អ្នកជំនាញ​ស្នើឱ្យ​រដ្ឋាភិបាល​គួរ​រឹតបន្តឹង​ភ្ញៀវទេសចរចិន​ខណៈ​ប្រទេស​ចិន​ផ្ទុះ​​ជំងឺ​កូវីដ-១៩​ជា​ថ្មី​

ដោយ ជី វិតា
2023.01.08
Share on WhatsApp
Share on WhatsApp
អ្នកជំនាញ​ស្នើឱ្យ​រដ្ឋាភិបាល​គួរ​រឹតបន្តឹង​ភ្ញៀវទេសចរចិន​ខណៈ​ប្រទេស​ចិន​ផ្ទុះ​​ជំងឺ​កូវីដ-១៩​ជា​ថ្មី​ ពលរដ្ឋចិននៅខេត្តស៊ីឈួន (Sichuan) ទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងគ្លីនិកមួយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
រូប៖ Reuters

អ្នកជំនាញសុខាភិបាល និង​មន្ត្រីសង្គមស៊ីវិល​ព្រួយបារម្ភ​ថា កម្ពុជា​អាច​នឹង​ផ្ទុះ​ជំងឺកូវីដ-១៩ (Covid-19) ជាថ្មីទៀត ខណៈ​រដ្ឋាភិបាល លោក ហ៊ុន សែន បើកចំហ​ជើងមេឃ​ទទួល​យក​ភ្ញៀវទេសចរចិន​ឱ្យ​ចូលកម្ពុជា ដោយ​គ្មានវិធាន​ត្រួតពិនិត្យ​តឹងរ៉ឹង ក្នុងគ្រាប្រទេសនេះ​កំពុង​ផ្ទុះ​ជំងឺរាតត្បាត​នេះ​ជាថ្មី។ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​អះអាង​ថា ទេសចរចិន​ជាគោលដៅទីផ្សារ​សេដ្ឋកិច្ចជាតិ ហើយ​រដ្ឋាភិបាល​នឹង​​គ្មាន​វិធានការ​តឹងរ៉ឹង​សម្រាប់​ជនជាតិចិន​នោះទេ។

អ្នកជំនាញផ្នែកសុខាភិបាល​ព្រមានថា ប្រសិន​បើមានការ​រីករាលដាល​នៃ​ជំងឺកូវីដ-១៩ ជាថ្មី​នោះ កម្ពុជា​អាច​នឹង​ប៉ះពាល់​សេដ្ឋកិច្ចជាតិ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​កាន់​តែ​ធ្ងន់ធ្ងរ។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ប្រាប់​វិទ្យុអាស៊ីសេរី​នៅថ្ងៃទី៨ ខែមករា ថា រដ្ឋាភិបាល​ស្វាគមន៍ទេសចរចិន​ឱ្យចូលកម្ពុជា ក្នុងគោលដៅជំរុញ​សេដ្ឋកិច្ចជាតិ​គឺជា​រឿងប្រសើរ។ ប៉ុន្តែ លោក​ស្នើដល់រដ្ឋាភិបាល​គួរតែ​ចាត់វិធាន​តឹងរ៉ឹង​លើ​ផ្នែកសុខាភិបាល​ចំពោះ​ភ្ញៀវទេសចរចិន ខណៈ​ក្នុងប្រទេសចិន​កំពុង​ផ្ទុះការ​រាតត្បាត​ជំងឺកូវីដ-១៩ សារជាថ្មី។ ទន្ទឹមគ្នានេះ លោកក៏​រម្លឹក​ដល់ប្រជាពលរដ្ឋខ្មែរ​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារខ្លួន​ជា​ប្រចាំ​តាមរយៈ​ការពាក់ម៉ាស់ លាងសម្អាតដៃ ព្រោះ​លោកថា​ជំងឺនេះ​នឹង​មិនងាយសាបរលាប​នោះទេ។

អ្នកជំនាញ​ផ្នែកសុខាភិបាល​រូបនេះ ផ្ដល់​ជា​អនុសាសន៍​ថា រដ្ឋាភិបាល​គួរចាត់​មន្ត្រី​ជំនាញផ្នែកសុខាភិបាល​ពង្រាយ​តាម​ច្រកព្រំដែន​ជើងទឹក ផ្លូវគោក និង​ច្រក​ព្រលាន​យន្តហោះ​នៅកម្ពុជា ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​តេស្តខរហ័ស​លើភ្ញៀវទេសចរ​អន្តរជាតិ ជាពិសេស​ជនជាតិចិន​មុន​នឹង​អនុញ្ញា​ឱ្យពួកគេ​ចូល​មក​កម្ពុជា។ លោកយល់​ថា វិធានការ​បែបនេះ​ពុំមែន​ជា​ការរឹតត្បិត​នោះទេ ប៉ុន្តែ​គឺ​ដើម្បីបង្ការ និង​ទប់ស្កាត់ ដើម្បី​កុំឱ្យ​ជំងឺរាលដាល​ឆ្លងដល់​ប្រជាពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ៖

«ការពារ​ប្រសើរ​ជាងព្យាបាល។ រៀបចំ​ប្រព័ន្ធ​ការពារ​តាម​ច្រក​ព្រំដែនត្រូវ​ពិនិត្យ​គាត់ [ទេសចរចិន] ត្រូវតែ​កាត​វ៉ាស​សាំងគាត់ ផាស្ព័រ (Passport) [លិខិតឆ្លងដែន] គាត់​ប្រសិន​បើ​គាត់​មាន​អាហ្នឹង (ជំងឺកូវីដ-១៩) យើង​អត់អាច​រុញគាត់​ចេញ​មកបាន ត្រូវ​ធ្វើ​ចត្តាឡីស័ក និង​ដើម្បី​ឱ្យ​គាត់​នៅ​ប៉ុន្មាន​ថ្លៃព្យាបាល ធ្វើតេស្ត​ទៅ​អត់មាន​ទើប​ឱ្យគាត់​ចេញ​ដើរលេង។ អ៊ីចឹង គួរណាតែ​មន្ត្រីជំនាញ ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង មេត្ដា​គេហៅថា​ដាក់​គិលានដ្ឋាន​តាមច្រកព្រំដែន​ការពារ បងប្អូន​ប្រជាពលរដ្ឋយើង។ ប្រសិនជា បណ្ដោយ​អ៊ីចឹង​កូវីដ នឹងកើត​មក​ស្រុកខ្មែរ​យើង ហើយយើង​ប្រជាជន​តិច បើ​ងាប់អស់ចិន និង​យួន​មកនៅ​ពេញស្រុកខ្មែរ​ឥឡូវហ្នឹង​សាកមើល»

ការព្រមាន​របស់​អ្នកជំនាញផ្នែកសុខាភិបាល​បែបនេះ កើតឡើង​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​មន្ត្រី​ហែហម​របស់​បាន​ស្វាគមន៍​យ៉ាងកក់ក្ដៅ​ចំពោះ​ភ្ញៀវទេសចរចិន​ចូលកម្ពុជា ដោយ​គ្មានការ​ចាត់វិធានការ​តឹងរ៉ឹង​លើផ្នែក​សុខាភិបាល​ឡើយ ខណៈ​អង្គការសុខភាព​ពិភពលោក (WHO) សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត ព្រួយបារម្ភ​ពី​ការរាតត្បាត​ជំងឺកូវីដ១៩ ឡើងវិញ។ គិតត្រឹមថ្ងៃទី៨ ខែមករា ប្រជាពលរដ្ឋចិន​បាន​ចាកចេញ​ពីប្រទេស​របស់ពួកគេ ជាបណ្ដើរៗ​ហើយ បន្ទាប់​ពី​រដ្ឋាភិបាលក្រុងប៉េកាំង (Beijing) បើកប្រទេស​ឡើងវិញ និង​ស្របពេល​ប្រទេស​នេះ​ផ្ទុះជំងឺកូវីដ-១៩ ជាថ្មី។

ទស្សនាវដ្ដី (British Medical Journal) របស់​អង់គ្លេស​ដកស្រង់ខ្លឹមសារ​នៃ​គំរូ​របស់​ក្រុមហ៊ុន Airfinity ដែល​បាន​ព្យាករណ៍​ថា ការ​ផ្ទុះឡើង​នៃ​ជំងឺកូវិដ-១៩ ក្នុង​ប្រទេសចិន​នឹង​ឈានដល់កម្រិត​កំពូល​នៅ​ថ្ងៃទី១៣ ខែមករា នឹង​មាន​ករណី​អ្នកឆ្លងជំងឺថ្មី​ជិត ៤លាន​ករណី (៣.៧លានករណី) ក្នុង​មួយថ្ងៃ និង១០ថ្ងៃ​បន្ទាប់​អាច​នឹង​មាន​មនុស្ស​ស្លាប់ ២ម៉ឺន ៥ពាន់នាក់ (២៥.០០០) ក្នុងមួយថ្ងៃ។ ប្រភព ដដែល​ព្យាករណ៍​ថា ជំងឺនេះ​នឹង​បន្ត​វាយលុប​នៅតំបន់ជនបទ​នៃ​ប្រទេសចិន​កាន់តែខ្លាំង​នឹង​មាន​អ្នកឆ្លង ជាង ៤លាន​ករណី​ក្នុងមួយថ្ងៃ​នៅ​ដើមខែមីនា និង​មានមនុស្សស្លាប់ ជិត ២លាននាក់​នៅ​ទូទាំង​ប្រទេសចិន​នៅ​ចុងខែមេសា ឆ្នាំ២០២៣។

វិទ្យុអាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​សាកសួរ​អំពី​បញ្ហានេះ​បានទេ​នៅថ្ងៃ​ទី៨ ខែមករា។

ប៉ុន្តែ អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ ប្រាប់​វិទ្យុអាស៊ីសេរី​ថា កម្ពុជា​នឹង​គ្មានវិធានការ​តឹងរ៉ឹង​លើ​ភ្ញៀវទេសចរចិន ដូច​បណ្ដាប្រទេស​មួយចំនួន​ទេ។ លោក​ឱ្យ​ដឹងទៀត​ថា សម្រាប់​ឆ្នាំ២០២៣ ក្រសួង​រំពឹងថា នឹង​ទទួល​បាន​ភ្ញៀវទេសចរ​ចិន​ពី ៣០ម៉ឺន ទៅដល់ ៥០ម៉ឺននាក់។ លើសពីនេះ លោកបញ្ជាក់​ថា កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​ក្នុងការ​ទទួល​ទេសចរចិន និង​បង្កភាព​ងាយស្រួល​ដល់​ភ្ញៀវទេសច​រួចរាល់​ហើយ​ដែរ តាមរយៈ​ការពង្រីក​អ្នក​ចេះភាសាចិន​នៅតាម​កន្លែងស្នាក់នៅ​របស់​ជនជាតិចិន និង​លើកទឹកចិត្តភ្ញៀវទេសចរ​ចិន​ចាយប្រាក់​យ័ន​ក្នុងតំបន់មួយចំនួន​នៅ​កម្ពុជា៖

«ចំពោះលក្ខខណ្ឌ​សុខាភិបាល ឬ​ក៏លក្ខខណ្ឌ​អ្វីផ្សេងៗ​គឺ​យើង​មិនមាន​តម្រូវ​ទេ មានន័យថា កម្ពុជា​បើកទូលាយ អត់​លក្ខខណ្ឌ​តម្រូវ​អីទេ គឺ​គ្រប់​ទេសចរ​ដែល​ធ្វើ​ដំណើរ​ចូលកម្ពុជា គាត់​ធ្វើដំណើរ​មក​បាន​ដូច​មុនកូវីដ-១៩ អ៊ីចឹង។ ដោយឡែក កន្លងទៅ ក្នុង​យុទ្ធសាស្ត្រ​ទទួល​ទេសចរចិន​ហ្នឹង ក៏មាន​ការ​សំណូមពរ​ឱ្យ​មាន​ការចាយប្រាក់​យ័នដែរ។ ប៉ុន្តែ មិនមែន​គ្រប់កន្លែង​ទាំងអស់​ទេ អាច​កន្លែង​ខ្លះ​ដែល​ទេសចរចិន​មក​ស្នាក់នៅ កន្លែង​ដែល​គាត់​ហូបចុក​អីហ្នឹង យើង​លើកទឹកចិត្ត​ឱ្យ​មាន​ការទទួល​យក​ប្រាក់យ័ន ដើម្បី​ងាយស្រួល​ធ្វើដំណើរ​មកកាន់​កម្ពុជា»

ទន្ទឹមគ្នានេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្មីៗនេះ ក៏បាន​រិះគន់​ប្រទេសមួយចំនួន​ដែល​ចាត់វិធានការ​រឹតបន្តឹង​លើ​ជនជាតិចិន ដែល​ត្រង់ចំណុច​នេះ​លោកថា វាជា​ឱកាស​សម្រាប់​កម្ពុជា​ទៅវិញទេ ដែល​រំពឹង​ថា នឹង​មានចំនួន​ទេសចរចិន​កាន់តែច្រើន​មក​កម្ពុជា។ កាលពីអំឡុង​ឆ្នាំ២០១៩ ចំនួន​ភ្ញៀវទេសចិន​មក​លេង​កម្ពុជា ចំនួន ២លាន ៣សែននាក់ គិតជា​ទឹកប្រាក់​ប្រមាណ​ជិត ២ពាន់​លានដុល្លារ ($1.8 billion)។

ជុំវិញ​រឿងនេះ​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យ៉ង គិបអេង យល់​ឃើញ​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​នៃ​របាយការណ៍​អន្តរជាតិ​នានា មុននឹង​ទទួល​ភ្ញៀវទេសចរចិន​ដោយ​គ្មាន​ការត្រួតពិនិត្យ ឬ​ធ្វើតេស្ត​រហ័ស​ក្នុងការ​រក​ជំងឺកូវិដ-១៩៖ 

«ពិតមែនហើយ កាលណា​យើង​បើកចំហ​ការ​ចូល​ទេសចរ​វាអាចនាំ​មក​នូវ​សេដ្ឋកិច្ច​មួយផ្នែក។ ប៉ុន្តែ​ប្រសិនជា​ទេសចរ​ហ្នឹងនាំ​មក​នូវ​ហានិភ័យ កូវីដ-១៩​អា​ហ្នឹង​ធ្វើឱ្យ​អាជីវកម្ម សេវាកម្ម អ្នកដែល​រកស៊ីតូចតាច​អាច​បិទទ្វារ​សារជាថ្មី​ អាច​រដ្ឋាភិបាល​នឹង​មានវិធានការ ដើម្បី​ទប់ស្កាត់​កូវីដ-១៩ សារជាថ្មី ហើយ​ធ្វើ​ឱ្យវិស័យ​សេដ្ឋកិច្ច​យើង​ហ្នឹង​កាន់​តែដើរ​ថយក្រោយ ទៅវិញទៀត។ នេះគឺជាហានិភ័យ​មួយផង​ដែរ​បាទ ទាំង​សុខភាព​សាធារណៈ ទាំងបញ្ហា​សេដ្ឋកិច្ច​ក៏យើង​ជួបប្រទះ​ដែរ​ពេលនោះ​បាទ»

អង្គការ​សុខភាព​ពិភពលោក (WHO) សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត ព្រួយបារម្ភ​ពី​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ឡើងវិញ ដោយសារ​អាជ្ញាធរ​ចិន មិនបាន​បញ្ចេញ​ព័ត៌មាន​ច្បាស់​លាស់ ពី​ចំនួន​អ្នក​ឆ្លង អ្នក​ស្លាប់ និង​ប្រភេទ​នៃ​ជំងឺ​កូវីដ​១៩ បំប្លែង​ថ្មី​នោះ​ឡើយ។ ប្រធាន​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃទី៤ ខែមករា បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ចិន​បង្ហាញ​ទិន្នន័យ​ច្បាស់លាស់ និង​ឆាប់រហ័ស​ជុំវិញ​ចំនួន​ពលរដ្ឋ​ចិន ដែល​កំពុង​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ចំនួន​អ្នក​ស្លាប់ជំងឺកូវីដ-១៩ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ឡើងវិញ នៃ​ប្រជាពលរដ្ឋ​ក្នុង​ពិភពលោក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។