តំណាងអង្គការជនពិការចំនួន ៥៧ មកពីបណ្ដាខេត្តទូទាំងប្រទេស បានចូលរួមពិភាក្សាឈ្វេងយល់ពីកង្វល់ និងផលវិបាកផ្សេងៗដែលជនពិការកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន។
កង្វល់ជាច្រើនត្រូវបានពួកគាត់លើកឡើងក្នុងសិក្ខាសាលាស្ដីពី «យន្តការបណ្ដឹង» ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា នៅក្នុងទីក្រុងភ្នំពេញ។ កង្វល់ទាំងនោះមានដូចជា ការខ្មាសអៀននៅក្នុងសង្គម ការរើសអើងរបស់សង្គម និងជាពិសេសផលវិបាកនៃការទទួលបានសេវាព្យាបាលជំងឺពីមន្ទីរពេទ្យរដ្ឋ ពេទ្យឯកជន ដែលពួកគាត់បានអះអាងថា គ្រូពេទ្យមួយចំនួនមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។
តំណាងអង្គការជនពិការចំនួន ៥៧ មកពីគ្រប់ខេត្តក្រុងបានលើកឡើងថា ជនពិការមានឧបសគ្គជាច្រើនរស់នៅក្នុងសង្គម ពិសេសនៅពេលមានជំងឺម្ដងៗ ដោយពួកគាត់ស្នើឲ្យរដ្ឋាភិបាលអនុគ្រោះលើថ្លៃសេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋ។
នៅក្នុងសិក្ខាសាលាថ្នាក់ជាតិនៅព្រឹកថ្ងៃទី២៨ មេសា តំណាងអង្គការជនពិការបានលើកឡើងនូវក្តីបារម្ភផ្សេងៗ ដូចជាការមិនធ្វើជម្រាលនៅតាមមន្ទីរពេទ្យ បន្ទប់ទឹកសាធារណៈ សាលារៀន ស្ថាប័នរដ្ឋ មិនមានឈ្មោះបោះឆ្នោត ការទទួលបានសេវាព្យាបាលជំងឺដោយយកចិត្តទុកដាក់ និងឥតគិតថ្លៃ។ល។
កញ្ញា ជាតិ សុខា នាយិកាប្រតិបត្តិនៃសមាគមពិការខួរឆ្អឹងខ្នងកម្ពុជា នៅខេត្តបាត់ដំបង បានលើកឡើងថា ការទទួលបានការព្យាបាលជំងឺនៅមណ្ឌលសុខភាពផ្នែកជំងឺឆ្អឹងខ្នង គឺពិតជាលំបាក។ ជាទូទៅនៅពេលមានជំងឺតម្កាត់ផ្សេងៗ កញ្ញាមិនងាយទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យនោះទេ ព្រោះថា មធ្យោបាយក្នុងការធ្វើដំណើរទៅមណ្ឌលសុខភាពមានការលំបាក ហើយត្រូវអង្គុយរង់ចាំយូរ ម្យ៉ាងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងទីកន្លែងស្នាក់នៅមិនបង្កភាពងាយស្រួលដល់ពួកគាត់ ដូចជាបន្ទប់ និងបង្គន់មិនមានជម្រាល ជាដើម៖ «ការទៅទទួលសេវាសុខភាព ពិសេសទាក់ទងនឹងជំងឺឆ្អឹងខ្នង គឺមិនងាយទេ។ បញ្ហាមធ្យោបាយមានការលំបាក ដោយសារគាត់ប្រើរទេះ ហើយសេវាមធ្យោបាយសាធារណៈមិនបង្កភាពងាយស្រួលជូនគាត់ ដើម្បីធ្វើដំណើរទៅណាមកណា និងម្យ៉ាងទៅមណ្ឌលសុខភាពត្រូវអង្គុយរង់ចាំយូរ»។
ស្រដៀងនឹង កញ្ញា ជាតិ សុខា ដែរ លោក ប៉ែន មុនី អ្នកឯកទេសសម្របសម្រួលគម្រោងកម្មវិធីលើកកម្ពស់សិទ្ធិជនពិការនៃអង្គការសហប្រជាជាតិ នៃកម្មវិធីអភិវឌ្ឍន៍ យូ.អិន.ឌី.ភី (UNDP) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា សេវាសុខភាពសាធារណៈនៅតែគិតលុយ និងមានតម្លៃថ្លៃសម្រាប់ជនពិការ។ សេវាសុខភាពថ្លៃនេះ បានបង្កផលលំបាកសម្រាប់ពួកគាត់ និងមន្ទីរពេទ្យនៅឆ្ងាយ ដែលភាគច្រើននៃជនពិការមានជីវភាពក្រីក្រ។ លោកបន្តទៀតថា មន្ទីរពេទ្យ ឬមណ្ឌលសុខភាព អាជ្ញាធរមូលដ្ឋាន ប្រជាជនគ្រប់រូបគួរតែផ្ដល់ការយកចិត្តទុកដាក់ជួយសម្រួល និងផ្ដល់អាទិភាពដល់ពួកគាត់ មិនថាតាមមន្ទីរពេទ្យ ឬតាមទីសាធារណៈនោះទេ។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន បានថ្លែងថា ការទទួលបានការព្យាបាលជំងឺរបស់ជនពិការ គ្រូពេទ្យមួយចំនួនក្រៅពីមិនសូវខ្វល់ខ្វាយដល់ជនពិការពេលព្យាបាលជំងឺនោះ ប៉ុន្តែទាំងបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ មិនបានយល់ពីតម្រូវការរបស់ជនពិការ តម្លៃព្យាបាលជំងឺដូចមនុស្សធម្មតា និងពិសេសនៅពេលពួកគាត់គ្មានប័ណ្ណក្រីក្រ។ លោកបានបន្ថែមទៀតថា ជនពិការភាគច្រើនមានជីវភាពឋិតនៅក្រោមបន្ទាត់ក្រីក្រ និងមានចំណូលតិចជាងមួយដុល្លារក្នុងមួយថ្ងៃ។ ដូច្នេះរដ្ឋាភិបាលគួរតែមានយន្តការផ្ដល់ជូនជនពិការនូវការព្យាបាលជំងឺដោយឥតគិតថ្លៃ៖ «ហើយភាគច្រើនពួកគាត់ទៅមន្ទីរពេទ្យ ការប្រើប្រាស់ពាក្យសម្ដី និងការទទួលបានប័ណ្ណក្រីក្រនៅមានកម្រិតនៅឡើយទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ដើម្បីសុំបំភ្លឺជុំវិញការស្នើសុំរបស់ជនពិការនេះបាននៅឡើយទេ នៅថ្ងៃទី២៨ ខែមេសា។
តំណាងអង្គការជនពិការមកពីខេត្តស្វាយរៀង លោក គឹម សំអឿន បានមានប្រសាសន៍ថា នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង គ្រូពេទ្យមិនបានយល់ច្បាប់ស្ដីពីជនពិការ ហើយក៏ខ្វះការយកចិត្តទុកដាក់ចំពោះស្ត្រីពិការ និងជនពិការ ហើយការព្យាបាលជំងឺត្រូវបង់លុយដូចប្រជាពលរដ្ឋទូទៅដែរ។ លោកបានបញ្ជាក់ទៀតថា ការព្យាបាលដោយគិតថ្លៃនេះ បានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ព្រោះថា ជនពិការគ្មានលទ្ធភាពគ្រប់គ្រាន់ប្រកបអាជីវកម្មដូចមនុស្សពេញលក្ខណៈនោះឡើយ៖ «ច្រើនតែគេឲ្យបង់លុយ ប៉ុន្តែខ្ញុំសូមស្នើឲ្យរដ្ឋាភិបាល និងវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយទៅដល់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចង់ឲ្យគាត់យល់ពីសិទ្ធិរបស់ជនពិការ សូមគាត់កាត់បន្ថយការយកលុយ គិតទៅជនពិការមិនមែនអ្នកមានទេ សុទ្ធតែអ្នកទីទាល់ក្រ»។
របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្ហាញថា ជនពិការទាំងអស់នៅទូទាំងប្រទេសមានជាង ៣០ម៉ឺននាក់។ ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការដែលមាន ១៤ជំពូក ៦០មាត្រា និងអនុសញ្ញាសិទ្ធិជនពិការអន្តរជាតិ ការផ្ដល់សេវាសុខភាពដោយឥតគិតថ្លៃ ជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីខែកក្កដា ឆ្នាំ២០០៩។ ជនពិការកម្ពុជា នឹងមានលទ្ធភាពច្រើនក្នុងការចូលរួមនៅក្នុងការងាររដ្ឋ ឯកជន និងត្រូវមានការបញ្ចុះតម្លៃចំពោះការព្យាបាលជំងឺ និងបញ្ហាផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។