អ្នក​ជំនាញ​សុខភាព​ខ្មែរ​អាមេរិកាំង នៅ​តែ​សង្ស័យ​លើ​ជន​បរទេស​ដែល​ដួល​សន្លប់​នៅ​កម្ពុជា​នោះ ទាក់ទង​នឹង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី កូវីដ-១៩

0:00 / 0:00

គ្រូពេទ្យ​ខ្មែរ​អាមេរិកាំង​ដាក់​ការ​សង្ស័យ​ទៅ​លើ​ជន​បរទេស​ដួល​សន្លប់ និងស្លាប់ នៅកម្ពុជាថ្មីៗនេះ ថា អាច​ទាក់ទង​នឹង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ឬ​កូវីដ-១៩ ច្រើន​ជាង​ថា ការ​ដួល​សន្លប់​ដែល​បណ្ដាល​មក​ពី​ខ្យល់​គ ឬ​គាំង​បេះដូង។

លោក គ្រូពេទ្យ ឆាន ទូ​​ច អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​ទូលាយ ឬ​កុំ​លាក់​បាំង​ព័ត៌មាន បើ​សិន​ជា​មាន​ករណី​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី ឬ​កូវីដ-១៩ នៅ​កម្ពុជា ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទាំង​អស់​គ្នា។ លោក​គ្រូពេទ្យ ឆាន ទូច បន្ថែម​ថា លោក​មិន​ជឿ​ទេ​ថា ករណី​ជន​ចិន ដែល​ដួល​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ និង​ជន​បរទេស​ផ្សេង​ទៀត​ដួល​សន្លប់​ភ្លាមៗ នៅ​រាជធានី​ភ្នំពេញ ថា មិន​ទាក់ទង​នឹង​ជំងឺ​កូវីដ-១៩ នោះ​ឡើយ។

លោក​បន្ថែម​ថា ក្រសួង​សុខាភិបាល​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ និង​បង្ហាញ​ហេតុផល​ឲ្យ​មាន​តម្លាភាព​វិញ​ករណី​នេះ ប្រសើរ​ជាង ពីព្រោះ​ថា វីរុស​សារស៍-ស៊ីអូវី (SARS-COV2) ឬ​កូរ៉ូណា​នេះ ពេល​ដែល​ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ខ្លាំង​មាន​ន័យ​ថា ​សួត​របស់​អ្នក​ជំងឺ​អាច​ប្រមូល​ផ្ដុំ​សារធាតុ​រាវ​ដែល​អាច​បង្ក​ជា​ជំងឺ​រលាក​សួត ហើយ​វា​​ក៏​ជា​ការ​យាយី​ដល់​ផ្លូវ​ដង្ហើម ​ឬ​ឈាន​ទៅ​ដល់​ស្ទះ​ដង្ហើម​ និង​ចង្វាក់បេះដូង​ ដែល​នាំ​ឲ្យ​អ្នក​ជំងឺ​ស្លាប់​ភ្លាមៗ បាន៖ «ការ​លាក់​ក្នុង​រយៈ​ពី ថ្ងៃ​ទី១៤ ថ្ងៃ​ហ្នឹង អត់​មាន​រោគ​សញ្ញា​មិន​មែន​ពិត តែ​ដល់​ពេល​ដែល​វា​ចេញ​មក​ភ្លាម​ក្រោយ​ពី​ពេល​នេះ គឺ​ថប់​ដង្ហើម​ខ្លាំង​ពិបាក​ដក​ដង្ហើម​អាច​ស្លាប់​ភ្លាម​តែ​ម្ដង»

ជនបរទេស​នៅ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ បាន​ស្លាប់ និង​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​ទី​កន្លែង​ផ្សេងៗ ដួច​ជា ករណី​ជនជាតិចិនម្នាក់ដួលស្លាប់នៅខែត្រព្រះសីហនុកាលពីថ្ងៃទី២៨កុម្ភៈ ជនជាតិ​ឥណ្ឌា​សញ្ជាតិ​អង់គ្លេស​សន្លប់​នៅ​ឯ​វាល​យន្តហោះ​អន្តរជាតិភ្នំពេញកាលពីថ្ងៃទី៩កម្ភៈ ជន​ជាតិ​អង់គ្លេស​ម្នាក់​ទៀត​ដួល​សន្លប់​នៅ​ក្បែរ​សាលា​រចនា​រាជធានី​ភ្នំពេញ និង​ករណី​ជន​ជាតិ​ជប៉ុន​ម្នាក់​ដួល​សន្លប់​នៅ​ប្រាសាទ​អង្គរវត្ត ខែត្រ​សៀមរាប។ ករណី​មួយ​ទៀត ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​នៅ​ក្នុង​កំឡុង​កំពុង​គេង​នៅ​លើ​អង្រឹង​នៅ​ខែត្រ​ឧត្តរមានជ័យកាលពីថ្ងៃទី២៩ កុម្ភៈ។

ករណី​ស្លាប់ និង​ដួល​សន្លប់​នេះ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែកចាយ​ព្រោងព្រាត ហើយ​ពួក​គេ​លើក​ឡើង​ថា អ្នក​ស្លាប់ និង​ដួល​សន្លប់​ទាំង​នេះ ដោយសារតែ​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម ឬ​កូវីដ-១៩។ ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បដិសេធ ហើយ​អះអាង​ថា​ ករណី​មនុស្ស​ស្លាប់ និង​ដួល​សន្លប់​ទាំង​នេះ​ថា បណ្ដាល​មក​ពី​ស្រវឹង​ស្រា ធ្វើ​ឱ្យ​ខ្យល់​គរ និង​គាំង​បេះដូង។

ទោះបីជាបែបនេះក្ដីដើម្បីបង្កាពីការឆ្លងជម្ងឺកូវីត១៩នេះ លោក គ្រូពេទ្យ ឆាន ទូច អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ប្រុង​ប្រយ័ត្ន ដោយ​រស់នៅ​ឲ្យ​មាន​អនាម័យ​ជា​ប្រចាំ ដូច​ជា ត្រូវ​លាង​ដៃ​នឹង​សាប៊ូ​ឲ្យ​ញឹកញាប់​ជា​ដើម៖ «កត្តា​សំខាន់ គេ​ថា​ខ្យល់​គ ឬ​គាំង​បេះដូង​មិន​សំខាន់​ទេ សំខាន់​យើង​ម្នាក់ៗ ត្រូវ​ប្រយ័ត្នខ្លួន ហើយ​បើ​សិន​ជា​ក្ដៅ​ខ្លួន ត្រូវ​ទៅ​ពេទ្យ​ភ្លាម បើ​សិន​ជា​រដ្ឋាភិបាល​រៀបចំ​កន្លែង​ទុក​ដាក់​ត្រឹមត្រូវ​នោះ ត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​កន្លែង​នោះ នៅ​ដាច់​ដោយ​ឡែក​ពី​គេ កុំ​នៅ​ក្បែរ​គេ បងប្អូន »

សារ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា ក្រសួង​សុខាភិបាល​នឹង​ធ្វើ​សន្និសីទ​សារ​ព័ត៌មាន​នៅ​រសៀល​ចន្ទថ្ងៃទី២មិនានេះស្តីពីការឆ្លើយតប ការ​ការពារ និង​ការ​ត្រៀម​អន្តរាគមន៍​លើ​ការ​ចម្លង​រលាក​ផ្លូវ​ដង្ហើម ឬ COVID-19 នៅ​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​ជា​ដើម។

ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះ បាន​ឆ្លង​រាតត្បាត​ដល់​ប្រទេស​ចំនួន ៦៥ប្រទេស និង​ដែនដី នៅ​លើ​ពិភព​លោក ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជិត ៨ម៉ឺន ៧ពាន់ ៧រយនាក់។ រីឯ​អ្នក​ស្លាប់​បាន​កើន​ដល់​ឡើង​ជិត ៣ពាន់នាក់។ អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​លើ​ពិភពលោក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​ថា ជំងឺ​នេះ បាន​ឆ្លង​រីក​រាលដាល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​ជា​ទីបំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។