្ធ​រួម​ទាំង​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១ ខែ​មីនា បាន​ចេញ​សេចក្ដី​ប្រកាស​ថា កំពុង​ស្វែងរក​អ្នក​ចែកចាយ​ព័ត៌មាន​ទាំងនោះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មាន​ប្រសាសន៍ថា ការ​ដែល​ពលរដ្ឋ​ចែកចាយ​រូបភាព​មនុស្ស​ដួល​សន្លប់ ឬ​ស្លាប់​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​នេះ ដោយសារតែ ពួកគេ ព្រួយបារម្ភ​អំពី​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រីក​រាលដាល​ស្ទើរ​ពេញ​ពិភពលោក ហើយ​បង្ក​ការ​ភ័យ ខ្លាច ទោះបីជា​នៅ​ក្នុង​ប្រទេស​មាន​វិស័យ​សុខាភិបាល​ទំនើប និង​ខ្លាំងពូកែ​បែប​ណា​ក្តី​។ លោក​បន្ត​ថា ស្ថិត​ក្នុង​បរិបទ​នេះ ក្រុម​ជំនាញ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា គួរតែ​ផ្ទៀងផ្ទាត់ ព័ត៌មាន​ច្បាស់លាស់​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ដើម្បី​បំបាត់​ការសង្ស័យ និង​ការ​ចោទប្រកាន់ ផ្សេងៗ​។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ មាន​វិធានការ​ការពារ និង​ទប់ស្កាត់​រៀងៗ ខ្លួន​ឱ្យ​បាន​តឹងរ៉ឹង មិន​អាច​ធ្វេសប្រហែស​បានទេ ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ជាយថាហេតុ​ណាមួយ ហើយ​ធ្វើ​ឱ្យ​មនុស្ស​ស្ដាយក្រោយ៖ «ទោះបីជា​ក្រសួង​សុខាភិបាល ផ្សាយ​ព័ត៌មាន​យ៉ាងណាក៏ដោយ ប៉ុន្តែ​ក្នុង​នាម​ជា​ពលរដ្ឋ ជា​បុគ្គល​រៀង​ៗ​ខ្លួន ជា​លក្ខណៈ​គ្រួសារ​ក្ដី គ្រប់​ស្ថាប័ន​ជាតិ ស្ថាប័ន​ឯកជន គួរតែ​មានការ​ភ្ញាក់​រលឹក​ជាប្រចាំ​ហើយ​មាន​វិធានការ​ការពារ​ដូចជា​ដាក់​ឱ្យ​មាន​កន្លែង​និង​មធ្យោបាយ លាង​សម្អាត​ដៃ ដូចជា​ខ្ញុំ​ឃើញ​តាម​សណ្ឋាគារ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មកពី​បស្ចិម​ប្រទេសនោះ គេ​មានការ​រៀបចំ​ល្អ​សូម្បីតែ​នៅ​តាម​ទ្វា​បើក​ចេញចូល​ក៏​មាន​ការ​ជួត​សម្អាត​ជាប្រចាំ និង​មាន ដាក់​ដប​អាល់កុល​លាងដៃ​ផង​ដែរ​។ តែ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ​គឺ​នៅ​តាម​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន ជាពិសេស​នៅ​តាម​សាលារៀន​នៅ​តាម​តំបន់​ដាច់ស្រយាល គេ​ហាក់បីដូចជា​រង់ចាំ​ព័ត៌មាន ពី​ក្រសួងសុខាភិបាល​កម្ពុជា​ច្រើនជាង​មាន​វិធានការ​បង្ការ និង​ការ​ប្រុងប្រយ័ត្ន​ដោយ​ខ្លួនឯង»។

កន្លងមក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​នោះ​ទេ ដោយ​លោក​ធ្លាប់​ប្រាប់​មន្ត្រី​ចូលរួម​ប្រជុំ​ជាមួយ​លោក​ដែល​ពាក់​ឱ្យ​ចេញពី​សាល​ប្រជុំ ដោយ​ហៅ​អ្នក​ពាក់​ម៉ាស់​នោះ​ថា ជា​ការ​ភ័យខ្លាច​ជ្រុល​ហួសហេតុ​។ មេដឹកនាំ​រូប​នេះ ក៏បាន​ទុក​និស្សិត​ខ្មែរ ២៣​នាក់ ឱ្យ​រស់នៅ​ឯកោ​ក្នុង​ទីក្រុង​វូ​ហាន ជា​តំបន់​ដែល​មាន​ការ​ផ្ទុះ​ជំងឺ កូ​វីដ​១៩ នេះ ខណៈ​មេដឹកនាំ​ប្រទេស​ផ្សេងៗ បាន​ជម្លៀស​និស្សិត​របស់​ខ្លួន​ចេញពី​តំបន់​នោះ តាំងពី​ផ្ទុះ​ករណី​ដំបូង។

គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​១ ខែ​មីនា ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​ជិត ៨​ម៉ឺន ៧​ពាន់​នាក់ (៨៦.៩៨៦) ហើយ​។ ចំណែក​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជិត ៣​ពាន់​នាក់ (២.៩៧៩)​។ រីឯ​អ្នក​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ជាង ៤​ម៉ឺន ២​ពាន់​នាក់ (៤២.៣២២)​។ អ្នក​ស្លាប់ និង​ឆ្លង​ភាគច្រើន​នៅ​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។