WHOឱ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឆ្លើយតប​រហ័ស​និង​ទាន់​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីត​-១៩

អង្គការ​សុខភាព​ពិភពលោក (WHO)ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ស្នើ​ឱ្យ​កម្ពុជា​ត្រៀមលក្ខណៈ​ឱ្យ​បាន​ល្អ ដើម្បី​ឆ្លើយតប​រហ័ស​និង​ទាន់​ពេល​វេលា ចំពោះ​លទ្ធភាព​នៃ​ការ​រីក​រាលដាល​វីរុស​កូរ៉ូណា​ថ្មី ឬ​ជំងឺ​កូវីត​១៩ (​Covid-19) ដែល​អាច​កើត​មាននៅ​កម្ពុជា​។

ដើម្បី​ត្រៀម​បង្ការ​ការ​ឆ្លង​រាលដាល​នេះ អង្គការ​សុខភាព​សុភាព​ពិភពលោក កំពុង​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ដៃគូ​ដទៃ​ទៀត ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព អំពី​ផែនការ​ត្រៀមលក្ខណៈ និង​ការ​ឆ្លើយ​តប​កម្រិត​ថ្នាក់​ជាតិ ហើយ​និង​កំណត់​ចំណុច​ខ្វះខាត​ចំពោះ​សកម្មភាព​ត្រៀម​ជា​អាទិភាព។

ចំណុច​អាទិភាព​ដែល​ត្រូវ​ត្រៀម​ទុក រួមមាន ការគ្រប់គ្រង​ឧប្បត្តិហេតុ ការ​ធ្វើ​ផែនការ ការ​សម្របសម្រួល​ផ្នែក​ពហុ​វិស័យ ការវាយតម្លៃ​តាមដាន​ហានិភ័យ មន្ទីរ​ពិសោធន៍ ការគ្រប់គ្រង​គ្លីនិក និង​សេវាកម្ម​ថែទាំ​សុខភាព ការ​ត្រួតពិនិត្យ​និង​បង្ការ​ការ​ឆ្លង វិធានការ​សុខភាព​សាធារណៈ​មិនមែន​ឱសថ និង​សម្ភារៈ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ជាដើម។ ក្រសួងសុខាភិបាល​កម្ពុជា ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ថា មក​ដល់​ពេល​នេះ មិន​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីត​១៩ នោះ​ទេ។ ចំណែក​នៅ​ឯ​ប្រទេស​ថៃ​វិញ រដ្ឋាភិបាល​ថៃ បាន​ហាម​មិន​ឱ្យ​អ្នកដំណើរ​ដែល​ធ្លាប់​ជិះ​កប៉ាល់ វេស្ទើដាម (Westerdam) ចូល​ក្នុង​ប្រទេស​ថៃ​ទេ​។

បម្រាម​នេះ បន្ទាប់ពី​ករណី​អ្នកដំណើរ​អាមេរិកាំង​ម្នាក់​នៅ​លើ​កប៉ាល់ វេស្ទើដាម​ត្រូវ​បាន​រក​ឃើញ​ថា មាន​កូវីដ​-១៩ បន្ទាប់​ហោះ​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី ។ ក្រសួង​សុខភាព​សាធារណៈ​ស្នើសុំ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ថៃ​ទាំងអស់ ហាមឃាត់​អ្នកដំណើរ​លើ​កប៉ាល់ វេស្ទើដាម កុំ​ឱ្យ​ចូល​ប្រទេស​ថៃ​គ្រប់​ករណី រហូតដល់​ផុត​រយៈពេល​ចម្លង​មេរោគ​វីរុស​នេះ បាន ១៤​ថ្ងៃ គឺ​ចាប់​រាប់​ពី​ថ្ងៃ​ទី១៤ កុម្ភៈ តាម​វិធានការ​បង្ការ​រោគ​ឆ្លង​របស់​ប្រទេស​ថៃ​។

ក្នុង​សប្ដាហ៍​នេះ​អាជ្ញា​ថៃ ក៏បាន​ចាប់ផ្ដើម​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​រក​រោគ​សញ្ញា​នៃ​ជំងឺ​កូវីត​១៩ ចំពោះ​អ្នកដំណើរ​ទាំងអស់​ដែល​ហោះហើរ​ចេញពី​កម្ពុជា​ទៅតាម​ព្រលាន​យន្តហោះ​នានា​ក្នុង​ប្រទេស​ថៃ។ គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីត​១៩ នៅ​ទូទាំង​ពិភពលោក ឡើង​ដល់​ជាង ៧​ម៉ឺន ៥​ពាន់​នាក់ (៧៥.៧២៧) គឺ​លើស​ពី​ម្សិលមិញ​ចំនួន ជាង​៥​រយ​នាក់ (៥២៧​នាក់)។ ទន្ទឹម​គ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ២​ពាន់​នាក់ (២.១២៩​នាក់)។ អ្នក​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​ជាង ១​ម៉ឺន ៦​ពាន់​នាក់ (១៦.៥២៦​នាក់)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។