អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានឧបករណ៍ការពារ និងសម្ភារៈអនាម័យការពារជំងឺកូវីដ-១៩ ពី UNDP និងប្រទេសអូស្រ្តាលី
2020.12.17
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទទួលបានឧបករណ៍ការពារ និងសម្ភារៈអនាម័យចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងប្រទេសអូស្រ្តាលី។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឱ្យដឹងថា ឧបករណ៍ការពារ និងសម្ភារៈអនាម័យទាំងនោះសម្រាប់ប្រើប្រាស់បង្ការការរីករាលដាលជំងឺកូវីដ-19 និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែនក្នុងអំឡុង និងក្រោយពេលវិបត្តិជំងឺកូវីដ-១៩។ ជំនួយទាំងនោះរួមមានឧបករណ៍ការពារខ្លួន សម្ភារៈអនាម័យ ដូចជា ឧបករណ៍វាស់កម្ដៅ ម៉ាស៊ីនថតចាប់កម្ដៅ និងឧបករណ៍បាញ់សម្លាប់មេរោគ ដែលតោងជាប់ កញ្ចប់ទំនិញជាដើម។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងចែកឧបករណ៍ចាំបាច់បន្ទាន់ទាំងនេះ ទៅច្រកពាណិជ្ជកម្មឆ្លងដែនសំខាន់ៗ ដូចជា ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាវិត ខេត្តស្វាយរៀង ភ្នំដិន ខេត្តតាកែវ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
តំណាងUNDP ប្រចាំនៅកម្ពុជា និងឯកអគ្គរាជទូតអូស្ត្រាលី លើកឡើងស្រដៀងគ្នាថាការបន្តបើកព្រំដែនឱ្យមានសកម្មភាពពាណិជ្ជកម្មគឺមានសារសំខាន់ខ្លាំង ក្នុងការស្ដារឡើងវិញ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ជាមួយប្រទេសជិតខាង។ ការផ្ដល់ជំនួយការពារការចម្លងជំងឺកូវីដ-១៩ ក្នុងផ្នែកនេះ ដើម្បីធានាថាកម្ពុជា នឹងនៅតែមានសុវត្ថិភាព និងបើកទូលាយសម្រាប់ពាណិជ្ជកម្មឆ្លងដែន ដើម្បីជួយដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។