គ្រួសារមួយដែលឆ្លងជំងឺកូវីដ១៩ ខកចិត្តជាខ្លាំងដែលអាជ្ញាធរ គម្រាមកំហែង និងមិនរៀបចំកន្លែងព្យាបាល និងថែទាំជំងឺកូវីដ១៩ឲ្យបានត្រឹមត្រូវ។
ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុភ័ក្រ្ត អ៊ឹម (Sopheak Imm) បានបង្ហោះសារជាបន្តបន្ទាប់ និងផ្សាយវីដេអូផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន (Facebook) ដោយយំរៀបរាប់ថា គ្រួសាររបស់លោកបានឆ្លងជំងឺកូវីដ-១៩ រួមមានម្តាយ ប្រពន្ធ និងកូន តែត្រូវអាជ្ញាធរយកពួកគេទុកចោលនៅសាលាបឋមសិក្សាពោធិ៍ចិនតុង រាជធានីភ្នំពេញ ដោយមិនបានរៀបចំកន្លែងព្យាបាលនិងថែទាំត្រឹមត្រូវនោះទេ ខណៈដែលលោក កំពុងព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យចាក់អង្រែដែរ។ លោករៀបរាប់បន្តថា ដំបូងឡើយ ម្តាយរបស់លោក ត្រូវបានអាជ្ញាធរដឹកយកទៅទុកចោល ដោយមិនមានថ្នាំលេប អាហារ និងទឹកផឹកនោះទេ រហូតម្តាយលោកមានអាការៈធ្ងន់ធ្ងរ ដោយសារគាត់កំពុងមានជំងឺប្រចាំកាយស្រាប់ផង។ លោកបន្តថា ប្រពន្ធនិងកូនរបស់លោក ក៏ត្រូវអាជ្ញាធរយកទៅទុកចោលដូចគ្នា ទោះបីជាពួកគាត់វិជ្ជមានជំងឺកូវីដ ហើយមានអាការៈក្តៅខ្លួននិងក្អកក្តី។
បុរសរូបនេះ ក៏សរសេរថា អាជ្ញាធរ មិនត្រឹមតែមិនយកចិត្តទុកដាក់ព្យាបាលនោះទេ ថែមទាំងប្រើពាក្យសម្តីប្រមាថ ចង់វ៉ៃខ្នោះក្រុមគ្រួសាររបស់លោកថែមទៀត។ ជាមួយគ្នានេះដែរ លោកបានបង្ហាញរូបថតជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកដែរ គឺប្រពន្ធ និងកូនស្រីរបស់លោកវិជ្ជមានកូវីដ១៩ អង្គុយលើប៉ាវអីម្នាក់ឯងនៅក្នុងបន្ទប់ចាស់៖ «យកប្រពន្ធកូនខ្ញុំទៅទុកចោលចឹង ឱ្យខ្ញុំទ្រាំមិចបើខ្ញុំអ្នកជំងឺកូវីដដែរ អត់ព្រមមើលគាត់មានវិជ្ជមានហើយ មិនមែនយកទៅធ្វើចត្តាឡីស័កទេកូនខ្ញុំកំពុងក្អក កំពុងក្តៅខ្លួន ហេតុអ្វីយកទៅអ៊ីចឹង មិនព្រមមើលឯកសារ អ្នកឯងធ្វើការយ៉ាងមិច យកប្រពន្ធកូនខ្ញុំទៅទុកចោលនៅកន្លែងដូចសំបុកពីងពាង ខ្ញុំកាត់ប្រាក់ខែជូនរដ្ឋជាង ២២ ឆ្នាំហើយ ខ្ញុំបានអីមកវិញខ្លះ?»។

អាស៊ីសេរី មិនទាន់អាចទាក់ទងម្ចាស់ហ្វេសប៊ុករូបនេះ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបានទេ។ ទោះជាយ៉ាងណា បុរសរូបនេះ បានបង្ហោះសារជាហូរហែថា ក្រោយការបង្ហោះសាររបស់លោក ទើបមានក្រុមគ្រួពេទ្យ បានយកម្តាយរបស់លោកទៅព្យាបាលនៅមន្ទីរពេទ្យព្រីមៀរ។ ចំណែកប្រពន្ធនិងកូនរបស់លោកវិញ គ្រួពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ាណែត និងភរិយារបស់លោក យកទៅព្យាបាលនៅមន្ទីរពេទ្យហ្លូងម៉ែ។ បន្ទាប់មកបុរសរូបនេះ បានបង្ហោះសារសុំទោស និងលុបសារមុនៗរបស់លោកវិញ ដោយទំនងជាមានការគំរាមកំហែងពីអាជ្ញាធរ។
ទាក់ទងករណីនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញលោក ងី មានហេង បកស្រាយថា គ្រូពេទ្យមិនទុកពួកគាត់ចោលទេ ពោលគឺពួកគាត់ទទួលបានយកចិត្តទុកត្រឹមត្រូវពីគ្រូពេទ្យ ហើយលោកចោទថា ការលើកឡើងរបស់ប្រជាពលរដ្ឋគឺខុសពីការពិត។ លោកបញ្ជាក់ថា អ្នកជំងឺធ្ងន់ ទើបគ្រូពេទ្យបញ្ជូនទៅមន្ទីរពេទ្យធំ ហើយអ្នកជំងឺវិជ្ជមានកូវីដ១៩ កម្រិតស្រាលឬកម្រិត១ ត្រូវបញ្ជូនទៅព្យាបាលសាលាបឋមសិក្សាពោធិ៍ចិនតុង ដែលទីនោះមានអ្នកជំងឺប្រមាណមួយរយនាក់កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩៖ «អត់មានអ្នកណាទុកចោលទេ ការងារយកទៅព្យាបាល អ្នកណាស្រាលគេដាក់នៅកន្លែងកម្រិតមួយ អ្នកណាធ្ងន់បានគេយកទៅមន្ទីរពេទ្យធំ អត់មានអ្នកទុកចោលទេ គាត់និយាយបំផ្លើសហើយគេមើលគ្រប់គ្នាទាំងអស់ហ្នឹង»។
ជុំវិញរឿងនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក នី សុខា លើកឡើងថា កន្លងមក សង្គមស៊ីវិលបានសង្កេត និងតាមដានស្ថានភាពប្រជាពលរដ្ឋ និងចំណាត់ការបស់អាជ្ញាធរ អំឡុងការរាតត្បាតជំងឺកូវីដ១៩ផងដែរ ដោយឃើញថា អាជ្ញាធរខ្វះការយកចិត្តទុកដាក់ចំពោះទុក្ខកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋ។ លោកថា ការបង្ហោះសារនៅលើបណ្តាញសង្គម នឹងធ្វើឱ្យអាជ្ញាធរបានដឹងអំពីទុក្ខកង្វល់របស់ពលរដ្ឋ ដែលកំពុងរងគ្រោះ ចំពោះការអនុវត្តមិនគ្រប់ជ្រុងជ្រោយ។ លោកជំរុញឱ្យរដ្ឋាភិបាលគួរពង្រឹងគុណភាពសុខាភិបាល ដូចជាគុណភាពគ្រូពេទ្យ ក្រមសីលធម៌គ្រូពេទ្យ និងកន្លែងព្យាបាលត្រឹមត្រូវ ដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាលសមរម្យ៖ «និយាយជារួម គឺមិនសូវវិជ្ជមានក្នុងការឆ្លើយតបទេ ប្រសិនជាយើងខ្វះប្រព័ន្ធក្នុងការផ្តល់ព័ត៌មាន ការពិគ្រោះយោបល់ទៅដល់ប្រជាពលរដ្ឋ វាអាចឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍មួយ គាត់ភ័យកាន់តែកើនឡើង តែប្រសិនបើយើងមានប្រព័ន្ធពិគ្រោះយោបល់ឱ្យបានត្រឹមត្រូវ ឬឱ្យបានល្អ ទូលំទូលាយ ខ្ញុំគិតថាអាចជួយកាត់បន្ថយនូវការព្រួយបារម្ភ និងការភិតភ័យហ្នឹង»។

ករណីសាច់ញាតិ ឬអ្នកជំងឺកូវីដ-១៩ បង្ហោះវីដេអូ ឬសរសេររៀបរាប់លើបណ្តាញសង្គមពាក់ព័ន្ធនឹង អាជ្ញាធរសុខាភិបាល មិនយកចិត្តទុកដាក់ករណីអ្នកជំងឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលនេះ តែងកើតឡើងជាញឹកញាប់។ កាលពីយប់ថ្ងៃទី៣ ខែឧសភា បុគ្គលិកសុខាភិបាលផ្នែកដឹកអ្នកជំងឺកូវីដ-១៩ បានថតវីដេអូផ្សាយផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញថា មានអ្នកជំងឺ ២០ នាក់ មិនបានចូលសម្រាកព្យាបាលត្រឹមត្រូវ និងត្រូវនាំគ្នាសម្រាន្តហាលសន្សើម នៅលើស្មៅ ក្នុងបរិវេណស្ដាតអូឡាំពិកពេញមួយយប់ និងអត់បាយក្រហាយទឹក ព្រោះគ្មានអ្នកយកចិត្តទុកដាក់ពួកគាត់។ ជាមួយគ្នានោះ មានអ្នកជំងឺថ្មីៗរាប់សិបនាក់បន្ថែមទៀតនៅលើឡានជិត ១០ គ្រឿង ក៏គេមិនអនុញ្ញាតឲ្យចូលក្នុងកន្លែងព្យាបាលភ្លាមៗដែរ។ បុគ្គលិកពេទ្យរូបនោះ ថាខ្លួនជាមន្រ្តីតូចតាច គ្មានអ្វីអាចជួយអ្នកជំងឺបានក្រៅពីជួយផ្សាយផ្ទាល់បែបនេះ ដើម្បីឲ្យអ្នកថ្នាក់លើឃើញ និងដឹងតែប៉ុណ្ណោះ។ កន្លងមក ក៏មានអ្នកជំងឺកូវីដមួយចំនួន បានស្លាប់ ដោយសារយឺតយ៉ាវក្នុងការទទួលបានសេវាពិនិត្យនិងព្យាបាលត្រឹមត្រូវនៅតាមមន្ទីរពេទ្យដែរ ដោយក្នុងនោះអ្នកជំងឺកូវីដខ្លះបានស្លាប់នៅក្នុងផ្ទះ ឬស្លាប់តាមផ្លូវមុនពេលបញ្ជូនទៅព្យាបាលជាដើម។
ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត និងសង្គមស៊ីវិល បានជំរុញឱ្យរដ្ឋាភិបាលរៀបចំគោលនយោបាយ ឆ្លើយតបជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានច្បាស់លាស់ ដើម្បីធានានូវប្រសិទ្ធភាពការព្យាបាលអ្នកជំងឺកូវីដ១៩ និងដើម្បីធានាថា ប្រជាពលរដ្ឋខ្មែរទទួលបានការយកចិត្តទុកដាក់ពីរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។